(កំពង់ឆ្នាំង)៖ ក្នុងពេលអញ្ជើញបើកវិញ្ញាសារប្រឡងសញ្ញាបត្រទុតិយភូមិនៅក្នុងវិទ្យាល័យក្រុងកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ លោក ស៊ុន សុវណ្ណរិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានផ្ដាំផ្ញើដល់បេក្ខជនប្រឡងទាំងអស់ ត្រូវយកចិត្តទុកដាក់ប្រមូលនូវចំណេះដឹងដែលខ្លួនមាន ដើម្បីប្រឡងយកសញ្ញាបត្រ សម្រាប់ធ្វើការងារចិញ្ចឹមជីវិត។
លោកអភិបាលខេត្ត បានណែនាំប្អូនៗជាបេក្ខជនប្រឡងកុំលួចចម្លងគ្នា និងសុំកុំលួចមើលវិញ្ញាសាដាក់ប្រ៊ីយ៉ុងតាមខ្លួន ដែលករណីនេះប្រសិនបើគណៈកម្មការរៀបចំការប្រឡង ពិសេសអង្គភាពប្រឆាំងអំពើពុករលួយចាប់បាន នឹងធ្លាក់ដោយស្វ័យប្រវត្តិ។
ជាមួយនេះដែរ លោកបានណែនាំដល់បេក្ខជនរក្សាសណ្ដាប់ធ្នាប់ របៀបរៀបរយ និងគោរពវិន័យឲ្យបានល្អក្នុងពេលប្រឡង។ ជាចុងក្រោយលោកបានអំពាវនាវឲ្យចូលរួមទាំងអស់គ្នាក្នុងការអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល គឺ «៣កុំ និង៣ការពារ» ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ទាំងអស់គ្នា។
ដោយឡែកសម្រាប់ការត្រួតពិនិត្យវិញ្ញាសារប្រឡង គឺបានដំណើរការទៅតាមកម្មវិធីដែលគ្រោងទុក ដោយមានគណៈកម្មាការប្រឡងថ្នាក់ខេត្ត ថ្នាក់ជាតិចូលរួមត្រួតពិនិត្យដាក់វិញ្ញាសារ គឺមានសុវត្ថិភាពល្អដោយមានការចូលរួមចុះហត្ថ លេខាពីបេក្ខជនប្រឡងទទួលស្គាល់ជាផ្លូវការផងដែរ។
លោក ស៊ឹម ប្រឹម ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា សម្រាប់សម័យប្រឡងសញ្ញាបត្រទុទិយភូមិឆ្នាំសិក្សា២០២១នេះ ខេត្តកំពង់ឆ្នាំងមានបេក្ខជនប្រឡងចំនួន៤០៦១នាក់ ដោយចែកចេញជា ៨មណ្ឌល និងមាន១៦៣បន្ទប់៕