(ភ្នំពេញ)៖ ដំណើរការនៃការប្រឡងបាក់ឌុបឆ្នាំនេះ បានដំណើរការទៅដោយរលូន គ្មានអ្វីជាឧបសគ្គឡើយ។ នេះគឺដោយសារយើង មានខ្សែក្រវាត់ការពារគ្រប់គ្រាន់ ដែលអាចឲ្យដំណើរការនៃការប្រឡងបាក់ឌុបឆ្នាំនេះ ទទួលបាននូវភាពរលូន និងជោគជ័យ បើទោះបីជំងឺកូវីដ-១៩ នៅតែបន្តការរីករាលដាលយ៉ាងណាក្តី។
នេះបើតាមការលើកឡើង របស់លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ខណៈដែលលោកអមដំណើរ ដោយលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ តំណាងឲ្យលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ឃាង សេង អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ចុះបើកវិញ្ញាសារប្រឡងបាក់ឌុបនេះ នៅវិទ្យាល័យព្រះស៊ីសុវត្ថិ នាព្រឹកថ្ងៃទី២៧ ខែធ្នូឆ្នាំ២០២១។
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានលើកឡើងថា សម្រាប់កម្ពុជា ការគ្រប់គ្រងជំងឺកូវីដ-១៩ បានល្អប្រសើរ ដោយសារតែប្រជាពលរដ្ឋទាំងអស់ ត្រូវបានចាក់វ៉ាក់សាំងប្រមាណជា៩០ភាគរយ ហើយក្នុងចំនួននេះ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សស្ទើរតែ១០០ភាគរយហើយដែរ ដែលបានចាក់បាក់សាំង ការពារជំងឺកូវីដ-១៩។
លោកបន្ដថា កត្តាទាំងនេះ បានធ្វើឲ្យកម្ពុជា ដំណើរការទៅដោយប្រក្រតីមិនមានអ្វីដែលជាការរាំងស្ទះនោះទេ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ក៏យើងនៅតែតម្រូវ ឲ្យអនុវត្តនូវវិធានរបស់ក្រសួងសុខាភិបាល ពិសេសគឺការអនុវត្ត៣កុំ និង៣ការពារ របស់សម្ដេចតេជោ ហ៊ុន សែន។
លោកបណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន បានបន្តទៀតថា «អ្វីដែរមិនមានហានិភ័យនោះ គឺយើងមានខ្សែក្រវាត់ការពារគ្រប់គ្រាន់ ក្នុងនោះខ្សែក្រវាត់ទី១ គឺយើងបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ បានស្ទើតែ១០០% ខ្សែក្រវ៉ាត់ទី២ យើងបន្តពាក់ម៉ាសគ្រប់គ្នា និងគ្រប់ពេល និងទី៣ យើងបានលាងដៃជាមួយសាប៊ូ អាកុល ជែលជាប់ជាប្រចាំ។ ខ្សែក្រវាត់ទាំងទី៣ គឺជាយ័ន្តការពារជំងឺកូវីដ-១៩យ៉ាងល្អប្រសើរបំផុត»។
លោកបណ្ឌិត សភាចារ្យ ហង់ជួនណារ៉ុន បានបញ្ជាក់ទៀតថា ក្នុងព្រឹត្តិការណ៍នៃការប្រឡងបាក់ឌុបឆ្នាំនេះ មានបេក្ខជនចុះឈ្មោះប្រឡងសរុប ១១៤ ១៨៣នាក់ ស្រី ៦០ ៣៩៧នាក់មាន មណ្ឌលសំណេរចំនួនសរុប ២០៤ មណ្ឌល ត្រូវជា ៤៦១៦ បន្ទប់។ ក្នុងចំនួននេះ មានបេក្ខជន២រូប មានផ្ទុកជំងឺកូវីដ-១៩ នៅក្នុងនោះ មានម្នាក់ផ្ទុកជំងឺកូវីដ-១៩ ប្រភេទ អូមីក្រុង ពួកគាត់ជាកីឡាករ ការ៉ាត់តេដូមកពីប្រទេស កាហ្សាស្ថាន។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ពួកគាត់ទាំងពីរនាក់ នៅតែទទួលបានការប្រលងបាក់ឌុបនេះផងដែរ។ តែយើងបានដាក់ពួកគាត់ ឲ្យនៅដាច់ដោយឡែកពីគេឯង គឺឲ្យពួកគាត់ប្រឡង នៅក្នុងមជ្ឈមណ្ឌលព្យាបាល ជំងឺកូវីដ-១៩ នៃមជ្ឈមណ្ឌលព្យាបាលជំងឺរបេង ជាមួយនឹងការយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យផងដែរ។
លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងកាលពីពេលថ្មីៗនេះថា សម្រាប់ការប្រឡងបាក់ឌុប នៅថ្ងៃទី២៧ និង២៨ ធ្នូ ឆ្នាំ២០២១នេះ នៅរាជធានីភ្នំពេញ មានមណ្ឌលប្រលងចំនួន ២៨ មណ្ឌល មាន៨៤០បន្ទប់ និងមានបេក្ខជនប្រឡងចំនួន២០៧៥៤នាក់៕