(ភ្នំពេញ)៖ នៅសល់រយៈពេល ៧ឆ្នាំទៀត ព្រឹត្តិការណ៍ប្រកួតកីឡាថ្នាក់តំបន់អាស៊ីអាគ្នេយ៍ SEA Games នឹងចាប់ ផ្តើមដំបូងនៅកម្ពុជា ដែលនឹងប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ និងទូទាំងខេត្តចំនួន៦ផ្សេងទៀតនៅកម្ពុជា នេះបើយោងតាមសេចក្តីប្រកាសផ្លូវការ នៃលទ្ធផលក្នុងកិច្ចប្រជុំគណៈ រដ្ឋមន្រ្តី នាថ្ងៃសុក្រ ទី២២ ខែមេសា ឆ្នាំ២០១៦ នេះ ។
ការរៀបចំធ្វើម្ចាស់ផ្ទះ នៃកីឡាអន្តរជាតិរយៈពេល២ឆ្នាំម្តងនេះ គណៈរដ្ឋមន្រី្តបានសម្រេចជ្រើសរើសយកខែធ្នូ ជាពេល ចាប់ផ្តើម ព្រោះក្នុងអំឡុងខែធ្នូ គ្មានភ្លៀង និងធាតុអាកាសកម្រិតមធ្យមថែមទៀតផង ចាប់ពីថ្ងៃទី១-១៥ ខែធ្នូ ឆ្នាំ ២០២៣ ដោយធ្វើឡើងនៅទីក្រុងភ្នំពេញ និងខេត្តមួយចំនួនដូចជា កំពត កែប តាកែវ សៀមរាប បាត់ដំបង និងខេត្ត កំពង់ចាម ដែលរំពឹងថា នឹងមានអ្នកចូលរួមសរុបប្រមាណ ១០,០០០នាក់ ក្នុងនោះមានកីឡាករប្រមាណ ៧,០០០នាក់ រួមជាមួយមន្រ្តី ប្រតិភូអម ភ្ញៀវអង្គការកីឡា និងភ្ញៀវឥស្សរជនជាន់ខ្ពស់ថែមទៀត ។
ទន្ទឹមគ្នានោះ ក្រុមគ្រួសារចលនាអូឡាំពិក ប្រតិភូគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) សហព័ន្ធកីឡាអន្តរជាតិ (IFs) ក្រុមប្រឹក្សាស៊ីហ្គេម (SEAGF Council) និងអង្គការកីឡាអន្តរជាតិដទៃទៀត ប្រមាណ ៣,០០០នាក់ សុទ្ធសឹងតែមានវត្តមាននៅកម្ពុជានាឱកាសនោះ ។
សូមបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ២០២៣ នឹងបង្ហាញមុខ មាត់កម្ពុជាជាថ្មី (GDP) ចំណូលមធ្យមកម្រិតទាប ទៅ (GDP) ចំណូលកម្រិតមធ្យម និងដណ្តើមឧត្តមភាពកីឡា SEA Games ឆ្នាំ២០២៣ នៅទីក្រុងភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ធ្វើឲ្យកម្ពុជា ក្លាយទៅជាប្រទេសមានសក្តានុពល ទេសចរណ៍វប្បធម៌ នយោបាយ និងសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក ៕