(ភ្នំពេញ)៖ សាលាភូមិន្ទរដ្ឋបាល បានរៀបចំការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់លើកទី១២ លើវិញ្ញាសាសរសេរលើកទី១ នៅមណ្ឌលប្រឡងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដែលមានបេក្ខជនចូលរួមប្រឡងចំនួន ២៤៣២អង្គ/នាក់ (ស្រី ៨៩២នាក់) ក្នុងនោះមានព្រះសង្ឃចំនួន ១២៧អង្គ និងមន្ត្រីរាជការចំនួន៦៩៤នាក់ ត្រូវបានបែងចែកចេញជា ៧៩បន្ទប់។

មុននឹងចាប់ផ្តើមដំណើរការប្រឡង លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈមេប្រយោគ រួមជាមួយ លោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ ជានាយកសាលាភូមិន្ទរដ្ឋបាល និងជាប្រធានមណ្ឌលប្រឡងសម្រាប់ដំណើរការនៃការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់លើកទី ១២ នៃសាលាភូមិន្ទរដ្ឋបាល ព្រមទាំង អស់លោក លោកស្រី ដែលជាសមាជិក-សមាជិកា គណៈមេប្រយោគ មណ្ឌលប្រឡង និង គណៈកម្មការចេញវិញ្ញាសា បានអញ្ជើញចូលរួមណែនាំអំពីគោលការណ៍នីតិវិធី និងពិនិត្យដំណើរការប្រឡង ដើម្បីធានាដល់ភាពសុក្រឹតត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាពសម្រាប់បេក្ខជនដែលចូលរួមប្រឡង។

ការប្រឡងនេះបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ ដែលត្រូវបានរៀបចំឡើងយ៉ាងម៉ត់ចត់ ដោយមានកិច្ចសហការចូលរួមពីអង្គភាពប្រឆាំងអំពើពុករលួយ តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ តំណាងគ្រឹះស្ថានសិក្សា ដើម្បីចូលរួមពិនិត្យអំពីដំណើរការនៃការប្រឡង។ ការប្រឡងបានប្រព្រឹត្តទៅដោយរលូន ធានាបានសុវត្ថិភាព និងបង្ការជំងឺកូវីដ-១៩ តាមវិធានការសុខាភិបាល៕