(ស្ទឹងត្រែង)៖ លោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១នេះ បានអញ្ជើញជួបសំណេះសំណាលជាសិស្សានុសិស្សក្រីក្រ ដែលមានជីវភាពខ្វះខាត ក្នុងត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ សម័យប្រឡងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ស្អែកនេះ។
ក្នុងឱកាសនោះលោក ស្វាយ សំអ៊ាង បានផ្តាំផ្ញើដល់បេក្ខជនទាំងអស់ឱ្យគោរពនូវបទបញ្ជារផ្ទៃក្នុងខិតខំប្រឹងប្រែង យកចិត្តទុកដាក់ បញ្ចេញសមត្ថភាព ចំណេះដឹង និងតាំងស្មារតីឱ្យរឹងមាំដើម្បីទទួលបានលទ្ធផលល្អ ក្នុងគ្រប់ៗគ្នាក្នុងការប្រឡង។
លោកអភិបាលខេត្ត បានបន្ថែមថា ការប្រឡងមធ្យមសិក្សាទុតិយភូមិសម្រាប់ក្មួយៗ សិក្សារៀនបញ្ចប់ថ្នាក់វិទ្យាល័យ គឺជាថ្ងៃវាស់ស្ទង់សមត្ថភាពដែលមានសារសំខាន់បំផុត នៃការខិតខំប្រឹងប្រែង រៀនសូត្ររបស់សិស្សគ្រប់រូប និងជាពិសេសត្រូវថែទាំសុខភាព ទាំងការហូបចុក និងស្នាក់នៅ។
ក្នុងឱកាសនោះដែរ លោកអភិបាលខេត្ត បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ៣,៥០០,០០០រៀល, ស.ស.យ.ក ខេត្តចំនួន ៣,២០០,០០០រៀល និងថវិកា ស.ស.យ.ក ក្រុងចំនួន ដែលបានពីអាជីករ ទឹកសុទ្ធ ១០០យួរ ថវិកា ២,៦០០,០០០រៀល ជូនដល់សិស្សានុសិស្សក្រីក្រជួបការខ្វះខាតចំនួន៦៩នាក់។
សូមបញ្ជាក់ថា បើតាមការឱ្យដឹងពីលោក ហ៊ាង ពូលី ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានលើកឡើងថា ខេត្តស្ទឹងត្រែងមានមណ្ឌលប្រឡងចំនួន ០២មណ្ឌល ក្នុងនោះមានមណ្ឌលគរុកោសល្យភូមិភាគស្ទឹងត្រែង និងមណ្ឌលវិទ្យាល័យព្រះរាជបូជនីយកិច្ច មាន ៣៣បន្ទប់ បេក្ខជនសរុបចំនួន៧៧៩នាក់ ស្រីចំនួន ៤១៥ នាក់ ក្នុងនោះបែងចែកចេញជា២ គឺទី១៖ ថ្នាក់វិទ្យាសាស្ត្រសង្គមមាន ២៦បន្ទប់ បេក្ខជន ៦២៨នាក់ និងទី២៖ ថ្នាក់វិទ្យាសាស្ត្រមាន ០៧បន្ទប់ បេក្ខជន ១៥១នាក់ ស្រី ៨៣នាក់៕