(ក្រចេះ)៖ ឈើជន្លង់ម្រេចរាប់ពាន់ដើម ដែលឈ្មួញលាក់ទុកនៅវាលស្រែក្រោយផ្ទះ បម្រុងនឹងលក់ឲ្យឈ្មួញបន្ត ត្រូវបានកម្លាំងចម្រុះចុះប្រតិបត្តិការបង្រ្កាបឃាត់បាន នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ ត្រង់ចំណុចភូមិថ្មរាប ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ។
លោក កែវ ចំណាន នាយសង្កាត់រដ្ឋបាលព្រៃឈើកន្ទួត បានឲ្យដឹងថា កម្លាំងចម្រុះដែលចុះបង្រ្កាបនោះ រួមមានកម្លាំងរដ្ឋបាលព្រៃឈើ សង្កាត់កន្ទួត មន្រ្តីផ្នែករដ្ឋបាលព្រៃឈើខេត្តក្រចេះ នរគបាលខេត្តក្រចេះ និងទាហានខេត្តក្រចេះ បានចុះបង្រ្កាប និងរឹបអូសជន្លង់ម្រេចបានជាច្រើនពាន់ដើម ហើយកំពុងដឹកជញ្ជូនចេញពីទីតាំងដែលលាក់ទុកនោះ យកទៅរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើកន្ទួត ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ លោកនាយសង្កាត់ បានបន្ដទៀតថា ជន្លង់ម្រេចទាំងនោះ មិនទាន់ដឹងចំនួនប៉ុន្មានដើមនោះទេ ព្រោះកម្លាំងរបស់លោកកំពុងដឹកជញ្ជូនមិនទាន់រួចរាល់៕