(ស្វាយរៀង)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីបញ្ចុះបឋមសិលាកសាងសាលារៀន ១ខ្នង ៤បន្ទប់ ស្ថិតនៅក្នុងបឋមសិក្សាពោធិ៍ធំ ភូមិព្រៃតាពៅ ឃុំ ចំបក់ ស្រុកស្វាយជ្រំ នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១។
គម្រោងសាងសង់អគារនេះលើទីធ្លាដែលមានទំហំ ៩ម៉ែត្រ គុណ៣២ម៉ែត្រ ធ្វើពីបេតុង ប្រកក្បឿង ក្នុងគម្រោងចំណាយថវិកាប្រមាណ ២១៨លានរៀល និងគ្រោងចំណាយពេលសាងសាង់ក្នុងប្រមាណជា ៤ខែ ដែលជាអំណោយរបស់សាខាសមាគមន៍នារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តស្វាយរៀង។
លោកស្រីកិត្តិសង្គហបណ្ឌិត ក៏បានផ្តាំផ្ញើរឱ្យជាងត្រូវសាងសង់អគារនេះគោរពតាមស្តង់ដារ និងធានាបាននូវគុណភាពល្អ ត្រូវធ្វើការដោយប្រយ័ត្នប្រយែង និងត្រូវគោរពតាមវិធានការរបស់សុខាភិបាល «៣ការពារ និង៣កុំ» ដើម្បីជៀសផុតពីជំងឺកូវីដ១៩។
ក្នុងឱកាសនោះដែរ លោកស្រីកិត្តិសង្គហបណ្ឌិត បានឧបត្ថម្ភជាងចំនួន ១៣នាក់ ក្នុងម្នាក់ៗទទួលបានអាវរងា១ អាវយឺត១ ម៉ាស់ ជែល ១ដប ថ្នាំផ្តាសាយ ១ប្រអប់ និងថវិកា ៥ម៉ឺនរៀល។ ចំណែកឯសមាជិកក្រុមប្រឹក្សាឃុំ ៥នាក់ គ្រូបង្រៀន ១៦នាក់ ប្រជាការពារ ៥នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ៥ម៉ឺនរៀល៕