(ភ្នំពេញ)៖ បន្ទាប់ពីបញ្ចប់ការសួរនាំរួចហើយ នៅល្ងាចថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១នេះ ព្រះរាជអាជ្ញាបានសម្រេចចោទប្រកាន់ជាផ្លូវការលើជនត្រូវចោទ William Guang និងបក្ខពួករបស់ខ្លួន ពាក់ព័ន្ធករណីប្លន់នៅផ្ទះអ្នកលក់ឡេ អ៊ាន សៀវម៉ី ហើយនៅថ្ងៃស្អែកគឺជាដំណាក់កាលរបស់ចៅក្រមស៉ើបសួរ និងការសម្រេចអំពីការឃុំខ្លួនដោយចៅក្រមស៉ើបសួរ។
លោក ប្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា «សំណុំរឿងខាងលេី ត្រូវបានតំណាងអយ្យការបេីកការស៉ើបសួរពីបទលួចមានស្ថានទម្ងន់ទោស បទសមគំនិតក្នុងអំពេីលួចមានស្ថានទម្ងន់ទោស បទកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងបទក្លែងឯកសារសាធារណៈ តាមមាត្រា ២៩, មាត្រា ៣៥៣, មាត្រា ៣៥៧, មាត្រា ៤៩០ និងមាត្រា ៦២៩ នៃក្រមព្រហ្មទណ្ឌ»។
អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានបន្តទៀតថា នៅថ្ងៃស្អែក ជាដំណាក់កាលរបស់ចៅក្រមស៉ើបសួរ ដូច្នេះជនត្រូវចោទទាំងអស់នឹងត្រូវបានស្តាប់ចម្លេីយ បន្ទាប់មកនឹងមានការសម្រេចអំពីការឃុំខ្លួនដោយចៅក្រមស៉ើបសួរ។
សូមបញ្ជាក់ថា ករណីប្លន់ផ្ទះអ្នកលក់ឡេអនឡាញ អ៊ាន សៀវម៉ី កាលពីវេលាម៉ោង១០៖៤០នាទី ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ដែលក្រុមចោរមានគ្នា៥នាក់ ប្រដាប់ដោយអាវុធគ្រប់ដៃ និងយកបានគ្រឿងពេជ្រទៅមួយចំនួន គេចខ្លួនបានត្រឹមតែមួយយប់ ក៏ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញបង្ក្រាបបាន។
តាមចម្លើយរបស់ឈ្មោះ សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang ដែលជាមេក្លោង និងជាអ្នករៀបចំផែនការ បានបញ្ជាក់ថា សកម្មភាពចូលប្លន់ផ្ទះអ្នកលក់ឡេអនឡាញ អ៊ាន សៀវម៉ី នេះ គឺខ្លួនរៀបផែនការមុនតែមួយថ្ងៃទេ ដោយចេញធ្វើសកម្មភាពចំនួន៥នាក់ ខ្លួនជាអ្នកដឹកនាំផ្ទាល់តែម្តង មូលហេតុដែលនាំឲ្យខ្លួនសម្រេចចិត្តប្លន់គឺដោយសារ៖
*ទី១៖ សព្វថ្ងៃខ្លួនខ្វះខាតលុយកាក់ទ្រទ្រង់ជីវភាព និងបក្ខពួក ជាក់ស្តែងរថយន្តដែលខ្លួនជិះ គឺបង់រម្លស់មិនទាន់ដាច់នៅឡើយ ហើយផ្ទះដែលខ្លួនរស់នៅ គឺជួលក្នុងតម្លៃ២៥០០ដុល្លារក្នុង១ខែ ជំពាក់ឈ្នួលផ្ទះគេ២ខែហើយ ចំណែកស្នាក់ការបក្សចំនួន១៦ខេត្ត ក៏មិនមានប្រាក់បង់ឈ្នួលផ្ទះឲ្យគេ ព្រមទាំងជំពាក់បំណុលគេជុំទិសទៀតផង។
*ទី២៖ ខ្លួនមានទស្សនអ្នកក្រនិយម ជ្រិញពួកអ្នកមាន ឡាយតាម Facebook បង្អួតទ្រព្យសម្បត្តិ ដូចនេះក៏កើតចិត្តចង់ព្រមានដល់អ្នកមានមួយចំនួនដែលមានចរិតបែបនេះ។
ឈ្មោះ William Guang បានសារភាពបន្តថា កន្លងមកពួកខ្លួនបានធ្វើសកម្មភាពប្លន់ចំនួន២លើក៖
*ទី១៖ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានធ្វើសកម្មភាពប្លន់ម្ចាស់បុរីម៉នដានី នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ តែមិនបានសម្រេច ព្រោះនៅថ្ងៃធ្វើសកម្មភាពស្រាប់តែជនរងគ្រោះមិនបាននៅក្នុងឡានដែលពួកខ្លួនបានកាក់ប្លន់ ក៏ក្លែងធ្វើជាសួរនាំក្នុងនាមសមត្ថកិច្ច ហើយពេលនោះខ្លួនមិនបានចូលរួមទេ គឺឲ្យតែកូនចៅ៥នាក់ អាវុធវែង១ដើម អាវុធខ្លី២ដើម និងក្លែងឯកសណ្ឋានសមត្ថកិច្ចចុះទៅធ្វើសកម្មភាព។
*ទី២៖ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ខ្លួនបានប្រើរូបភាពដូចលើកទី១ដែរ គឺក្លែងឯកសណ្ឋានសមត្ថកិច្ច និងក្លែងដីកាបង្គាប់ឲ្យនាំខ្លួនចុះទៅធ្វើសកម្មភាពប្លន់យកទ្រព្យសម្បត្តិនៅផ្ទះអ្នកលក់ឡេអនឡានឈ្មោះ អ៊ាន សៀវម៉ី បានសម្រេច ដោយប្រមូលបានគ្រឿងពេជ្រមួយចំនួន តែរំលងបានតែ១យប់ ក៏ត្រូវអាវុធហត្ថរាជធានីភ្នំពេញចុះបង្ក្រាបដល់ផ្ទះ ដោយឃាត់ខ្លួនមនុស្សបានចំនួន១២នាក់ អាវុធវែងខ្លីចំនួន៥ដើមភ្លាមៗ និងគ្រឿងពេជ្រជាច្រើនឈុតត្រឡប់មកវិញ ក្រោយមកឆែកឃើញអាវុធ១ដើមទៀត លាក់នៅមាត់លូ សរុបដកហូតបានអាវុធ៦ដើម៕