(ភ្នំពេញ)៖ សហភាពសហព័ន្ធសហជីពជាតិកម្ពុជា (CCTU) នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១នេះ បានរៀបចំសមាជរបស់ខ្លួន ដើម្បីជ្រើសរើសថ្នាក់ដឹកនាំថ្មីសម្រាប់អាណត្តិទី៧ ដែលសមាជនេះរៀបចំឡើងក្រោមអធិបតីភាពលោក ប្រាក់ ចាន់ធឿន លេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តំណាងលោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ហើយជាលទ្ធផលលោកស្រី ទេព គឹមវណ្ណា បានជាប់ជាប្រធានសម្រាប់អាណត្តិទី៧នេះ។
លោក ប្រាក់ ចាន់ធឿន បានផ្តែផ្តាំឱ្យសហជីពត្រូវតែគោរពច្បាប់។ ពីព្រោះការងារខាងក្រៅធ្វើបាន ការងារខាងក្នុងធ្វើបាន តែទិដ្ឋភាពច្បាប់មិនគោរពនោះ គឺមិនបានទេ គឺត្រូវតែនាំគ្នាខិតខំអនុវត្តច្បាប់ទាំងអស់គ្នា។
តាមរបាយការណ៍បានបញ្ជាក់ថា នេះគឺជាខួប១៨ឆ្នាំ នៃការបង្កើតសហភាពសហព័ន្ធសហជីពជាតិកម្ពុជា (CCTU) (ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០០៣-ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១) ហើយនៅពេលដល់អាណត្តិ CCTU តែងតែរៀបចំពិធីសមាជនេះ ដើម្បីជ្រើសរើសថ្នាក់ដឹកនាំសម្រាប់អាណត្តិថ្មី ឬអាណត្តិបន្ត។
របាយការណ៍បានបញ្ជាក់ថា មានសហព័ន្ធសហជីពចំនួន១៦ នៅក្រោមការគ្រប់គ្រងរបស់សហភាពសហព័ន្ធសហជីពជាតិកម្ពុជា ហើយ CCTU មានសមាជិកពីគ្រប់វិស័យដូចជា៖ វិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង កំពង់ផែ ស្រាបៀរ សំណង់ ស្រែអំបិលនេសាទ ដែលគ្រប់ដណ្ដប់ចំនួន ១៥ខេត្ត-ក្រុង និងមានសមាជិកមានចំនួន៨៤២៨៩ នាក់ ប៉ុន្តែសមាជិកបានធ្លាក់ចុះនៅក្នុងអំឡុងរីកការរីករាលដាលនៃជំងឺកូវីដ១៩ ដោយសារអ្នកខ្លះ បានទៅធ្វើការកន្លែងផ្សេង ហើយមិនអាចវិលត្រឡប់មកវិញ ហើយអ្នកខ្លះទៀតបានស្លាប់។
របាយការណ៍បានបញ្ជាក់ដែរថា ដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩ រយៈពេលជិតពីរឆ្នាំសារភាពមិនបានធ្វើសកម្មភាពទាល់តែសោះ ដោយសារតែមានការបែងចែកជាតំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿង។ ម្នាក់ៗនៅតែផ្ទះរៀងខ្លួន លុះដល់ថ្ងៃទី០៦ ខែឧសភា ទើបមានការបើកឱ្យធ្វើការតាមតំបន់មួយចំនួន។
ចំណែកលោក ទុន សុភ័ណ អ្នកសម្របសម្រួលថ្នាក់ជាតិរបស់អង្គការអន្តរជាតិអាយឡូ (ILO) ប្រចាំប្រទេសកម្ពុជា បានអបអរសាទរ ដែលសហភាពសហព័ន្ធសហជីពជាតិកម្ពុជា បានជ្រើសរើសបេក្ខនារីប្រធានសម្រាប់អាណត្តិទី៧នេះ។ លោកថា សមាជិកនៅក្នុងសហភាពសហព័ន្ធសហជីពជាតិកម្ពុជា ភាគច្រើនជាស្ត្រីនៅតាមរោងចក្រ សហគ្រាស ជាច្រើន ដូច្នេះយើងចង់ឲ្យមានថ្នាក់ដឹកនាំជាស្ត្រីឱ្យបានច្រើន ដើម្បីដោះស្រាយបញ្ហានានារបស់ស្ត្រី នៅកន្លែងការងារ ក៏ដូចជាចលនាសហជីព។
ជាមួយគ្នានោះលោកបានអបអរសាទរចំពោះសមិទ្ធផល ដែល CCTU សម្រេចបានក្នុងអាណត្តិកន្លងមក។ លោកថា CCTU បានធ្វើការយ៉ាងច្រើន ជាពិសេសរយៈពេលពីរឆ្នាំកន្លងមកនេះ ដើម្បីស្ដារឡើងវិញពីវិបត្តិកូវីដ១៩ ដែលមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ក៏ដូចជាសេដ្ឋកិច្ចពិភពលោក ជាពិសេសមុខរបរ និងការងាររបស់កម្មករនៅតាមរោងចក្រសហគ្រាស។ ជាមួយគ្នានោះ តំណាងអង្គការអាយឡូ ក៏បានសន្យាជួយផ្នែកបណ្ដុះបណ្ដាលរបស់សហហភាពសហព័ន្ធសហជីពជាតិកម្ពុជាផងដែរ។
ថ្លែងនៅក្នុងពិធីនោះ លោក ប្រាក់ ចាន់ធឿន បានផ្ដែផ្ដាំឱ្យថ្នាក់ដឹកនាំនៅក្នុងសភាពសហព័ន្ធសហភាពជាតិកម្ពុជា (CCTU) ចេះសាមគ្គីគ្នា និងមានភាពរស់រវើកឡើង ដើម្បីឈានទៅការរីកចម្រើន ហើយអ្វីដែលត្រូវគិត គឺភាពយុវជន និងភាពជាស្ត្រី ដើម្បីធ្វើជាថ្នាក់ដឹកនាំនាពេលអនាគត។
លោករដ្ឋលេខាធិការ ក៏បានផ្ដាំផ្ញើឱ្យពង្រឹងសហជីពមូលដ្ឋាន ដែលទាក់ទងទៅនឹងតួនាទី និងភារកិច្ចរបស់សហជីពមូលដ្ឋាន ដែលត្រូវបណ្ដុះបណ្ដាល ឱ្យចេះទាំងអស់គ្នា ពីព្រោះវាបញ្ហាសំខាន់របស់សហជីព។
បន្ថែមពីនេះ លោក ប្រាក់ ចាន់ធឿន បានប្រាប់ឱ្យសភាពសហព័ន្ធសហភាពជាតិកម្ពុជា (CCTU) ចាប់អារម្មណ៍ទៅលើវិស័យផ្សេងៗទៀតក្រៅពីរោងចក្រ សហគ្រាស។ លោកថា ថ្វីដ្បិតតែវិស័យផ្សេងៗ មានគ្នាតិច ប៉ុន្តែជាវិស័យដែលមានឥទ្ធិពល។
ជាមួយនឹងការលើកឡើងខាងលើនេះ លោករដ្ឋលេខាធិការបានមើលឃើញចន្លោះប្រហោងសម្រាប់ការងារសហជីព គឺការរើសអើង។ យើងត្រូវពិនិត្យតាមដានអំពីសកម្មភាពរបស់និយោជក ថាតើសកម្មភាពរបស់គេ រើសអើងសហជីពដែរ ឬអត់ កុំនៅពេលដេញសហជីព ថាគេរើសអើង គេផ្ដាច់កិច្ចសន្យាថា គេរើសអើង ក៏មិនត្រូវដែរ ប៉ុន្តែនិយោជក ក៏មាននិយោជកខ្លះក៏មិនល្អដែរ។
មន្ត្រីជាន់ខ្ពស់ក្រសួងការងាររូបនេះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «អ្វីដែលយើងត្រូវគិតនៅក្នុងអំឡុងពេលនេះ កុំប្រើកូដកម្ម គឺត្រូវប្រើការចរចាគ្នា ហើយត្រូវសិក្សាពីអង្គហេតុ អង្គច្បាប់ ថាតើ ជាការរើសអើង ឬជាអ្វី ហើយត្រូវធ្វើការតវ៉ាសម្របសម្រួលតាមនីតិវិធី»។
ទន្ទឹមនឹងនេះ លោក ប្រាក់ ចាន់ធឿន បានបន្ថែមថា «ក្នុងអំឡុងពេលមុនយុទ្ធនាការឃោសនាបោះឆ្នោត តែហ៊ានធ្វើអ្វីបន្តិច ក្រុមប្រឆាំងរដ្ឋាភិបាល គេនឹងចូលទៅចាប់យក ហើយគេនឹងដណ្ដើមយកសមាជិក ធ្វើឱ្យយើងបាត់ក្រេឌីត។ ការបង្កើតបាតុកម្ម កូដកម្ម ទោះបីសម្របសម្រួលតាមច្បាប់ ប៉ុន្តែជាឱកាសរបស់ក្រុមប្រឆាំង»៕