(ប៉េកាំង)៖ ប្រទេសចិនបានប្តេជ្ញាថា នឹងធ្វើការបំពេញបេសកកម្មទៅកាន់ភពអង្គារ ឲ្យបាននៅឆ្នាំ ២០២០ ដើម្បីបើកទំព័រថ្មីនៃឥទ្ធិពលផ្នែកអវកាស និងវិទ្យាសាស្ត្ររបស់ខ្លួន ប្រកួតប្រជែងនឹង មហាអំណាចនានាផ្សេងទៀត។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅរសៀលថ្ងៃសុក្រ ទី២២ ខែមេសា ឆ្នាំ២០១៦។
រដ្ឋបាលអវកាសជាតិ បានប្រកាសដូច្នេះថា «យានរុករក ត្រូវបានគេរំពឹងថានឹងបាញ់បង្ហោះ ទៅកាន់ភពព្រះអង្គារ និងធ្វើការចុះចតលើភពនោះ ដើម្បីធ្វើការស្រាវជ្រាវអ្វីៗគ្រប់យ៉ាងតែម្តង។ យ៉ាងណាក៏ដោយវា ពិតជាពិបាកបន្តិចក្នុងការសម្រេចបានគោលដៅដ៏ធំនេះ ប៉ុន្តែយើងនឹងព្យាយាម សម្រេចកិច្ចការងារនេះឲ្យបានតាមគោលដៅ»។
គួរបញ្ជាក់ បច្ចុប្បន្ននេះប្រទេសដែលនាំមុនក្នុងការស្រាវជ្រាវនៅភពអង្គារ មានដូចជា អាមេរិក និងសហគមន៍អឺរ៉ុប។ ដោយឡែកប្រទេសឥណ្ឌាវិញ គ្រាន់តែបញ្ជូនយានទៅថតរូបភពអង្គារ ហើយត្រឡប់ មកវិញតែប៉ុណ្ណោះ ដោយមិនបានធ្វើការចុះចត ឬរុករកអ្វីៗលើភពនោះឡើយ។ សម្រាប់ប្រទេសចិន បានចាប់ផ្តើម បំពេញបេសកកម្មនៅទីអវកាសដំបូង តាមរយៈពេលការបាញ់បង្ហោះផ្កាយរណប ទៅកាន់ទីអវកាសដំបូងកាលពី ៤៦ឆ្នាំមុន៕