(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងដឹកនាំគណៈប្រតិភូកម្ពុជា ទៅចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសលើកទី៥ នៃសន្និសីទអន្តរសកម្ម និងវិធានការកសាងទំនុកចិត្តនៅអាស៊ី ដែលនឹងប្រព្រឹត្តឡើង នៅទីក្រុងប៉េកាំង ប្រទេសចិន ពីថ្ងៃទី២៧ ដល់២៨ ខែមេសា ឆ្នាំ២០១៦ខាងមុខ។
ការអញ្ជើញទៅប្រទេសចិនរបស់រដ្ឋមន្រ្តីការបរទេសកម្ពុជាលើកនេះ ធ្វើឡើងទៅតាមការអញ្ជើញរបស់ លោក វ៉ាង យី (Wang Yi) រដ្ឋមន្រ្តីការបរទេសចិន ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា។
តាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស បានឱ្យដឹងថា កិច្ចប្រជុំខាងលើ នឹងផ្តោតលើការពង្រឹងគ្នាទៅវិញទៅមករវាងសន្តិសុខ និងការអភិវឌ្ឍ ការបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម និងការងនុវត្តវិធានការកសាងទំនុកចិត្តក្នុងក្របខណ្ឌនានា នៃសន្និសីទអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី។
សន្និសីទអន្តរសកម្ម និងវិធានការកសាងទំនុកចិត្តនៅអាស៊ី គឺជាវេទិកាអន្តររដ្ឋាភិបាល សម្រាប់បង្កើនកិច្ចសហប្រតិបត្តិការឆ្ពោះទៅរកការជំរុញសន្តិភាព សន្តិសុខ និងស្ថិរភាពនៅអាស៊ី។ សន្និសីទនេះ ត្រូវបានបង្កើតឡើងនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ១៩៩៩ និងមានរដ្ឋសមាជិក២៦ រដ្ឋអង្កេតការណ៍៧ និងអង្គការសង្កេតការណ៍ចំនួន៤៕