(ភ្នំពេញ)៖ អង្គភាពព័ត៌មាន Fresh News បានប្រកាសដាក់ដំណើរការ មជ្ឈមណ្ឌលបណ្តុះបណ្តាលព័ត៌មាន Fresh News (FTC) ជាផ្លូវការ ដែលចំនឹងថ្ងៃបុណ្យ Christmas ថ្ងៃទី២៥ ធ្នូ ២០២១ ដើម្បីចូលរួមអភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យព័ត៌មាន។
ពិធីប្រកាសដាក់ឱ្យដំណើរការមជ្ឈមណ្ឌលនេះ បានធ្វើឡើងក្រោមអធិបតីភាព លោក លឹម ជាវុត្ថា ស្ថាបនិក និងជាអគ្គនាយកអង្គភាពព័ត៌មាន Fresh News និង លោក ម៉ារ យ៉ារិទ្ធ ប្រធានមជ្ឈមណ្ឌលបណ្តុះបណ្តាលព័ត៌មាន Fresh News (FTC) ដោយមានការចូលរួមពីថ្នាក់ដឹកនាំ បុគ្គលិក និងភ្ញៀវកិត្តិយសមួយចំនួន។
«FTC» ជាផ្នែកមួយរបស់អង្គភាពព័ត៌មាន Fresh News ដែលត្រូវបានបង្កើតឡើងនៅខែកញ្ញា ឆ្នាំ២០២១ ក្រោមគំនិតផ្ដួចផ្ដើមរបស់ លោក លឹម ជាវុត្ថា ដើម្បីចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ផ្នែកព័ត៌មាន ក៏ដូចជាចូលរួមបណ្តុះបណ្តាលយុវជនជំនាន់ក្រោយក្នុងវិស័យព័ត៌មានជាដើម។
ថ្លែងនៅក្នុងឱកាសនោះ លោក លឹម ជាវុត្ថា ស្ថាបនិក និងជាអគ្គនាយកអង្គភាពព័ត៌មាន Fresh News បានលើកឡើងថា ការដាក់ឱ្យដំណើរការ FTC នៅថ្ងៃនេះ គឺជាជោគជ័យមួយថ្មីទៀតរបស់ អង្គភាពព័ត៌មាន Fresh News ក្រោយទទួលបានការគាំទ្រជាបន្តបន្ទាប់ពីសាធារណជនគ្រប់ស្រទាប់វណ្ណៈ រយៈពេលជាង៧ឆ្នាំមកនេះ។ លោកសង្ឃឹមថា មជ្ឈមណ្ឌលនេះ នឹងក្លាយជាជម្រើសដ៏ល្អមួយសម្រាប់យុវជន មន្រ្តីរាជការ និងសាធារណជន ដែលចង់ស្វែងយល់ និងរៀនសូត្រអំពីជំនាញព័ត៌មាន នៅក្នុងប្រទេសកម្ពុជា។
ចំណែក លោក ម៉ារ យ៉ារិទ្ធ បានសម្តែងនូវភាពរីករាយ ដែលបានរួមចំណែកជាមួយ Fresh News ក្នុងការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យព័ត៌មាន។ លោកបញ្ជាក់ទៀតថា FTC នឹងចូលរួមចំណែកបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យព័ត៌មាននៅកម្ពុជា ដោយផ្ដោតសំខាន់លើការសរសេរព័ត៌មានដំណឹង (Spot News) ការសរសេរបទយកការណ៍ (News Feature) ការសរសេរអត្ថបទកំសាន្ត (Feature Story) ការសរសេរសេចក្តីប្រកាសព័ត៌មាន ការធ្វើសេចក្ដីរាយការណ៍ផ្ទាល់ ការសរសេរទស្សនៈ និងវិចារណកថា ព្រមជាមួយការអានសម្រាប់ពិធីករ ពិធីការិនីព័ត៌មាន និងវេទិការតុមូល (Talkshow)ជាដើម ។
លោក ម៉ារ យ៉ារិទ្ធ មានបទពិសោធន៍ក្នុងវិស័យសារព័ត៌មានជាង៣០ឆ្នាំមកហើយ ដោយលោកធ្លាប់ជាភ្នាក់ងារសារព័ត៌មានបរទេសល្បីៗជាច្រើនដូចជា UPI, AP និង VOA ជាដើម។ ក្រៅពីនោះអ្នកកាសែតជើងចាស់ ដែលមានរហ័សនាមជា «អាត់ជួង» នៅកម្ពុជាក្នុងវិស័យសារព័ត៌មានរូបនេះ គឺជាអ្នកចូលរួមក្នុងការបង្កើតស្ថាប័នព័ត៌មាន និងដឹកនាំ ស្ថាប័នសារព័ត៌មាន ជាច្រើននៅកម្ពុជា។ លោក ម៉ារ យ៉ារិទ្ធ គឺជានិស្សិតខ្មែរដែលបានសិក្សាវិស័យវិជ្ជាជីវៈសារព័ត៌មានក្នុង សកលវិទ្យាល័យមីឈីហ្គែន University of Michigan និងសកលវិទ្យាល័យមែរីលែន University of Maryland ក្នុង សហរដ្ឋអាមេរិក។
ជាមួយនឹងវត្តមានស្នាក់ការ និងបន្ទប់រៀនដ៏ស្រស់ស្អាត និងធំទូលាយ FTC ក៏នឹងបើកវគ្គបណ្តុះបណ្តាលអំពីរបៀបសរសេរអត្ថបទដំណឹងក្តៅ បទយកការណ៍ (News Feature) និងអត្ថបទកំសាន្ត (Feature Story) រៀងរាល់ចុងសប្តាហ៍ រយៈពេល៣ខែ ចាប់ពីខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខនេះផងដែរ៕
សម្រាប់ព័ត៌មានបន្ថែមពាក់ព័ន្ធនឹងការសិក្សា សូមទំនាក់ទំនង៖
១៖ លោក ពេជ្រ ប៊ុនសាយ អគ្គនាយករងអង្គភាពព័ត៌មាន Fresh News និងជាអនុប្រធានប្រចាំការ FTC ទូរស័ព្ទ និង Telegram លេខ៖ 089 960 090
២៖ កញ្ញា ថាន រស្មី ប្រធានផ្នែកទំនាក់ទំនងសាធារណៈតាមរយៈលេខទូរស័ព្ទ ឬ Telegram ៖ 092 322 334