(ភ្នំពេញ)៖ ដើម្បីត្រៀមធ្វើម្ចាស់ផ្ទះលើកទី១ នៃកីឡាថ្នាក់អាស៊ីអាគ្នេយ៍ SEA Games លើកទី៣២ ឆ្នាំ២០២៣ ខាងមុខ រាជរដ្ឋាភិបាលនៃកម្ពុជា បានត្រៀមកញ្ចប់ថវិកាបម្រុងប្រមាណជាង ៤០លានដុល្លារអាមេរិក នេះបើយោងតាម Facebook Page របស់សម្តេចតជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាឲ្យដឹងមុននេះបន្តិច។

នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី ដើម្បីអនុម័តក្នុងចំណោមរបៀបវារៈ៣សំខាន់ៗនោះ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាវិមានសន្តិភាពព្រឹកថ្ងៃទី២២ ខែមេសានេះ រាជរដ្ឋាភិបាលសម្រេចបញ្ចេញថវិកាប្រមាណ ៤០លានដុល្លារ បន្ថែមទៀតសម្រាប់យុទ្ធនាការដែលមានរយៈពេល២ឆ្នាំម្តង នៅទីក្រុងភ្នំពេញ និងបណ្តាខេត្តមួយចំនួន។

ជាមួយគ្នានោះដែរ Facebook Page របស់លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តីក៏បានឲ្យដឹងដែរថា សម្រាប់ការរៀបចំព្រឹត្តិការណ៍ថ្នាក់អាស៊ានខាងលើនេះ គឺត្រូវការថវិកាប្រមាណ ៤០លានដុល្លារ ដើម្បីបម្រើតែ សម្ភារៈឧបករណ៍បច្ចេកទេស និងមន្ត្រីបច្ចេកទេសជាតិ-អន្តរជាតិ បម្រើការប្រកួតកីឡាតែប៉ុណ្ណោះ ដោយមិនគិតពីការ ចំណាយលើ៖
- ការកសាងហេដ្ឋារចនាសម្ព័ន្ធកីឡា ដែលត្រូវការចំណាយថវិកាច្រើន និងចាំបាច់ (អាចមានជំនួយពីបរទេសបន្ថែម)
-ការស្នាក់នៅ និងអាហារហូបចុក
-មធ្យោបាយធ្វើដំណើរក្នុងប្រទេស
-ពិធីបើក និងបិទការប្រកួតជាផ្លូវការ។

ប្រភពខាងលើដដែលបានបន្តថា ការសាងសង់ «ពហុកីឡដ្ឋានជាតិមរតកតេជោ» ដំណាក់កាលទី១ រួមមានអាងហែលទឹក កីឡាក្នុងសាល អគារស្នាក់នៅកីឡាករចំនួន ៣០០នាក់ និងតារាងបាល់ទាត់ខាងក្រៅ តារាង Tennis តារាងបាល់ទះ និងផ្លូវលូ មួយផ្នែកត្រូវបានរួចរាល់ជាង ៧០% ហើយ។

ដោយឡែកការសាងសង់ដំណាក់កាលទី២វិញ គឺជាការសាងសង់កីឡដ្ឋានធំ ជាជំនួយហិរញ្ញប្បទានឥតសំណងពីរាជ រដ្ឋាភិបាលចិន អស់ទឹកប្រាក់ប្រមាណ ១៥៦លានដុល្លារអាមេរិក នឹងចាប់ផ្ដើមបើកការដ្ឋានសាងសង់ដើមឆ្នាំ២០១៧ ហើយគ្រោងនឹងបញ្ចប់នាឆ្នាំ២០២០ ខាងមុខ មុន SEA Games ៣ឆ្នាំ៕