(ភ្នំពេញ)៖ លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១នេះ បានសំណូមពរ៩ចំណុច ដល់បេក្ខជនដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដែលនឹងប្រព្រឹត្ដិទៅនៅថ្ងៃទី២៧-២៨ ខែធ្នូ ឆ្នាំ២០២១។
តាមរយៈបណ្ដាញព័ត៌មាន Fresh News លោក រស់ សុវាចា សំណូមពរបេក្ខជនប្រឡងបាក់ឌុប ថ្ងៃ២៧-២៨ ខែធ្នូ ឆ្នាំ២០២១៖
១៖ ទៅកាន់មណ្ឌលប្រឡងរៀងៗខ្លួន នៅថ្ងៃស្អែកទី២៦ ខែធ្នូ ឆ្នាំ២០២១ ចាប់ពីម៉ោង៩ព្រឹក ដើម្បីពិនិត្យមើលឈ្មោះ, លេខបន្ទប់, លេខតុ, ស្ទង់កំដៅ និងទទួលស្ទីកឃ័រសុខភាពបញ្ជាក់ថា មានកំដៅធម្មតា
២៖ រៀបចំទឹក ម៉ាស់ អាល់កុលលាងដៃ យកទៅមណ្ឌលប្រឡង
៣៖ កុំយកដៃសើម (ដោយសារអាល់កុលលាងដៃជាដើម) ប៉ះពាល់សន្លឹកកិច្ចការប្រឡងដែលអាចបណ្ដាល ឲ្យមានស្លាកស្នាមលើសន្លឹកកិច្ចការ ក្នុងដំណើរការសំណេរ
៤៖ បន្តអនុវត្តផែនការបុគ្គលត្រៀមប្រឡងបាក់ឌុបរៀងៗខ្លួន ដើម្បីទទួលបានលទ្ធផលសមតាមការខិតខំប្រឹងប្រែង
៥៖ តាំងចិត្តឲ្យស្ងប់តាមវិធីដែលខ្លួនចូលចិត្ត ដូចជាតាមការតាំងសមាធិជាដើម
៦៖ ញ៉ាំឲ្យគ្រប់ គេងឲ្យគ្រាន់ ទឹកឲ្យក្រែល
៧៖ បន្តចូលរួមអនុវត្តគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន
៨៖ ចូលរួមប្រតិបត្តិវិធានការសុវត្ថិភាពសុខភាព ជាពិសេសអនុវត្ត៣ការពារ ៣កុំ ក្នុងការរក្សាសុខសុវត្ថិភាពបុគ្គល និងគ្រួសារ
៩៖ បង្កើនការប្រុងប្រយ័ត្នពេលធ្វើដំណើរតាមដងផ្លូវ ដោយត្រូវបន្តគោរពច្បាប់ចរាចរណ៍។
គូសបញ្ជាក់ថា ក្នុងឆ្នាំសិក្សា២០២០-២០២១ បេក្ខជនចុះឈ្មោះប្រឡងសរុប ១១៤ ១៨៣នាក់ ស្រី៦០ ៣៩៧នាក់។ បេក្ខជន ត្រូវបានរៀបចំចំនួន២៥នាក់ ក្នុងមួយបន្ទប់ លើកលែងតែបន្ទប់ចុងក្រោយ និងបន្ទប់ដែលមានបេក្ខជនមកពីវិទ្យាល័យអប់រំពិសេស។
ដោយឡែក មណ្ឌលសំណេរមានចំនួនសរុប ២០៤មណ្ឌល ត្រូវជា៤,៦១៦បន្ទប់។ មណ្ឌលកំណែសម្រាប់ការ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មានចំនួន១០មណ្ឌល នៅរាជធានីភ្នំពេញ។
វិញ្ញាសាទាំងអស់ ត្រូវបានជ្រើសរើស តាក់តែងរៀបចំ និងគ្រប់គ្រងដោយក្រសួងអប់រំ។ វិញ្ញាសាប្រឡងត្រូវបានកំណត់សម្រាប់ថ្នាក់វិទ្យាសាស្ត្រ និងសម្រាប់ថ្នាក់ វិទ្យាសាស្រ្តសង្គម និងមាន៧មុខវិជ្ជា។ ទម្រង់វិញ្ញាសាត្រូវបានរៀបចំជាពីរគឺ ទម្រង់វិញ្ញាណចម្លងដាក់លើក្តារខៀន និងទម្រង់វិញ្ញាសា ដែលត្រូវចែកជូនបេក្ខជន។ គណៈមេប្រយោគ និងគណៈកម្មការនានា ដែលចូលរួមក្នុងដំណើរការប្រឡង មានចំនួន ៣១,៤៣២នាក់៕