(ភ្នំពេញ)៖ លោក វ៉ាង យី រដ្ឋមន្រ្តីក្រសួងការបរទេសចិន បានថ្លែងបង្ហាញនូវការជឿជាក់របស់លោកថា ប្រទេសកម្ពុជា នឹងបន្តរីកចម្រើនកាន់តែខ្លាំងថែមទៀត ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា។
ថ្លែងប្រាប់ក្រុមអ្នកព័ត៌មាននៅក្នុងសន្និសីទព័ត៌មានក្រោយជួបសំណេះសំណាលការងារជាមួយលោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦នេះ លោក វ៉ាង យី បានថ្លែងគូសបញ្ជាក់ថា រាជធានីភ្នំពេញ មានការរីកចម្រើនខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយប្រទេសចិន ក៏មានក្តីរីករាយផងដែរក្នុងការធ្វើជាមិត្តដ៏ល្អរបស់កម្ពុជា។
លោក វ៉ាង យី ជឿជាក់ថា កម្ពុជា នឹងកាន់តែរីកចម្រើនលូតលាស់ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។ លោកថ្លែងបញ្ជាក់ដូច្នេះ «ភាគីចិនជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ប្រទេសកម្ពុជាមុខជានឹងទទួលសមិទ្ធផលអភិវឌ្ឍកាន់តែច្រើនទៀត»។
ចំពោះទំនាក់ទំនងរវាងកម្ពុជា-ចិនវិញ លោក វ៉ាង យី បានចាត់ទុកថា ជាទំនាក់ទំនងដ៏ល្អមួយ ដែលមានការយោគយល់ និងអធ្យាស្រ័យខ្ពស់ជាមួយគ្នា។ លោក វ៉ាង យី ក៏បានថ្លែងអំណរគុណផងដែរ ដល់កម្ពុជា ដែលតែងតែគាំទ្រចិននៅក្នុងបញ្ហាសំខាន់ៗ។
លោករដ្ឋមន្រ្តីការបរទេសចិន បានប្រកាសថា ចិននឹងគាំទ្រកម្ពុជា រក្សាស្ថេរភាព រក្សាអធិបតេយ្យភាព និងកិត្តិយសរបស់កម្ពុជា ជាពិសេសជួយកម្ពុជា ឲ្យអភិវឌ្ឍប្រទេសបានកាន់តែរីកចម្រើនជឿនលឿនថែមទៀត។
សូមបញ្ជាក់ថា កម្ពុជា-ចិន បានភ្ជាប់ទំនាក់ទំនងជាមួយគ្នានៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨ បន្ទាប់ពីការជួបគ្នារវាងសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងលោកនាយករដ្ឋមន្រ្តីចិន ជូ អេងឡាយ នៅក្នុងសន្និសីទមិនចូលបក្ខសម្ព័ននៅទីក្រុងបានឌុង ប្រទេសឥណ្ឌូនេស៊ី ឆ្នាំ១៩៥៥។ តាមរយៈទំនាក់ទំនងល្អប្រសើរនេះ កម្ពុជា-ចិន បានពង្រីកទំនាក់ទំនងជាមួយគ្នាឲ្យទៅដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយនៅឆ្នាំ២០១០ ហើយប្រទេសចិន គឺជាប្រទេស ដែលបានផ្តល់ជំនួយច្រើនជាងគេសម្រាប់អភិវឌ្ឍនៅកម្ពុជា៕