(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១នេះ បានប្រាប់អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានខិតខំប្រឹងប្រែងស្វែងរកវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ដល់ភ្នាក់ងារសន្ដិសុខឯកជន។
ក្នុងឱកាសអញ្ជើញបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជន លើកទី៣២ បន្ទាប់ពីខកខានមួយរយៈដោយសារការរីករាលដាលជំងឺកូវីដ១៩នោះ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ជំនួសមុខឲ្យភ្នាក់ងារសន្ដិសុខឯកជន បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែងនេះ ហើយឲ្យភ្នាក់ងារសន្ដិសុខឯកជន ក៏ដូចជាប្រជាពលរដ្ឋបានទទួលនូវការចាក់វ៉ាក់សាំងគ្រប់ដូសមូលដ្ឋាន រហូតដល់ដូសជំរុញ ឬដូសទី៣ ថែមទៀតផង។
លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានថ្លែងបែបនេះថា «ដោយសារបញ្ហាទាំងនេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ស្នើសុំជំនួយ និងបញ្ជាទិញនូវវ៉ាក់សាំងការពារជំងឺកូវីដ១៩ តាមរយៈភាគីមិត្ត និងយន្តការកូវ៉ាក់ ក៏បានជំនួយជាបន្តបន្ទាប់ និងចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋទូទាំងប្រទេស ប្រមាណ៩៥ភាគរយ គិតចាប់ពីក្មេងអាយុ៥ឆ្នាំឡើងទៅ»។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ក៏បានគូសបញ្ជាក់អំពីការចូលរួមរបស់ភ្នាក់ងារសន្ដិសុខឯកជន នៅក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ១៩ ពិសេសនៅពេលបិទខ្ទប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល ដែលពេលនោះភ្នាក់ងារសន្ដិសុខឯកជន បានចូលរួមជាមួយកងកម្លាំងមានសមត្ថកិច្ច ដើម្បីអនុវត្តវិធានការបន្ទាន់ផ្សេងៗរបស់រាជរដ្ឋាភិបាល។
លោកបន្ថែមទៀតថា បន្ទាប់ពីបញ្ចប់ការបិទខ្ទប់ ហើយរហូតមកដល់ពេលបច្ចុប្បន្ននេះ ភ្នាក់ងារសន្ដិសុខឯកជន ដែលប្រចាំការនៅតាមគោលដៅផ្សេងៗ ក៏នៅតែបន្ដចូលរួមអនុវត្តបានយ៉ាងត្រឹមត្រូវថែមទៀត នូវវិធានការសុខាភិបាល ពិសេសការចាំបាច់វាស់កម្ដៅ និងបាញ់អាល់កុលជាដើម នៅពេលប្រជាពលរដ្ឋចេញចូលទីតាំងណាមួយ ដែលខ្លួនកំពុងតែបំពេញការងារ។
លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានសង្កត់ធ្ងន់ថា វិស័យសន្តិសុខឯកជនមានសារៈសំខាន់ដែលមិនអាចកាត់ផ្តាច់បាន វិស័យសន្តិសុខឯកជនេះ ត្រូវមានគុណភាព និងគុណប្រយោជន៍ខ្ពស់ សម្រាប់កិច្ចការពារថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ដូច្នេះភ្នាក់ងារសន្តិសុខឯកជនទាំងអស់ ត្រូវតែមានសមត្ថភាព ការយល់ដឹង និងមានវិជ្ជាជីវៈច្បាស់លាស់ ដែលជាភ្នាក់ងារសន្តិសុខឯកជន ពោពេញទៅដោយសមត្ថភាពពេញលេញ ទើបអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលមាននាយកដ្ឋានគ្រប់គ្រប់គ្រងសន្តិសុខឯកជន ជាសេនាធិការ ធ្វើការរៀបចំវគ្គបំប៉នជំនាញនេះឡើង ក្នុងគោលបំណងសំខាន់គឺ ស្វែងយល់អំពីភារកិច្ច និងកាតព្វកិច្ចរបស់វិស័យសន្តិសុខឯកជន លើការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងពង្រឹងសមត្ថភាពភ្នាក់ងារសន្តិសុខឯកជន ឲ្យកាន់តែល្អប្រសើរឡើង សំដៅធ្វើឲ្យមានប្រសិទ្ធិភាពខ្ពស់ក្នុងកិច្ចការពារសន្តិសុខសង្គម។
លោកប្រធាននាយកដ្ឋានរូបនេះ ក៏បានបង្ហាញនូវការកោតសរសើរយ៉ាងស្មោះស្ម័គ្រ និងលើកទឹកចិត្តដល់ ភ្នាក់ងារសន្តិសុខឯកជនទាំងអស់ ដែលបានយកចិត្តទុកដាក់ចូលរួមការពារ ថែរក្សា សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ទ្រព្យសម្បត្តិ អាយុជីវិតប្រជាពលរដ្ឋ និងបានចូលរួមផ្សព្វផ្សាយ និងអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ជាពិសេស ភ្នាក់ងារសន្តិសុខឯកជន បានចូលរួមការបិទខ្ទប់ ភូមិសាស្រ្តរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់កូវិដ១៩ តាមបណ្តាលគោលដៅសំខាន់ៗកន្លងមក។
សូមជម្រាបថា កាលពីមិនទាន់មានជំងឺកូវីដ១៩ រីករាលដាល នាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន ដោយមានការអនុញ្ញាតពី នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ គឺតែងតែបើកនូវវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជន ជារៀងរាល់ខែយ៉ាងទៀងទាត់ ប៉ុន្ដែក៏ត្រូវផ្អាកមួយរយៈទៅវិញ ដោយសារជំងឺកូវីដ១៩ ហើយបច្ចុប្បន្ននេះក៏ចាប់ផ្ដើមដំណើរការឡើងវិញ៕