(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានណែនាំដល់សមាជិក-សមាជិកាគណបក្សស្រុក គណបក្សឃុំ ត្រូវបន្តយកចិត្តទុកដាក់អនុវត្តការងារឱ្យមានប្រសិទ្ធភាពតាមឯកសារជំនួយស្មារតី និងផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលបានផ្សព្វផ្សាយ និងការងារអាទិភាពរបស់គណៈកម្មាធិការគណបក្សស្រុក។
ការណែនាំបែបនេះ របស់លោកស្រី ឃួន ឃុនឌី បានធ្វើឡើងក្នុងប្រជុំត្រួតពិនិត្យនៃការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ របស់ក្រុមការងារចុះមូលដ្ឋានឃុំក្នុងស្រុកកំពង់ស្វាយកំពង់ធំ។ ពិធីនេះមានការចូលរួមពីលោក លោកស្រីប្រធាន អនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំក្នុងស្រុកកំពង់ស្វាយប្រមាណ ៧០នាក់នៅស្នាក់ការគណបក្សស្រុកកំពង់ស្វាយ នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ ម្សិលមិញ។
ជាមួយគ្នានេះ លោកស្រី ក៏បានជំរុញឱ្យបន្តកសាងពង្រឹងលើកកម្ពស់សមត្ថភាពប្រសិទ្ធភាពការងាររបស់គណៈកម្មាធិការគណបក្សគ្រប់ថ្នាក់ក្នុងការដឹកនាំអនុវត្តភារកិច្ចនយោបាយរបស់គណបក្ស ដោយប្រកាន់ខ្ជាប់គោលការណ៍សមូហភាពដឹកនាំបុគ្គលម្នាក់ៗទទួលខុសត្រូវ មានរបៀបរបបធ្វើការច្បាស់លាស់ ប្រជុំជីវភាពបក្ស និងរៀបចំរបាយការណ៍បានទៀងទាត់។
ទន្ទឹមនេះ លោកស្រី ឃួន ឃុនឌី បានក្រើនរំឮកដល់គណៈកម្មាធិការបក្សស្រុកត្រូវសហការជាមួយក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក ឃុំ រួមគ្នារៀបចំគម្រោងផែនការថវិកាសម្រាប់បម្រើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឱ្យបានគ្រប់ជ្រុងជ្រោយ និងទាន់ពេលវេលាក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឈរលើមូលដ្ឋានក្តាប់ជាប់ការប្តេជ្ញាចិត្តជាយុទ្ធសាស្ត្ររបស់គណបក្ស និងបទពិសោធន៍នៃការបោះឆ្នោតនាពេលកន្លងមក យកចិត្តទុកដាក់អនុវត្តន៍ឱ្យបានត្រឹមត្រូវ។
លោកស្រី ឃួន ឃុនឌី បានណែនាំដល់ក្រុមការងារគណបក្សគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់រៀបចំពិធី និងកិច្ចប្រជុំផ្សេងៗឱ្យបានសមស្រប តាមសភាពការណ៍ជាក់ស្ដែង ពិសេសត្រូវគោរពឱ្យបានម៉ឺងម៉ាត់នូវការណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ តាមវិធានការ «៣ការពារ និង៣កុំ» ត្រូវពង្រឹងរបៀបរបបធ្វើការងារឱ្យបានច្បាស់លាស់ ដូចជា ការប្រជុំ ការរៀបចំបូកសរុបលទ្ធផលការងាររបស់ខ្លួនឱ្យបានជាប់ជាប្រចាំតាមសេចក្ដីណែនាំរបស់គណបក្សបានកំណត់និងធ្វើជាគំរូដល់ប្រជាពលរដ្ឋ៕