(ភ្នំពេញ)៖ លោក សួន រិនឌី តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមសហព័ន្ធវិនិយោគិនកម្ពុជា សូមផ្ញើសារគាំទ្រយ៉ាងពេញទំហឹងចំពោះការសម្រេចជាឯកច្ឆន្ទរបស់អង្គសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៣ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ ដែលជ្រើសតាំងឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនៅថ្ងៃអនាគត។
សារគាំទ្រនេះបានលើកឡើងថា ឯកឧត្តម ហ៊ុន ម៉ាណែត គឺជាឥស្សរជនវ័យក្មេង ជាថ្នាក់ដឹកនាំយុវជន និងបញ្ញាវន្តខ្មែរដ៏ឆ្នើមមួយរូប ដែលពោរពេញដោយសមត្ថភាព ទេពកោសល្យ និងភាពជាអ្នកដឹកនាំដ៏ល្អប្រសើរ ព្រមទាំងមានគុណធម៌ សុជីវធម៌ និងតម្កល់ផលប្រយោជន៍ជាតិ និងប្រជាជនជាធំ ដែលតែងទទួលបាននូវការគោរពកោតសរសើរ ការគោរពស្រលាញ់ ការជឿជាក់ពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋខ្មែរទូទៅ ហើយឯកឧត្តមបាននិងកំពុងចូលរួមចំណែកយ៉ាងសកម្មក្នុងបេសកកម្ម ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជនកម្ពុជា។
សារគាំទ្រដដែលបានបន្តទៀតថា យើងមានជំនឿយ៉ាងមុតមាំថា ឯកឧត្តម ហ៊ុន ម៉ាណែត ពិតជាឥស្សរជនដែលសក្តិសមជាអនាគតនាយករដ្ឋមន្ត្រី ដើម្បីបន្តវេនដឹកនាំការពារបូរណភាពទឹកដី អធិបតេយ្យភាព សុខសន្តិភាព សាមគ្គីភាព ស្ថិរភាពសង្គម និងជំរុញការអភិវឌ្ឍជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ដើម្បីសេខក្តីសុខ សុភមង្គល និងបំណងប្រាថ្នារបស់ប្រជាជនកម្ពុជាគ្រប់ៗរូបនាពេលអនាគត៕