(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១នេះ បានសម្រេចអនុញ្ញាតឲ្យសិស្សដែលមានជំងឺកូវីដ១៩ ហើយត្រូវប្រឡងបាក់ឌុបនៅថ្ងៃទី២៧-២៨ ខែធ្នូ ឆ្នាំ២០២១ អាចប្រឡងបាន ប៉ុន្តែត្រូវប្រឡងដាច់ដោយឡែក ក្នុងមន្ទីរព្យាបាលតែម្តង។
ការថ្លែងរបស់ស ម្តេចតេជោធ្វើឡើង ក្នុងឱកាសដែលសម្តេចអញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ Pfizer ចំនួនជាង ២.៣៥លានដូស ដែលជាជំនួយរបស់ប្រទេសអូស្ត្រាលី។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ថ្ងៃនេះខ្ញុំក៏បានដោះស្រាយករណី ដែលមុននេះអ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា សិស្សដែលកើតកូវីដ គឺមិនអនុញ្ញាតឲ្យមានការចូលប្រឡង ខ្ញុំបានស្នើឲ្យមានការកែតម្រូវ ហើយអនុញ្ញាតឲ្យមានការចូលប្រឡង ក៏ប៉ុន្តែខ្ញុំក៏សុំស្នើកុំវិទ្យាល័យបាក់ទូកដែលមុននេះ គ្រូនៅវិទ្យាល័យបាក់ទូកមានការស្លន់ស្លោ យើងមិនយកសិស្សទាំង២រូបនេះ ដែលបានចេញទៅប្រកួតកីឡា ដោយមានការចាត់តាំងត្រឹមត្រូវពីក្រសួងអប់រំ យុវជន និងកីឡា ទៅធ្វើការប្រឡងនៅវិទ្យាល័យបាក់ទូកទេ ប៉ុន្តែយើងនឹងរៀបចំចាត់ចែងឲ្យមានការប្រឡងនៅមន្ទីរពេទ្យតែម្តង»។
សូមជម្រាបថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ត្រូវរៀបចំឡើងរយៈពេល២ថ្ងៃ គឺថ្ងៃទី២៧-២៨ ខែធ្នូ ឆ្នាំ២០២១។ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២១ មានមណ្ឌលប្រឡងសរុប ២០៤មណ្ឌល ត្រូវជា៤៦១៦បន្ទប់ បេក្ខជនចុះឈ្មោះប្រឡងសរុប ១១៤១៨៣ ស្រី៦០៣៩៧នាក់ គណៈមេប្រយោគ និងគណៈកម្មការនានាចូលរួមក្នុងដំណើរការប្រឡងមានចំនួន ៣១៤៣២នាក់។
សិស្សានុសិស្សទាំងអស់ ដែលត្រូវប្រឡង តម្រូវឱ្យពាក់ម៉ាស វាស់កម្តៅទទួលស្ទីកឃ័រសុខភាពកម្តៅធម្មតា ដែលនេះជាការអនុវត្តតាមសេចក្ដីណែនាំ ប្រតិបត្តិស្ដីពីវិធានការសុខភាព និងសុវត្ថិភាពសម្រាប់ការប្រឡង ដើម្បីធានាបានថា ការប្រឡងប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព ចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩៕