(កំពត)៖ ក្រុមសាមគ្គីផលិតអំបិលនៅមណ្ឌលបឹងទូក ភូមិទទឹងថ្ងៃ ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត សូមគោរពស្នើសុំការអន្តរាគមន៍ដ៏ខ្ពង់ខ្ពស់ពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ឳ្យសាលាខេត្តកំពតផ្ដល់វិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុ ឲ្យក្រុមសាមគ្គីផលិតអំបិលដោយយោងទៅតាមលិខិតលេខៈ ២២៩៦ MIS TI/២០២១ ចុះថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ របស់ក្រសួងឧស្សាហ៍កម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលបានសុំឳ្យសាលាខេត្តកំពត ផ្ដល់ប័ណ្ណកម្មសិទ្ធឳ្យក្រុមសាមគ្គីផលិតអំបិល ប៉ុន្តែមិនទាន់មានចំណាត់ការណាមួយពីសាលាខេត្តកំពតនៅឡើយ។
ទន្ទឹមនេះដីរបស់ក្រុមសាមគ្គីផលិតអំបិល កំពុងត្រូវបានឈ្មោះ គង់ សំណាង និងកូនស្រីឈ្មោះ គង់ ម៉ាល័យ និងបក្សពួកជាមន្ត្រីមានអំណាច និងឥទ្ធិពលឃុបឃិតគ្នា រំលោភបំពានយកដីដែលមាន ស.ជ.ណ រាជរដ្ឋាភិបាលប្រគល់ឳ្យក្រុមសាមគ្គីផលិតអំបិលនេះយកទៅធ្វើជាកម្មសិទ្ធិរបស់ពួកគេ ដោយពួកគេបានសុំឲ្យសាលាដំបូងខេត្តកំពត ចេញដីកាសម្រេចរក្សាការពារហាមឃាត់មិនឲ្យក្រុមសាមគ្គីចុះបញ្ជីក្បាលដី នេះមានន័យថាឈ្មោះ គង់ សំណាង និងកូនស្រីឈ្មោះ គង់ ម៉ាល័យ រួមទាំងបក្សពួក និងសាលាដំបូងខេត្តកំពត កំពុងប្រឆាំងនឹងសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលតាមរយះលិខិតលេខៈ ១៤៣២ ស.ជ.ណ ចុះថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០០៦ របស់ទីស្ដីការគណៈរដ្ឋមន្រ្តី ដែលបានប្រគល់ដីនោះឳ្យមកក្រុមសាមគ្គីផលិតអំបិល និង លិខិតលេខៈ ២២៩៦ MISTI/២០២១ ចុះថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ របស់ក្រសួងឧស្សាហ៍កម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ដែលបានស្នើឳ្យសាលាខេត្តកំពត ផ្ដល់ប័ណ្ណកម្មសិទ្ធិសម្គាល់ម្ចាស់អចលនវត្ថុជូនក្រុមសាមគ្គីផលិត អំបិល ។
សម្តេចតេជោ ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត មានតែសម្តេចទេដែលអាចរកយុត្តិធម៌សម្រាប់ក្រុមសាមគ្គីផលិតអំបិលបាន និងធានាឳ្យបាននូវការគោរពអនុវត្តឳ្យបានត្រឹមត្រូវ នូវលិខិតលេខៈ១៤៣២ ស.ជ.ណ ចុះថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០០៦ របស់ទីស្ដីការគណៈរដ្ឋមន្រ្តី និងលិខិតបទដ្ឋានផ្សេងៗរបស់ក្រសួងពាក់ព័ន្ធ និងមិនឳ្យជនខិលខូចមានអំណាចហ៊ានប្រើឥទ្ធិពលរំលោភបំពានយកដី ស.ជ.ណ ដោយមិនខ្លាចញញើតច្បាប់បាន៕