(ព្រៃវែង)៖ ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដឹកនាំដោយលោក ហេង ទ្រី ប្រធានយុវជនគណបក្សស្រុកស្វាយអន្ទរ រួមជាមួយនឹងប្រធានយុវជនគណបក្សឃុំ នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១នេះ បានរួមសាមគ្គីគ្នាចុះចាក់ដី ជួសជុល លុបក្រឡុកសំបុកមាន់ លើផ្លូវ១ខ្សែ ប្រវែង ១,១៥០ម៉ែត្រ ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ ដែលផ្លូវស្ថិតនៅក្នុងភូមិខ្សោកជើង ឃុំពពឺស ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
លោក ហេង ទ្រី បានថ្លែងថា នៅក្នុងសកម្មភាពនៃការចុះចាក់ដី ជួសជុល លុបក្រឡុកសំបុកមាន់ផ្លូវនោះ គឺជាសកម្មភាពមួយរបស់យុវជនគណបក្សប្រជាជនកម្ពុជាស្រុកស្វាយអន្ទរ ដែលតែងតែយកចិត្តទុកដាក់គិតគូរ អំពីទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកស្វាយអន្ទរនេះ។ ផ្លូវនេះពិបាកក្នុងការធ្វើដំណើរដោយមានក្រឡុកសំបុកមាន់ច្រើនដែលអាចនឹងបង្កជាគ្រោះថ្នាក់ដល់បងប្អូនប្រជាពលរដ្ឋ នៅពេលធ្វើដំណើរដឹក កសិផល កសិកម្មរបស់គាត់ពីកន្លែងមួយទៅកន្លែងមួយដែលមានសភាពលំបាក និងខាតនៅពេលវេលាច្រើន ហើយផ្លូវនេះមានប្រវែង ១,១៥០ម៉ែត្រ ទទឹង ៤ម៉ែត្រ។
លោកបានបន្ថែមថា គ្រប់សកម្មភាពរបស់យុវជនគណបក្សប្រជាជនកម្ពុជា របស់ស្រុកស្វាយអន្ទរ គឺធ្វើឡើងក្នុងគោលបំណង ដើម្បីបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ គ្រប់កាលៈទេសៈ គ្រប់ពេលវេលា ដោយមិនដែលទុកបងប្អូន ប្រជាពលរដ្ឋណាម្នាក់ចោលនោះទេ ទាំងនេះ ក៏ជាការបង្ហាញឱ្យឃើញអំពីថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលតែងតែផ្ដាំផ្ញើដល់មន្ត្រីក្រោមឱវាទរបស់គណបក្ស ត្រូវបន្តខិតខំយកចិត្តទុកដាក់ធ្វើអំពើល្អ ក្នុងការចុះជួយប្រជាពលរដ្ឋ នៅតាមមូលដ្ឋានឱ្យបានគ្រប់គ្នាទាន់ពេលវេលា ទោះបីជាក្នុងកាលៈទេសៈបែបណាក៏ដោយ៕