(ប៉ៃលិន)៖ លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១នេះ បានចុះជួបសំណេះសំណាលសួរសុខទុក្ខ ក៏ដូចជាបាននាំយកអាវរងា និងអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ប្រគល់ជូនដល់ចាស់ជរា ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ដោយសារវិបត្តិកូវីដ១៩ និងប្រជាករពារភូមិចំនួន៨៤៧គ្រួសារ នៅក្នុងឃុំទាំងបួន នៃស្រុកសាលាក្រៅ។
នាឱកាសនោះដែរ លោកស្រី បាន ស្រីមុំ បានផ្ដាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករលឹក អាណិតអាសូរក្រៃលែងពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលសម្ដេចប្រធាន ជាមាតាមនុស្សធម៌កម្ពុជា តែងតែគិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះដោយគ្រោះមហន្តរាយ និងឧបទ្ទេហេតុផ្សេងៗ នៅទូទាំងប្រទេសគ្រប់ពេលវេលា ដោយមិនមានការរើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការ នយោបាយអ្វីឡើយ ជាពិសេសមិនបណ្តោយឱ្យពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយ មិនបានដឹង និងមិនបានជួយដោះស្រាយនោះឡើយ។ ជាក់ស្តែងនៅក្នុងរដូវរងានេះ សម្តេចទាំងទ្វេរបានប្រគល់អាវរងា និងថវិកាមួយចំនួន ជូនដល់លោកតា លោកយាយ ជនពិការ និងប្រជាការពារភូមិ ដែលបានខិតខំលះបង់កម្លាំងកាយចិត្តចូលរួមចំណែកការពារសន្តិសុខ សណ្តាប់ក្នុងភូមិ ។
លោកស្រីបានបន្តថា កន្លងមកសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន បានជំរុញគ្រប់សកម្មភាពការងារមនុស្សធម៌ ឱ្យអនុវត្តន៍ទៅដោយរលូន និងមានប្រសិទ្ធភាពខ្ពស់ ដោយប្រកាន់ភ្ជាប់នូវគោលការណ៍គ្រឹះទាំង០៧ប្រការ របស់ចលនាកាកបាទក្រហមកម្ពុជា ក្នុងការឆ្លើយតបបានទាន់ពេលវេលាចំពោះជនរងគ្រោះ និងជនងាយរងគ្រោះ ព្រមទាំងបានផ្តល់ជាសម្ភារៈគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនដល់ ប្រជាពលរដ្ឋដែលរងគ្រោះ ដោយសារឧបទ្ទេវហេតុ ផ្សេងៗដូចជា៖ ខ្យល់កន្ត្រាក់ គ្រោះរាំងស្ងួត ទឹកជំនន់ គ្រោះអគ្គីភ័យ គ្រោះថ្នាក់ចរាចរណ៍ ប្រជាពលរដ្ឋមានជីវភាព ខ្វះខាត គ្រួសារជនពិការ កុមារកំព្រា អ្នករស់នៅជាមួយ មេរោគ អេដស៍ ចាស់ជរាគ្មានទីពឹង និងគ្រួសារសពខ្វះខាត ជាដើម ជាពិសេសបានចូលរួមយ៉ាងសកម្ម ក្នុងការទប់ស្កាត់ការចម្លងរីករាលដាលនៃជម្ងឺកូវីដ១៩ ក៏ដូចជាមេរោគបំប្លែងថ្មី អូមីក្រុង ហើយជាក់ស្តែងនាពេលនេះ បើទោះបីជាអំណោយស្បៀងទាំងនេះមិនបានបំពេញតាមតំរូវការរបស់បងប្អូនពិតមែន តែក៏អាចដោះស្រាយបានមួយកំរិតផងដែរ ក្នុងកាលៈទេសៈវិបត្តិកូវីដ១៩នេះ។
លោកស្រី បាន ស្រីមុំ បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់ទៅលើបញ្ហាសុខភាព ដោយត្រូវរក្សាអនាម័យក្នុងការរស់នៅជាប្រចាំ ដូចជា៖ លាងដៃនឹងសាប៊ូ ហូបទឹកឆ្អិន និងសម្រានក្នុងមុងជានិច្ច ដើម្បីចៀសវាងការកើតមានជំងឺតម្កាត់ផ្សេងៗ ជាពិសេសជំងឺកូវីដ១៩ ដែលយើងត្រូវរួមគ្នាប្រយុទ្ធប្រឆាំង បង្ការទប់ស្កាត់ ការពារការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ បំលែងថ្មី (អូមីក្រុង) នៅក្នុងសហគមន៍ ហើយត្រូវរួមគ្នាអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការ ការពាររបស់សម្តេចតេជោ គឺ «៣ការពារ និង៣កុំ» ក្នុងនោះបើបងប្អូនមានបញ្ហាសុខភាព ឬករណីសង្ស័យ សូមប្រញ៉ាប់ប្រញាល់ រាយការណ៍មកអាជ្ញាធរមូលដ្ឋាន ដើម្បីអោយក្រុមគ្រូពេទ្យជំនាញ ធ្វើការពិនិត្យសុខភាព ឬធ្វើសំណាក និងទទួលការព្យាបាលបានទាន់ពេលវេលា។
សូមបញ្ជាក់ថា ចាស់ជរា ប្រជាពលរដ្ឋមានជីវភាពខ្វះខាត និងប្រជាការពារ ទាំង៤ឃុំ គឺឃុំសាលាក្រៅ ឃុំអូរអណ្តូង ឃុំស្ទឹងកាច់ និងឃុំស្ទឹងត្រង់ ដោយក្នុងមួយគ្រួសារៗទទួលបានអាវរងា១ ភួយ១ ក្រមា១ ជែលលាងដៃ(កន្លះលីត្រ) ២ដប ,ម៉ាស់ ៥បន្ទះ និងថវិកាចំនួន ៥០,០០០រៀល៕