(កណ្តាល)៖ សមាជិក សមាជិកា របស់គណបក្សប្រជាជនកម្ពុជា ដែលទើបប្រកាសបញ្ចូលថ្មីចំនួន១១៥នាក់ នៅសង្កាត់អន្លង់ចិន ក្រុងតាខ្មៅ ខេត្តកណ្តាល បានលើកដៃព្រមទាំងប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះការសម្រេចជាឯកច្ឆ័ន្ធរបស់អង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ ដែលជ្រើសតាំងលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នៅថ្ងៃអនាគត។
ជាមួយគ្នានេះសមាជិកសមាជិកថ្មីទាំងអស់ ក៏សូមប្រកាសពេញទំហឹងចំពោះការគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីបន្តទៀតផងដែរ ដូចអ្វីដែលបានសម្រេចជាឯកច្ឆ័ន្ធរបស់អង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១។
ការប្រកាសគាំទ្របែបចំពោះសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី និងគាំទ្រលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគតនេះ បានធ្វើឡើងនៅពេលដែលសមាជិកសមាជិកាទាំងអស់ ត្រូវបានប្រកាសបញ្ចូល ជាសមាជិកគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១នេះ ក្រោមអធិបតីភាពលោក នុត ពុធដារ៉ា សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្តកណ្តាល និងជាប្រធានក្រុមការងារចុះជួយសង្កាត់កោះអន្លង់ចិន។
លោក នុត ពុធដារ៉ា បានថ្លែងថា «នៅក្នុងឱកាសនោះ តំណាងសមាជិកគណបក្សដែលទើបបញ្ចូលថ្មីទាំង១១៥នាក់ បានធ្វើការប្តេជ្ញាចិត្ត ស្មោះស្ម័គ្រគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅគ្រប់អាណ្ណត្តិ ដើម្បីបន្តរក្សាសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនរបស់ប្រទេសជាតិយើង ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។ ប្តេជ្ញាគាំទ្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី និងគាំទ្រ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី អនាគត»។
លោកប្រធានបានធ្វើការលើកឡើងថា គណបក្សប្រជាជនកម្ពុជាជាគណបក្សដែលមានភាពចាស់ទុំខាងនយោបាយ ជាគណបក្សដែលបានរំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍ និងបាននាំយកនូវសន្តិភាព និងការអភិវឌ្ឍន៍ពេញលេញ ជូនប្រទេសជាតិ និងប្រជាជនកម្ពុជា ជាក់ស្តែងការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ ការចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ជាការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។ ការសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ជាការសម្រេចចិត្តដ៏ត្រឹមត្រូវ បង្ហាញពីការយល់ដឹង និងឆន្ទៈចង់បានសន្តិភាព និងអភិវឌ្ឍបន្តទៅមុខទៀត។
គណៈអធិបតីក៏បានឧបត្ថម្ភដល់សមាជិកសមាជិកថ្មីទាំងអស់ ក្នុងម្នាក់ៗ អាវ១ មួក១ និងថវិកា ២០.០០០រៀលផងដែរ៕