(សៀមរាប)៖ នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ រដ្ឋបាលខេត្តសៀមរាប បានទទួលអំណោយរបស់សមាគមសហព័ន្ធអភិវឌ្ឍន៍ដីធ្លី និងសំណង់កម្ពុជា ដើម្បីរួមចំណែកប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
អភិបាលខេត្តសៀមរាប លោក ទៀ សីហា បានថ្លែងអំណរគុណ ចំពោះប្រតិភូសមាគមសហពន្ធ័អភិវឌ្ឍន៍ដីធ្លី និង សំណង់កម្ពុជា ដែលបាននាំយកអំណោយផ្តល់ជូនដល់រដ្ឋបាលខេត្ត ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល ប្រយុទ្ធប្រឆាំងទប់ស្កាត់ និងកាត់ផ្តាច់ការចម្លងមេរោគកូវីដ-១៩ និងដោះស្រាយជីវភាពប្រជាពលរដ្ឋ ដែលងាយរងគ្រោះក្នុងខេត្តសៀមរាប។
លោកអភិបាលខេត្តបានលើកឡើងថា រដ្ឋបាលខេត្តសៀមរាប ក្រោមការដឹកនាំយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែង និងខិតខំប្រឹងប្រែងពន្យល់ណែនាំអប់រំជារឿយៗនូវវិធីសាស្ត្រនិងការណែនាំនានារបស់ក្រសួងសុខាភិបាលក៏ដូចជាវិធានការផ្សេងៗ របស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងបង្កាទប់ស្កាត់ជម្ងឺកូវីដ-១៩។
ជាក់ស្តែងបច្ចុប្បន្ននេះ រដ្ឋបាលខេត្តសៀមរាប បាននឹងកំពុងយកចិត្តទុកដាក់អនុវត្ត វិធានការបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដប្រភេទថ្មី (អូមេក្រុង) តាមរយៈការនាំចូល។ លោក ទៀ សីហា បានបន្តថា បញ្ហាការប្រយុទ្ធប្រឆាំងបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ គឺជាបញ្ហារួមរបស់យើងទាំងអស់គ្នា មិនមែនជាបញ្ហារបស់បុគ្គលណាម្នាក់ឡើយ ទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ ប្រជាពលរដ្ឋទូទៅ ត្រូវតែចូលរួម បង្ការទប់ស្កាត់ជំងឺឆ្លងដ៏កាចសាហាវនេះ។
បណ្ឌិត ឡី សុភាព ប្រធានសមាគមសហព័ន្ធវិនិយោគិនកម្ពុជា និងជាប្រធានសមាគមសហពន្ធ័អភិវឌ្ឍន៍ដីធ្លី និង សំណង់កម្ពុជា មានប្រសាសន៍ថា អំណោយនៅពេលនេះ គឺដើមី្បសម្រាប់ប្រើប្រាស់ក្នុងគ្រាដ៏លំបាកនៃឆ្លងជំងឺកូវីដ-១៩ ក្នុងគោលបំណងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ជាពិសេសរដ្ឋបាលខេត្តសៀមរាបតែម្តង ក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងទប់ស្កាត់ និង កាត់ផ្តាច់ការចម្លងវីរុសនៃជម្ងឺកូវីដ-១៩។
អំណោយដែលប្រគល់ជូនរដ្ឋបាលខេត្តនៅពេលនោះ រួមមាន៖ ជែលលាងសម្អាតដៃ ០៩កេស, មីជាតិ ៥០កេស, ទឹកស៊ីអ៉ីវ និងទឹកត្រី ៥០យួរ, ត្រីខ ០៥កេស, ទឹកសុទ្ធ ៥០កេស និងម៉ាស៊ីនបាញ់សម្លាប់មេរោគ ០១គ្រឿង រួមនឹងថ្នាំសម្លាប់មេរោគ ០២ធុង៕