(ភ្នំពេញ)៖ គិតត្រឹមល្ងាចថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១នេះ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ចប់ការសួរនាំ William Guang និងបក្ខពួកសរុប៤នាក់ ពាក់ព័ន្ធករណីប្លន់ទ្រព្យសម្បត្តិ នៅផ្ទះអ្នកលក់ឡេ អ៊ាន ស៊ីវម៉ី រួចបញ្ជូនទៅអាវុធហត្ថរាជធានីភ្នំពេញវិញសិន ដើម្បីបន្ដនីតិវិធីតាមផ្លូវច្បាប់នៅពេលក្រោយ។
ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News លោក ប្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា «សំណុំរឿងខាងលេី តំណាងអយ្យការបាននិងកំពុងបន្តនីតិវិធីរបស់ខ្លួនតាមច្បាប់ មិនទាន់ចំណាត់ចុងក្រោយនៅឡេីយទេ»។
សូមបញ្ជាក់ថា ករណីប្លន់ផ្ទះអ្នកលក់ឡេអនឡាញ អ៊ាន សៀវម៉ី កាលពីវេលាម៉ោងប្រមាណ១០៖៤០នាទី ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ដែលក្រុមចោរមានគ្នា៥នាក់ ប្រដាប់ដោយអាវុធគ្រប់ដៃ និងយកបានគ្រឿងពេជ្រទៅមួយចំនួន គេចខ្លួនបានត្រឹមតែមួយយប់ ក៏ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ក្រោមការចង្អុលបង្ហាញពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញា ច្រឹងខ្មៅ ដោយចាត់ឲ្យលោកព្រះរាជអាជ្ញារង ស៊ិត វណ្ណៈ សម្របសម្រួល។
ប្រតិបត្តិការនេះ បានធ្វើឡើងក្រោមការដឹកនាំបញ្ជាកម្លាំងពីលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការបង្ក្រាបដល់សម្បុក មេក្លោងធំ ដែលជាប្រធានគណបក្សខ្មែរក្រោក និងបានប្រមូលយកគ្រឿងពេជ្រប្រគល់ជូនជនរងគ្រោះវិញ ហើយជនសង្ស័យបានបញ្ជូនដល់តុលាការហើយ។
តាមចម្លើយរបស់ឈ្មោះ សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ វិល្លាម គ័ង ដែលជាមេក្លោង និងជាអ្នករៀបចំផែនការ បានបញ្ជាក់ថា សកម្មភាពចូលប្លន់ផ្ទះអ្នកលក់ឡេអនឡាញ អ៊ាន សៀវម៉ី នេះ គឺខ្លួនរៀបផែនការមុនតែមួយថ្ងៃទេ ដោយចេញធ្វើសកម្មភាពចំនួន៥នាក់ ខ្លួនជាអ្នកដឹកនាំផ្ទាល់តែម្តង មូលហេតុដែលនាំឲ្យខ្លួនសម្រេចចិត្តប្លន់គឺដោយសារ៖
*ទី១៖ សព្វថ្ងៃខ្លួនខ្វះខាតលុយកាក់ទ្រទ្រង់ជីវភាព និងបក្ខ ជាក់ស្តែងរថយន្តដែលខ្លួនជិះ គឺបង់រំលោះមិនទាន់ដាច់នៅឡើយ ហើយផ្ទះដែលខ្លួនរស់នៅ គឺជួលក្នុងតម្លៃ ២៥០០$ក្នុង១ខែ ជំពាក់ឈ្នួលផ្ទះគេ២ខែហើយ ចំណែកស្នាក់ការបក្សចំនួន១៦ខេត្ត ក៏មិនមានប្រាក់បង់ឈ្នួលផ្ទះឲ្យគេ ព្រមទាំងជំពាក់បំណុលគេជុំទិសទៀតផង។
*ទី២៖ ខ្លួនមានទស្សន: អ្នកក្រនិយម ជ្រិញពួកអ្នកមាន ឡាយតាម Facebook បង្អួតទ្រព្យសម្បត្តិ ដូចនេះ ក៏កើតចិត្តចង់ព្រមានដល់អ្នកមានមួយចំនួនដែលមានចរិតបែបនេះ។
កន្លងមកពួកខ្លួនបានធ្វើសកម្មភាពប្លន់ចំនួន២លើក៖
*ទី១៖ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានធ្វើសកម្មភាពប្លន់ ម្ចាស់បុរីម៉នដានី នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ តែមិនបានសម្រេច ព្រោះនៅថ្ងៃធ្វើសកម្មភាពស្រាប់តែជនរងគ្រោះមិនបាននៅក្នុងឡានដែលពួកខ្លួនបានកាក់ប្លន់ ក៏ក្លែងធ្វើជាសួរនាំក្នុងនាមសមត្ថកិច្ច ហើយពេលនោះខ្លួនមិនបានចូលរួមទេ គឺឲ្យតែកូនចៅ ០៥នាក់ អាវុធវែង០១ដើម អាវុធខ្លី០២ដើម និងក្លែងឯកសណ្ឋានសមត្ថកិច្ច ចុះទៅធ្វើសកម្មភាព។
*ទី២៖ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ខ្លួនបានប្រើរូបភាពដូចលើកទី១ដែរ គឺក្លែងឯកសណ្ឋានសមត្ថកិច្ច និងក្លែងដីកាបង្គាប់ឲ្យនាំខ្លួន ចុះទៅធ្វើសកម្មភាព ប្លន់យកទ្រព្យសម្បត្តិ នៅផ្ទះអ្នកឡេអនឡានឈ្មោះ អ៊ាន សៀវម៉ី បានសម្រេចដោយប្រមូលបានគ្រឿងពេជ្រមួយចំនួន តែរំលងបានតែ១យប់ ក៏ត្រូវសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញចុះបង្ក្រាបដល់ផ្ទះ ដោយឃាត់ខ្លួនមនុស្សបានចំនួន១២នាក់ អាវុធវែងខ្លីចំនួន០៥ដើមភ្លាមៗ និងគ្រឿងពេជ្រជាច្រើនឈុតត្រឡប់មកវិញ ក្រោយមកឆែកឃើញអាវុធ០១ដើមទៀត លាក់នៅមាត់លូ សរុបដកហូតបានអាវុធ ០៦ដើម៕