(កំពង់ស្ពឺ)៖ ស្នងការនគរបាលខេត្តកំពង់ស្ពឺ លោកឧត្តមសេនីយ៍ផ្កាយ២ កែវ ពិសី បានចេញមកបញ្ជាក់ លម្អិតស្តីអំពីករណីឆេះ នៅក្នុងបរិវេណអធិការដ្ឋាននគរបាលក្រុងច្បារមនថា តាមការពិត មិនមែនឆេះអធិការដ្ឋាននគរបាលក្រុងនោះទេ គឺឆេះរោងចាស់ទុកចោលនៅក្នុងបរិវេណរបស់អធិការដ្ឋានតែប៉ុណ្ណោះ។
ជាមួយគ្នានេះ លោកស្នងការខេត្តកំពង់ស្ពឺ ក៏បានបញ្ជាក់ផងដែរ សម្រាប់មូលហេតុនោះ គឺមិនបណ្តាលមកពីផ្ទុះគ្រាប់នោះឡើយ ដោយលោកថា មិនដឹងមូលហេតុទេ។ ដោយឡែក សម្រាប់ការបញ្ចេញរថយន្ត ពន្លត់អគ្គិភ័យនោះវិញ ត្រូវបានលោកស្នងការ កែវ ពិសី អះអាងថា ការឆាបឆេះខ្លាំង និងមានខ្យល់ខ្លាំងផងនោះ ទើបរថយន្តចេញទៅជួយមិនទាន់។
សម្រាប់ការចេញមកបញ្ជាក់ពីមូលហេតុ និងព័ត៌មានលម្អិតខាងលើនេះ លោកស្នងការខេត្តកំពង់ស្ពឺរូបនេះ ដែលប្រើសម្តីមួយៗ និងខ្លាំងៗ ក៏បានព្រមានដល់អង្គភាព Fresh News កុំផ្សាយរបៀបក្លែមច្រើនពេក នាំឲ្យមានចលាចលសង្គម ហើយជាងនេះទៅទៀតនោះ គឺលោកស្នងការ បានប្រាប់ឲ្យសហការីរបស់ Fresh News ប្រចាំខេត្តកំពង់ស្ពឺ រាយការណ៍ពីព័ត៌មាននេះ តេទៅសុំទោសគាត់ទៀតផង ព្រមទាំងចាត់ទុកថា ការផ្សាយព័ត៌មាននេះ គឺគ្មានវិជ្ជាជីវៈ ។
លោកស្នងការរូបនេះ ក៏បានប្រាប់មក Fresh News ថា រឿងចឹងៗ ក៏យកទៅផ្សាយ ហើយត្រូវតេទៅសួរនាំគាត់សិន។
ចំពោះការប្រើពាក្យសម្តីរបស់លោកឧត្តមសេនីយ៍ កែវ ពិសី ខាងលើនេះ ត្រូវបានគេយល់ឃើញថា ត្រឹមរឿងរ៉ាវបែបនេះលោកស្នងការ ច្រឡោតយ៉ាងនេះទៅហើយ ចុះទំរាំការបម្រើប្រជាជនតាមមូលដ្ឋាន និងជួយដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ តើទៅជាយ៉ាងណាវិញ៕