(ភ្នំពេញ)៖ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១នេះ ជាថ្ងៃទី១ នៃដំណើរការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដែលមានបេក្ខជនប្រឡងជាង១១ម៉ឺននាក់ និងបន្ទប់ប្រឡង ៤,៦១៦បន្ទប់ នៅតាមមណ្ឌលប្រឡង ក្នុងរាជធានីភ្នំពេញ ក៏ដូចនៅតាមបណ្តាខេត្ត ទូទាំងប្រទេស។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្នុងបរិវេណវិទ្យាល័យព្រះសីសុវត្ថិ នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១នេះ អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានអះអាងថា ទោះបីជាដំណើរការ ប្រឡងបាក់ឌុបនៅឆ្នាំនេះ ក្នុងបរិបទកូវីដ-១៩យ៉ាងណាក្ដី ACU នៅតែបន្ដអនុវត្ដ ដូចការប្រឡងបាក់ឌុប នាពេលកន្លងមក។
លោក ឃាង សេង អនុប្រធាន ACU បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំចង់បញ្ជាក់ថា យើងគោរពគោលការណ៍ ដូចការប្រឡងក្នុងក្របខណ្ឌ នាពេលកន្លងមក។ ទាំងការងារ ទាំងអ្នកអនុវត្ដច្បាប់ ជាពិសេសក្រសួងអប់រំ ជាតួអង្គកណ្ដាល និងអ្នកចូលរួមទាំងអស់ ត្រូវតែទទួលបន្ទុកអនុវត្ដ ក្នុងបរិបទនេះ ត្រូវតែធ្វើដូចពីមុនៗដែរ»។
អនុប្រធាន ACU រូបនេះ បានឲ្យដឹងផងដែរថា តាមការសង្កេតរបស់អង្គភាពប្រឆាំងអំពើពុករលួយ តាំងពីដឹកវិញ្ញាសាចេញ តាំងពីថ្ងៃទី២៤ រហូតមកដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១នេះ ឃើញថា មានដំណើរការល្អ។
លោក ឃាង សេង បានឲ្យដឹងទៀតថា មណ្ឌលនីមួយៗ និងតាមខេត្តនីមួយៗ មានរបាយការណ៍ប្រចាំថ្ងៃ ដែលបញ្ជាក់អំពីការរក្សាទុក នូវហិបវិញ្ញាសានៅតាម ខេត្ដ-រាជធានី។ លោកថា «មកដល់ម៉ោងនេះ យើងមិនទាន់មានបាតុភាពណាមួយ មិនប្រក្រតីនោះទេ»។
ជាមួយគ្នានេះ លោក ឃាង សេង បានបញ្ជាក់ថា អ្នកសង្កេតការណ៍អង្គភាពក្នុងមួយខេត្ដ ACU បញ្ជូនតែ៣រូបនោះទេ ដោយសរុបទាំងអស់ជាង៧៥នាក់ ប៉ុន្ដែ អង្គភាពប្រឆាំងអំពើពុករលួយមានកម្លាំងសម្ងាត់ ដែលជួយគាំទ្រកម្លាំងជំហរ ដើម្បីប្រមូលព៌ត៌មានបន្ថែមទៀត។
លោក សាយ សំអាល់ អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានឲ្យដឹងថា ក្នុងដំណើរការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំនេះ ស.ស.យ.ក បានចូលរួមផ្ដល់កម្មវិធីបំប៉ន់ ដល់សិស្សានុសិស្ស និងចូលរួមសង្កេតការណ៍ ក្នុងដំណើរការប្រឡងនេះ។
លោក សាយ សំអាល់ បានបន្ថែមទៀតថា ចំពោះដំណើរការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២១នេះ លោកជឿជាក់លើសិស្សានុសិស្ស និងជឿជាក់លើការរៀបចំ របស់ក្រសួងអប់រំ យុវជន និងកីឡា។
សូមបញ្ជាក់ថា ក្នុងឆ្នាំសិក្សា ២០២០-២០២១ មានបេក្ខជនចុះឈ្មោះប្រឡងសរុប ១១៤ ១៨៣នាក់ ស្រី ៦០ ៣៩៧នាក់ ដោយមណ្ឌលប្រឡងមានចំនួនសរុប ២០៤ មណ្ឌលត្រូវជា ៤ ៦១៦ បន្ទប់។ បេក្ខជនត្រូវបានរៀបចំចំនួន២៥នាក់ ក្នុងមួយបន្ទប់។
ដើម្បីធានាបានថា ការប្រឡងប្រព្រឹត្តទៅដោយរលូន ក្រសួងអប់រំ បានពង្រឹងកិច្ចសហការយ៉ាងស្អិតរមួតជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលមានដូចជា ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល កងរាជអាវុធហត្ថ អង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា អគ្គីសនីកម្ពុជា និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ។
ការកំណត់និទ្ទេសមាន៥ កម្រិត គឺនិទ្ទេស A, B, C, D និង E ។ ការកំណត់និទ្ទេសមានដូចខាងក្រោម៖
* និទ្ទេស A ល្អប្រសើរ = ពិន្ទុសរុប គុណនឹង ០.៩
* និទ្ទេស B ល្អណាស់ = ពិន្ទុសរុប គុណនឹង ០.៨
* និទ្ទេស C ល្អ = ពិន្ទុសរុប គុណនឹង ០.៧
* និទ្ទេស D ល្អបង្គួរ = ពិន្ទុសរុប គុណនឹង ០.៦
* និទ្ទេស E មធ្យម = ពិន្ទុសរុប គុណនឹង ០.៥។
ក្រសួងអប់រំ បានកំណត់យកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ ពេលរសៀល សម្រាប់ប្រកាសលទ្ធផលប្រឡង នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល និងនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ សម្រាប់ខេត្តផ្សេងៗ៕