(រតនគិរី)៖ នារាត្រីថ្ងៃសៅរ៍ទី២៥ ខែធ្នូ ឆ្នាំ២០២១ សាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី បានរៀបចំរាត្រីសមោសរ ដើម្បីកៀរគរមូលនិធិសប្បុរសធម៌គាំទ្រសកម្មភាពមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ដែលពិធីនេះបានប្រារព្ធធ្វើឡើងនៅបរិវេណសាលាខេត្តរតនគិរី ដោយមានការចូលរួមពីភ្ញៀវកិត្តិយសជាសប្បុរសជននានាយ៉ាងច្រើនកុះករ។
ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី លោក ញ៉ែម សំអឿន បានថ្លែងថា ក្នុងរយៈពេលកន្លងមក សាខាកាកបាទក្រហមកម្ពុជាខេត្ត បានដើរតួយ៉ាងសំខាន់ក្នុងកិច្ចការងារមនុស្សធម៌ ដូចជាការជួយសង្គ្រោះ ជនងាយរងគ្រោះ ជនចាស់ជរា ស្ត្រីមេម៉ាយ ជនទីទាល់ក្រ កុមារផ្ទុកមេរោគអេដស៍ និងករណីគ្រោះធម្មជាតិផ្សេងៗជាដើម។
ទន្ទឹមនឹងនេះ នឹងការស្វែងរកមូលនិធិ គឺជាការងារចម្បង និងឈានមុខគេដែលសាខាត្រូវពង្រឹង និងពង្រីកគ្រប់រូបភាព ដើម្បីឆ្លើយតបបានតាមតម្រូវការជនងាយរងគ្រោះនានា ក្រៅពីនេះសាខាក៏បាននឹងកំពុងរៀបចំផែនការ អាជីវកម្មរបស់ខ្លួនជាបណ្តើរៗ ដើម្បីធានាភាពជាម្ចាស់ការលើហិរញ្ញវត្ថុ របស់សាខាផងដែរ។
លោកបានបន្តថា ដើម្បីឆ្លើយតបមានប្រសិទ្ធភាពចំពោះជនងាយរងគ្រោះនានា ដែលកំពុងត្រូវការជំនួយ និងការសង្គ្រោះចាំបាច់ ត្រូវការការចូលរួមពីសំណាកលោក លោកស្រីសប្បុរសជនទាំងអស់មិនអាចខ្វះបានឡើយ។ ជាក់ស្តែងនារាត្រីនេះ បានឆ្លុះបញ្ចាំងអំពីវប្បធម៌ចែករំលែករបស់ខ្មែរយើង តាមរយៈការចូលជាមូលនិធិ ដើម្បីកិច្ចដំណើរការសកម្មភាពការងាររបស់សាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរីជាពិសេសជនរងគ្រោះនិងងាយរងគ្រោះដែលកំពុងទន្ទឹងរងចាំជំនួយពីយើងគ្រប់ៗគ្នា។
សូមបញ្ជាក់ថា នៅក្នុងរាត្រីសមោសរនេះ សាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី ទទួលបានថវិកាបណ្តោះអាសន្នប្រមាណ ៣៣,១៤៦,៣៤ដុល្លារ ដែលជាថវិកាបរិច្ចាគផ្ទាល់ពីសប្បុរសជន ដើម្បីគាំទ្រសកម្មភាពសប្បុរសធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត៕