(កំពង់ធំ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារចុះជួយស្រុកបារាយណ៍ និងស្រុកតាំងគោក ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារចុះសម្ភោធដាក់ឱ្យប្រើប្រាស់ផ្លូវលំក្រាលគ្រួសក្រហម ១ខ្សែ មានប្រវែង ១២ ៥០០ម៉ែត្រ សម្រាបប់ជូនប្រជាពលរដ្ឋប្រើប្រាស់ ជាពិសេសប្រជាពលរដ្ឋនៅភូមិវាលធំ និងភូមិស្វាយចេក ឃុំគគីរធំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ក្នុងឱកាសនោះដែរ លោក ថោង ខុន បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យប្រទេសជាតិ មានសុខសន្តិភាព ពេញផ្ទៃប្រទេស ដែលបង្កបរិយាកាសដល់ការសហការជាមួយដៃគូនានា ដោយស្មើមុខស្មើមាត់លើឆាកអន្តរជាតិ និងបានខិតខំប្រឹងប្រែងដោះស្រាយនូវរាល់ការលំបាក និងសំណូមពររបស់ប្រជាពលរដ្ឋ ព្រមទាំងបានធ្វើឱ្យប្រទេសជាតិរីកចម្រើនលើគ្រប់វិស័យ ជាពិសេសហេដ្ឋារចនាសម័ន្ធរូបវ័ននានាដូចជា៖ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ប្រព័ន្ធធារាសាស្ត្រ ជាដើម។

បន្ថែមពីនេះលោករដ្ឋមន្ត្រី ថោង ខុន ក៏បានជម្រាបជូនប្រជាពលរដ្ឋអំពីការវិវឌ្ឍន៍ថ្មីនៃជំងឺកូវីដ១៩ ពិសេសពពួកបំប្លែងខ្លួនថ្មី អូមីក្រុង ដែលកំពុងតែរីករាលដាល លើប្រទេសជាច្រើនលើសកលលោក និងបានជំរុញឱ្យប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ដូសទី៣ ឱ្យបានគ្រប់ៗគ្នា ដើម្បីរួមគ្នាចូលរួមប្រយុទ្ធ ប្រឆាំងនឹង ជំងឺកូវីដ១៩ ដោយលោកអះអាងថា ដោយសារតែប្រទេសកម្ពុជាបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានច្រើនលើសលុប ទើបមិនមានការឆ្លងជំងឺកូវីដធ្ងន់ធ្ងរ ដូចបណ្តាប្រទេសដែលមានប្រជាពលរដ្ឋមិនព្រមចាក់វ៉ាក់សាំង។

លោករដ្ឋមន្ត្រី បានបន្ថែមថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជន ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានធ្វើឱ្យប្រទេសកម្ពុជា រីកចំរើនលើគ្រប់វិស័យ ក្នុងនោះសម្តេចតេជោ តែងតែចាត់ទុកសុខទុក្ខរបស់ប្រជាពលរដ្ឋជារឿងសំខាន់ ជាក់ស្តែងក្រោយពេលមានការផ្ទុះឡើងនៃជំងឺកូវីដ១៩ សម្តេចក៏បានស្វះស្វែង រកវ៉ាក់សាំង ចាក់ជូនពលរដ្ឋដោយមិនគិតថ្លៃ ដោយមិនទុកឱ្យពលរដ្ឋណាម្នាក់ប្រឈមនឹងជំងឺ ដោយមិនមានការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលនោះឡើយ។

ក្រៅពីការចូលរួមទប់ស្កាត់កូវីដ តាមរយៈការចូលរួមអនុវត្តវិធានការ ៣កុំ ៣ការពារ លោករដ្ឋមន្ត្រី ថោង ខុន ក៏បានជំរុញឱ្យប្រជាពលរដ្ឋត្រូវគិតគូរពីបញ្ហាការ ថែទាំ សុខភាពដោយបរិភោគទឹកស្អាត សម្រាកក្នុងមុងជានិច្ច និងសម្អាតបរិស្ថានជុំវិញផ្ទះចៀសវាងការកើតមានជំងឺផ្សេងៗ។ ម្យ៉ាងទៀតត្រូវខិតខំចិញ្ចឹមសត្វ និងបង្កើន ការដាំ ដុះដំណាំចម្រុះផ្សេងៗ ដើម្បីធ្វើយ៉ាងណាលើកស្ទួយកម្រិតជីវភាពរស់នៅឱ្យមានលក្ខណៈសមរម្យ និងកាត់បន្ថយការចំណាយប្រចាំថ្ងៃ។

ជាមួយគ្នានោះ លោក ថោង ខុន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមថែរក្សាផ្លូវដែលទើបធ្វើរួច និងថែរក្សានូវសមិទ្ធផលផ្សេងៗជាច្រើនទៀត ដែលកើតចេញ ពីការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន និងបន្តចូលរួមគាំទ្រនិងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅអាណត្តិក្រោយៗទៀត ដើម្បីបានបន្តដឹកនាំ ប្រទេស ឱ្យកាន់តែរីកចំរើនថែមទៀត។

សូមបញ្ជាក់ដែរថា នៅឱកាសនោះដែរ លោក ថោង ខុន ក៏បាននាំយកនូវរបស់កំដរដៃចែកជូនប្រជាពលរដ្ឋចូលរួមប្រមាណ ១៥០នាក់ ដោយក្នុង០១នាក់ ទទួលបានសារ៉ុង០១ ថវិកា ០១មុឺនរៀល និងថ្នាំពេទ្យ TIFFY ០៣បន្ទះផងដែរ៕