(ភ្នំពេញ)៖ ក្រសួងយុត្តិធម៌ បានរៀបចំផែនការ និងទិសដៅបន្តពាក់ព័ន្ធការរៀបចំយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ នៅថ្នាក់មូលដ្ឋានសម្រាប់ឆ្នាំ២០២២។ នេះបើតាមលោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១នេះ។
បើតាមលោក ជិន ម៉ាលីន បានឱ្យដឹងថា យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅថ្នាក់មូលដ្ឋាន សម្រាប់ឆ្នាំ២០២២ រួមមាន៖
*ទី១៖ ក្រសួងយុត្តិធម៌ នឹងធ្វើការផ្សព្វផ្សាយរួមគ្នាជាមួយសហភាពអឺរ៉ុប នៅកម្ពុជា នូវឯកសារទស្សនទានស្តីអំពីការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ តាមរយៈសន្ធានកម្មនៅថ្នាក់មូលដ្ឋាន ជាភាសារខ្មែរ និងអង់គ្លេស ដែលជាឯកសារសិក្សាស្រាវជ្រាវមានលក្ខណៈវិទ្យាសាស្រ្ត បង្ហាញអំពីទម្រង់ យន្តការ និងវិធីសាស្រ្តនៃការដោះស្រាយវិវាទតាមរយៈសន្ធានកម្មនៅកម្ពុជា។
*ទី២៖ ក្រសួងយុត្តិធម៌ នឹងធ្វើការផ្សព្វផ្សាយរួមគ្នាជាមួយក្រសួងកិច្ចការនារី នូវឯកសារស្តីពីគោលការណ៍ណែនាំអំពីវិធីសាស្រ្តសម្រុះសម្រួលវិវាទគ្រួសារឆ្លើយតបទៅនឹងយែនឌ័រ សម្រាប់មន្រ្តីអនុវត្តការសម្រុះសម្រួលវិវាទនេះនៅថ្នាក់មូលដ្ឋាន។
*ទី៣៖ ក្រសួងយុត្តិធម៌ ក៏នឹងធ្វើការផ្សព្វផ្សាយផងដែរនូវឯកសារស្តីអំពីគោលការណ៍ណែនាំ គោលការណ៍ប្រតិបត្តិ ក្រមសីលធម៌ និងវិធីសាស្រ្តនៃការបង្រៀន ពាក់ព័ន្ធការសម្រុះសម្រួលវិវាទ ដល់មន្រ្តីអនុវត្តនៅថ្នាក់មូលដ្ឋាន។
*ទី៤៖ ក្រសួងយុត្តិធម៌ ដោយសហការជាក្រសួងស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍនានា បន្តបេសកកម្មនៃការបណ្តុះបណ្តាល ពង្រឹងសមត្ថភាព និងជំនាញនៃការសម្រុះសម្រួលវិវាទដល់មន្រ្តីដែលអនុវត្តផ្ទាល់នៅថ្នាក់មូលដ្ឋាន។
*ទី៥៖ ជាទិសដៅបន្ត បន្ទាប់ពីការផ្សព្វផ្សាយឯកសារទស្សនទានស្តីអំពីការរៀបចំយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជា តាមរយៈសន្ធានកម្មនៅថ្នាក់មូលដ្ឋាននេះ ក្រសួងនឹងរៀបចំឱ្យមានជាគោលនយោបាយថ្នាក់ជាតិមួយអំពីយន្តការនេះ និងបន្ទាប់មកនឹងរៀបចំឱ្យទៅជាច្បាប់ស្តីពីការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជាជារួមតែម្តង៕