(ព្រះសីហនុ)៖ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងប្រតិភូវៀតណាមដឹកនាំដោយលោ ង្វៀន ហ៊ុយតាំង (NGUYEN HUY TANG) អគ្គរដ្ឋទូតសាធារណៈរដ្ឋសង្គមនិយមវៀតណាម បានចុះត្រួតពិនិត្យអគារទាំង១២ ដែលជាជំនួយឥតសំណងរបស់មិត្តវៀតណាម នៅមជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនដោយស្ម័គ្រចិត្ត និងផ្អែកលេីសហគមន៍ នៅខេត្តព្រះសីហនុ។

ក្រោយពីរបាយការណ៍ស្វាគមន៍ និងរបាយការណ៍ការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន របស់លោក វុិត វ៉ាល់ដា និងរបាយការណ៍សាងសង់សំណង់អគាររបស់លោក ឈន់ ថៃស្រេង ប្រធានក្រុមហ៊ុនសាងសង់ សុទ្ធតែបានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងបំពេញការងាររបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់។

ក្នុងនាមប្រតិភូមិត្តវៀតណាម នាឱកាសនោះ លោក ង្វៀន ហ៊ុយតាំង បានថ្លែងដោយសោមនស្ស និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងភាគីកម្ពុជា ពិសេសគណៈកម្មការកសាងមជ្ឈមណ្ឌលដែលបានដំណេីរការងាររបស់ខ្លួនស្ទេីរចប់មួយរយភាគរយ នៃការសាងសង់សំណង់អគារទាំង១២ ដែលមានក្នុងទំហំទឹកប្រាក់ប្រមាណ ៣លានដុល្លារ និងបានបញ្ជាក់ថាបញ្ហាគ្រឿងញៀន ជាបញ្ហាស្មុគស្មាញបំផ្លាញសង្គមជាតិដែលតំរូវឱ្យយេីងទាំងអស់គ្នាខិតខំរួមគ្នាបង្ការ ព្យាបាល និងដោះស្រាយដេីម្បីអនាគតកូនចៅយេីង។

ថ្លែងក្នុងនាម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន, នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានថ្លែងអំណរគុណដល់ភាគីមិត្តវៀតណាម ដែលបានចូលរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជាសាងសង់សំណង់អគារចំនួន១២ ដែលភាគីទាំងពីរ កម្ពុជា-វៀតណាម រួមគ្នាពិនិត្យនូវសំណង់ទាំងអស់នោះ ទាំងស្នាដៃ និងគុណភាព មុននឹងស្នើសុំឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន និងភាគីមិត្តវៀតណាម ដើម្បីរៀបចំពិធីសម្ភោធដាក់ឱ្យប្រើប្រាស់នូវអគារជំនួយនេះជាផ្លូវការ ក៏ដូចសម្ភោធមជ្ឈមណ្ឌលទាំងមូលក្នុងពេលដ៏ខ្លីខាងមុខនេះ។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានបន្ថែមថា ចាប់ពីសាងសង់នៅឆ្នាំ២០១៧ មកដល់បច្ចប្បន្នថវិកាសាងសង់មជ្ឈមណ្ឌលជាតិនេះ ចំណាយថវិកាប្រមាណ ៧លានដុល្លារ ដែលបានមកពីការជំនួយពីសប្បុរសជន តាមរយៈមូលនិធិសម្តេចក្រឡាហោម ស ខេង មូលនិធិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថវិកាជាតិ និងពីបណ្តាប្រទេសនានា មានភាគីថៃ និងភាគីមិត្តវៀតណាម៕