(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានថ្លែងបញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនគោល ព្រមជាមួយនឹងការអបអរសាទរខួបទី២៣ ទិវានយោបាយឈ្នះឈ្នះ ជាឱកាសមួយដែលអនុញ្ញាតឲ្យកីឡាករជម្រើសជាតិបានចូលរួមហ្វឹកហាត់ ដើម្បីត្រៀមចេញទៅចូលរួមក្នុងការប្រកួតនានានៅអន្តរជាតិ និងដើម្បីឈានឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣។
លោក ថោង ខុន បានលើកឡើងដូចនេះនាឱកាសដែលលោកបានអញ្ជើញថ្លែងសន្ទរកថា ក្នុងពិធីបើកការប្រកួតកីឡាវាយកូនគោល «ពានរង្វាន់សម្តេចតេជោ នាយករដ្ឋមន្ត្រីលើកទី៥» ដែលប្រារព្ធធ្វើឡើងនៅទីលានវាយកូនគោលវឌ្ឍនៈហ្គោលរីសត នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១នេះ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ជាមួយនោះលោក ថោង ខុន ក៏បានថ្លែងអំណរគុណចំពោះ សម្តេចតេជោ ហ៊ុន សែន ដែលបានអនុញ្ញាតជាគោលការណ៍ឲ្យគណៈកម្មការប្រគល់ទឹកប្រាក់ដែលនៅសេសសល់ពីការចំណាយក្នុងព្រិត្តិការណ៍នេះ ជូនទៅសហព័ន្ធកីឡាវាយកូនគោលកម្ពុជា ដើម្បីជាប្រយោជន៍ដល់ការពង្រឹងសហព័ន្ធ រួមមានទាំងការបណ្តុះបណ្តាលកីឡាករថ្នាល និងការទៅចូលរួមប្រកួតនៅក្រៅប្រទេស។
លោករដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា ការដាក់ចេញនូវនយោបាយឈ្នះឈ្នះរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ចប់ទាំងស្រុងនូវសង្គ្រាមស៊ីវិលផ្ទៃក្នុងកម្ពុជា ហើយនយោបាយនេះបាននាំមកនូវសន្តិភាព និងការអភិវឌ្ឍន៍គ្រប់វិស័យទូទាំងប្រទេស។
ចាប់ពីឆ្នាំ១៩៩៨មក តែ២៣ឆ្នាំក្រោមម្លប់នៃសន្តិភាពសមិទ្ធផលសេដ្ឋកិច្ចសង្គម បានកើតឡើងរីកស្គុះស្គាយរាប់មិនអស់ ដែលក្នុងនោះមានទាំងសមិទ្ធិផលដែលនឹកស្មាន មិនដល់ មិនធ្លាប់មានកាលពីមុនសង្គ្រាម ដូចជាទំនប់វារីអគ្គិសនី ផ្លូវថ្នល់ស្ពានធំៗឆ្លងកាត់ទន្លេមេគង្គ ទន្លេសេកុង អគារខ្ពស់ៗក្នុងទីក្រុង ស្ពានអាកាស ផ្លូវថ្នល់ស្អាត តាមស្តង់ដារអន្តរជាតិ ក្នុងទីក្រុងគោលដៅធំៗ ដូចនៅក្រុងព្រះសីហនុ សៀមរាប ពហុកីឡាដ្ឋានថ្មីមរតកតេជោដ៏ធំថ្មីទំនើបនៅលើទឹកដីកម្ពុជា។
លោក ថោង ខុន បានបញ្ជាក់បន្ថែមថា ក្នុងដំណាក់កាលនៃការប្រយុទ្ធប្រឆាំងកូវីដ-១៩ ទោះបីកម្ពុជាបានបិទបញ្ចប់ព្រឹត្តិការណ៍២០កុម្ភៈ ហើយក៏ដោយ សម្តេចតេជោ ក៏បានរំលឹកនិងដាស់តឿនថា វិធានការ៣កុំ ៣ការពារ និងការរស់នៅតាមគន្លងប្រក្រតីភាពថ្មី គឺនៅតែត្រូវបានបន្តប្រកាន់ខ្ជាប់ក្នុង ជីវភាពរស់នៅប្រចាំថ្ងៃទាំងអស់គ្នា ដើម្បីអាចដំណើរការសេដ្ឋកិច្ចសង្គមបាន និងទប់ស្កាត់ការចម្លងឆ្លងរីករាលដាលនៃកូវីដ-១៩នេះបាន។ ក្នុងនោះការបន្តជំរុញការចាក់ដូសទី៣ ត្រូវអនុវត្តឱ្យបានរហ័ស តាមផែនការ ហើយសម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍ដ៏ខ្ពង់ខ្ពស់ឱ្យពិចារណាលើដូសទី៤ផងដែរ។
លោកធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបន្តថា នៅតែ ៤៩៥ថ្ងៃទៀត SEA Games នឹងមកដល់ ហើយដំណើរឆ្ពោះទៅ SEA Games 2023 បាននិងកំពុងប្រព្រឹត្តទៅក្រោមពាក្យស្លោក «កីឡា រស់នៅក្នុងសន្តិភាព»។ ពិតណាស់ថា បើគ្មានសន្តិភាព វិស័យកីឡាក៏មិនអាចមានឱកាសធ្វើការអភិវឌ្ឍបានឡើយ៕