(កំពង់ធំ)៖ ខណៈថ្ងៃប្រឡងសញ្ញាបត្រមធ្យសិក្សាទុតិយភូមិ នឹងត្រូងធ្វើឡើងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ សិស្សានុសិស្សក្រីចំនួន៩១នាក់ នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ ទទួលបានថវិកាឧបត្ថម្ភពីអាជ្ញាធរក្រុង ជាការលើកទឹកចិត្ត សម្រាប់ប្រើប្រាស់ក្នុងពេលចាំបាច់នៃការបប្រឡងរបស់ពួកគេ។
ពិធីប្រគល់ និងជួបសំណេះសំណាលសិស្សានុសិស្សក្រីក្រទាំង៩១នាក់នេះ បានធ្វើឡើងនារសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ ម្សិលមិញ ក្រោមវត្តមានលោក ម៉ាក់ ប៊ុនហុង អភិបាលក្រុងស្ទឹងសែន។
នាឱកាសនេះ លោកអភិបាលក្រុង លើកឡើងថា ការប្រឡងមធ្យមសិក្សាទុតិយភូមិសម្រាប់ប្អូនៗ សិក្សារៀនបញ្ចប់ថ្នាក់វិទ្យាល័យ គឺជាថ្ងៃវាស់ស្ទង់សមត្ថភាពដែលមានសារសំខាន់បំផុត នៃការខិតខំប្រឹងប្រែង រៀនសូត្ររបស់សិស្សគ្រប់រូប។
លោកបានបន្តថា ការសិក្សាមិនអាចយកលុយ មាស ប្រាក់ ទៅទិញចំណេះដឹងពី លោកគ្រូ អ្នកគ្រូបានឡើយ! ដូច្នេះមានតែការខិតខំប្រឹងប្រែងរៀនសូត្រដោយខ្លួនប៉ុណ្ណោះទើបទទួលបាន ចំណេះដឹងពិតប្រាកដ។
ជាមួយគ្នានេះដែរ លោកបានបន្ថែមថា ការប្រឡងទាំងអស់តែងតែមានបទបញ្ជារផ្ទៃក្នុងដែលត្រូវឱ្យប្អូន គោរពតាមជាដាច់ខាត ក្នុងករណីមានសកម្មភាពណាមួយដែលផ្ទុយពីលក្ខខណ្ឌដែលបានចែង បេក្ខជនរូបនោះ អាចនឹងត្រូវបាត់បង់សិទ្ធិប្រឡងផងដែរ។ ទន្ទឹមនេះ ការរៀបការត្រៀមខ្លួនរបស់ប្អូនជាចាំបាច់ ត្រូវរៀបចំឯងសារផ្ទាល់ខ្លួន (បណ្ណសម្គាល់ខ្លួនសុំសិទ្ធិប្រឡង) មិនអាចខ្វះបាន ជាពិសេសត្រូវថែទាំសុខភាព ទាំងការហូបចុក និងស្នាក់នៅ។ ដើម្បីរួមចំណែក្នុងសកម្មភាពធ្វើដំណើររបស់ប្អូន ក្នុងនាមរដ្ឋបាលក្រុង ស្ទឹងសែន ឧបត្ថម្ភថវិកាធ្វើដំណើរសម្រាលដល់ការលំបាក ក្នុងមួយនាក់ចំនួន ៤ម៉ឺនរៀល ដល់ប្អូនៗមានជីវភាពខ្វះខាតចំនួន៩១នាក់ផងដែរ។
ជាមួយគ្នានេះ លោកអភិបាលក្រុង បានបញ្ជាក់ថា សិស្សានុសិស្សលើកឡើងដែរថា ឆ្នាំសិក្សា (២០២០-២០២១)នេះ ទទួលបានចំណេះពីលោកគ្រូ អ្នកគ្រូ តិចជាងឆ្នាំមុនៗ ព្រោះការសិក្សាតាមប្រព័ន្ធអនឡាញ (Online) មានបញ្ហាខ្លះៗ, ប៉ុន្តែក្រុមសិក្សានុសិស្សនៅតែសប្បាយចិត្ត ដែលក្រសួងអប់រំយុវជន និងកីឡា បើកឱ្យមានការប្រឡងមធ្យមសិក្សាទុតិយភូមិ ដើម្បីវាស់ស្ទង់សម្ថភាពរបស់ពួកគេ។
យោងលើរបាយការណ៍របស់មន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ធំ បានបញ្ជាក់ថា មន្ទីរអប់រំយុវជន និងកីឡា បានរៀបចំមណ្ឌលប្រឡងសរុបចំនួន១០មណ្ឌល ស្មើនឹង១៩៥បន្ទប់ ក្នុងនោះមានមណ្ឌលប្រឡងផ្នែកវិទ្យាសាស្រ្ត ចំនួនពីរមណ្ឌល ស្មើ៥១បន្ទប់ មានបេក្ខជនប្រឡងសរុបចំនួន ១,២៤១នាក់ និងមណ្ឌលផ្នែកសង្គម មានចំនួន ៨មណ្ឌល ស្មើ១៤៤បន្ទប់ មានបេក្ខជនប្រឡងសរុប ៣,៥៩៥នាក់៕