(ភ្នំពេញ)៖ អត្ថបទកំសាន្ត ឬ Feature Story ត្រូវបាន លោក ម៉ារ យ៉ារិទ្ធ បង្ហាត់បង្ហាញដល់សិក្ខាកាម អង្គភាពព័ត៌មាន Fresh News នៅក្នុងសប្ដាហ៍ទី១០។ ដោយការសិក្សានេះ គឺជាការបង្ហាញឲ្យឃើញអំពីភាពខុសគ្នារវាង បទយកការណ៍ (News Feature) និងអត្ថបទកំសាន្ត (Feature Story) ដែលកន្លងមក គេមើលឃើញថា អ្នកព័ត៌មានហាក់នៅមិនទាន់បានចែកគ្នាដាច់ អំពីប្រភេទអត្ថបទ២នេះ។
សប្ដាហ៍មុន យើងបានសិក្សាលម្អិតអំពីបទយកការណ៍ (News Feature)។ បទយកការណ៍ (News Feature) គឺជាប្រភេទអត្ថបទវែង ដែលអាចជាការសរសេរបូកសរុបនូវព័ត៌មានមួយទាំងស្រុងគ្រប់ជ្រុងជ្រោយ ឬហៅថា News Feature។ ខណៈដែល អត្ថបទកំសាន្ត ឬ Feature Story ត្រូវបានប្រធានមជ្ឈមណ្ឌលបណ្ដុះបណ្ដាល Fresh News បង្ហាញឲ្យដឹងថា គឺជាប្រភេទអត្ថបទដែលត្រជាក់ ហើយមិនជាប់ពាក់ព័ន្ធនឹងការសរសេរពង្រីកចេញពីអត្ថបទដំណឹង ឬព្រឹត្តិការណ៍ណាមួយឡើយ ហើយក៏មិនមែនជាការសរសេរជូនដំណឹងអំពីព្រឹត្តិការណ៍ណាមួយដែរ។
បន្ថែមពីនេះលោក ព្រឹទ្ធាចារ្យក្នុងវិស័យសាព័ត៌មានខាងលើ បានបញ្ជាក់ទៀតថា៖ «អត្ថបទកំសាន្ត ឬ Feature Story គឺជាអត្ថបទដែលសរសេរឲ្យអតិថិជន បានដឹងនូវរឿងប្លែកទាក់ទងនឹងការកំសាន្ត រឿងស្មានមិនដល់ភាពទុក្ខសោកពិតនៃជីវិតមនុស្ស ដែលឆ្លុះបញ្ចាំងនឹងការពិតសង្គមជាដើម»។
យ៉ាងណាមិញអត្ថបទ២ប្រភេទនេះ គឺមានចំណុចដូចគ្នាត្រង់ទម្រង់នៃការសរសេរ និងការប្រើប្រាស់ Lead។ ពោលគឺការសរសេរតម្រុយលាក់ (Delayed Lead)។
មជ្ឈមណ្ឌលបណ្ដុះបណ្ដាល Fresh News (FTC) បានបើកវគ្គបណ្តុះបណ្តាលអំពីរបៀបសរសេរព័ត៌មានដល់បុគ្គលិកអង្គភាពព័ត៌មាន Fresh News រយៈពេល៣ខែ។ ក្រោយបញ្ចប់ការសិក្សានេះ សិក្ខាកាមទាំងអស់ នឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា ដែលចេញដោយអង្គភាពព័ត៌មាន Fresh News និងគ្រូបង្គោលផងដែរ។ សម្រាប់វគ្គបន្ទាប់ FTC នឹងអនុញ្ញាតឱ្យសិស្ស-និស្សិត និងយុវជនដទៃទៀត ដែលមិនមែនជាបុគ្គលិក Fresh News ចូលរៀនថែមទៀត។
មជ្ឈមណ្ឌលបណ្តុះបណ្តាល Fresh News (Fresh Fresh News Training Center) ហៅកាត់ថា «FTC» ជាផ្នែកមួយរបស់អង្គភាពព័ត៌មាន Fresh News ។ FTC ត្រូវបានបង្កើតឡើងនៅខែកញ្ញា ឆ្នាំ២០២១ ក្រោមគំនិតផ្ដួចផ្ដើមរបស់ លោក លឹម ជាវុត្ថា ដែលស្ថាបនិក និងជាអគ្គនាយកនៃអង្គភាពព័ត៌មាន Fresh News ដើម្បីចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ផ្នែកព័ត៌មាន ក៏ដូចជាចូលរួមបណ្តុះបណ្តាលយុវជនជំនាន់ក្រោយក្នុងវិស័យព័ត៌មានជាដើម។
FTC មានលោក ម៉ារ យ៉ារិទ្ធ ជាប្រធានដែលលោកមានបទពិសោធន៍ក្នុងវិស័យសារព័ត៌មានជាង៣០ឆ្នាំមកហើយ ធ្លាប់ជាភ្នាក់ងារសារព័ត៌មានបរទេសល្បីៗជាច្រើនដូចជា UPI, AP និង VOA ជាដើម។ ក្រៅពីនោះអ្នកកាសែតជើងចាស់ ដែលមានរហ័សនាមជា «អាត់ជួង» នៅកម្ពុជាក្នុងវិស័យសារព័ត៌មានរូបនេះ គឺជាអ្នកចូលរួមក្នុងការបង្កើតស្ថាប័នព័ត៌មាន និងដឹកនាំ ស្ថាប័នសារព័ត៌មាន ជាច្រើននៅកម្ពុជា។ លោក ម៉ារ យ៉ារិទ្ធ គឺជានិស្សិតខ្មែរដែលបានសិក្សាវិស័យវិជ្ជាជីវៈសារព័ត៌មានក្នុង សកលវិទ្យាល័យមីឈីហ្គែន University of Michigan និងសកលវិទ្យាល័យមែរីលែន University of Maryland ក្នុង សហរដ្ឋអាមេរិក៕
សម្រាប់ព័ត៌មានបន្ថែមពាក់ព័ន្ធនឹងការសិក្សា សូមទំនាក់ទំនង៖
១៖ លោក ពេជ្រ ប៊ុនសាយ អគ្គនាយករងអង្គភាពព័ត៌មាន Fresh News និងជាអនុប្រធានប្រចាំការ FTC ទូរស័ព្ទ និង Telegram លេខ៖ 089 960 090
២៖ កញ្ញា ថាន រស្មី ប្រធានផ្នែកទំនាក់ទំនងសាធារណៈតាមរយៈលេខទូរស័ព្ទ ឬ Telegram ៖ 092 322 334