(ភ្នំពេញ)៖ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ស្អែកនេះ ជាថ្ងៃប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប), នៅថ្ងៃទី២៦ ខែធ្នូនេះ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានផ្ញើសារជូនពរដល់បុគ្គលិកអប់រំ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស សូមមានសុខភាពល្អ ទទួលបានជោគជ័យ។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រីក៏បានអំពាវនាវឲ្យដល់សិស្សានុសិស្ស សូមគោរពឲ្យបានម៉ឺងម៉ាត់នូវបទបញ្ញត្តិ ដែលបានដាក់ចេញដោយក្រសួងអប់រំ ជាពិសេសត្រូវទទួលអាហារ និងដំណេកឲ្យបានគ្រប់គ្រាន់ ដើម្បីត្រៀមខ្លួនឲ្យបានល្អសម្រាប់ការប្រឡង និងត្រូវគោរពនូវវិធានការសុខាភិបាល ៣ការពារ ៣កុំ។
សូមជម្រាបថា បញ្ជី ឈ្មោះ លេខ តុ លេខ បន្ទប់ បេក្ខជន តារាង ប្រព្រឹត្ត ទៅ នៃ វិញ្ញាសា បទប្បញ្ញត្តិ ប្រឡង និង ប្លង់ បន្ទប់ ត្រូវ បាន បិទ នៅ តាម គ្រប់ មណ្ឌល ប្រឡង ទូទាំង ២៥ រាជធានី-ខេត្ត នា ព្រឹក ថ្ងៃ អាទិត្យ ទី២៦ ខែធ្នូ ឆ្នាំ២០២១នេះ។
សិស្សានុសិស្សទាំងអស់ដែលត្រូវប្រឡង តម្រូវឱ្យពាក់ម៉ាស់ វាស់កម្តៅទទួលស្ទីកឃ័រសុខភាពកម្តៅធម្មតា ដែលនេះជាការអនុវត្តតាមសេចក្ដីណែនាំប្រតិបត្តិស្ដីពីវិធានការសុខភាព និងសុវត្ថិភាពសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដើម្បីធានាបានថា ការប្រឡងប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព ចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។
សូមជម្រាបថា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២១ នេះមានមណ្ឌលប្រឡងសរុប ២០៤មណ្ឌល ត្រូវជា ៤៦១៦បន្ទប់ បេក្ខជនចុះឈ្មោះប្រឡងសរុប ១១៤១៨៣ ស្រី៦០៣៩៧នាក់ គណៈមេប្រយោគ និងគណៈកម្មការនានាចូលរួមក្នុងដំណើរការប្រឡងមានចំនួន ៣១៤៣២នាក់៕