(ភ្នំពេញ)៖ ក្រោយពីការស្រាវជ្រាវពេញ១ថ្ងៃ ក្រុមចោរលួចស្លាកលេខរថយន្តនៅបុរី «ឌីអរ រេស៊ីដេន» (Dr residence) ចំនួន៣នាក់ រួមទាំងអ្នកទទួលផលចោរកម្មម្នាក់ផង ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ និងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជនីភ្នំពេញ ចាប់ខ្លួនបានហើយ។ នេះបើយោងតាមលោកវរសេនីយ៍ឯក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News។
លោកអធិការបានឱ្យដឹងថា ជនសង្ស័យ ដែលត្រូវឃាត់ខ្លួនបានរួមមាន៖
*ទី១៖ ឈ្មោះ សួង សៅនៀវ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ (ជាអ្នកទទួលទិញស្លាកលេខ រថយន្តដែលចោរលួចយកទៅលក់ឱ្យ)។
*ទី២៖ ឈ្មោះ ផាន សុីណា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួល ភូមិអូរដឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ (អ្នកលួចស្លាកលេខរថយន្ដ)។
*ទី៣៖ ឈ្មោះ អ៊ុន ប្រុស ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ (ជាអ្នកលួចស្លាកលេខរថយន្ដ)។
និងទី៤៖ ឈ្មោះ សិត ដេឌី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ (អ្នកលួចស្លាកលេខរថយន្ដ)។
លោកវរសេនីយ៍ឯក ម៉ន វុធី បានបញ្ជាក់ថា ចំណែកឯជនរងគ្រោះឈ្មោះ សៀម ស្រីលាវ ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរនៅផ្ទះស្នាក់នៅភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
សម្ភារដកហូតបានរួមមាន៖ ម៉ូទ័រដោះស្លាកលេខរថយន្ដចំនួន ០១គ្រឿង និងស្លាកលេខរថយន្ដចំនួន០៧គ្រឿង។
ចំពោះប្រតិបត្តិការនេះបានធ្វើឡើងក្រោយទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានករណីបាត់ស្លាកលេខរថយន្ដ នៅព្រឹកថ្ងៃសុក្រទី២៤ ខែធ្នូ ឆ្នាំ២០២១ កម្លាំងនគរបាលអធិការនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ក្រោមការដឹកនាំពីលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដឹកនាំកងកម្លាំងចុះស្រាវជ្រាវដោយឆែកឆេរកាមេរ៉ាសុវត្ថិភាព តាមផ្ទះប្រជាពលរដ្ឋ រហូតដល់កំណត់មុខសញ្ញា ទើបឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ក្នុងនោះម្នាក់ជាអ្នកទទួលទិញ ស្លាកលេខរថយន្ដ ហើយពេកនេះកំពុងធ្វលការសាកសួរ និងចាត់ការតាមច្បាប់ហើយ។
សូមរម្លឹកផងដែរថា ជនរងគ្រោះជាច្រើនគ្រួសារដែលរស់នៅក្នុងបុរី «ឌីអរ រេស៊ីដេន» (Dr residence) ដែលស្ថិតនៅក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ថា រថយន្តរបស់ពួកគាត់ត្រូវបានក្រុមចោរលូចគាស់យកផ្លាកលេខអស់៧គ្រឿង ក្នុងពេលតែមួយ។
ប្រជាជនរងគ្រោះបានឲ្យដឹង នៅព្រលប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១នេះថា ក្នុងនោះមានរថយន្ត Lexus 470 ១គ្រឿង, រថយន្ត Lexus 330 ១គ្រឿង, រថយន្តព្រូស៣គ្រឿង, រថយន្តតាកូម៉ា១គ្រឿង និងរថយន្តមិនស្គាល់ម៉ាក១គ្រឿងទៀត ត្រូវបានក្រុមចោរចូលលួចគាស់យកផ្លាកលេខរថយន្តមិនដឹងតាំងពីពេលណានោះទេ ខណៈព្រឹកឡើងទើបប្រជាពលរដ្ឋនាំគ្នាផ្អើលឆោឡោរឿងបាត់ផ្លាកលេខរថយន្តតែម្តង។
ជនរងគ្រោះ បានបញ្ជាក់ថា រថយន្តពួកគេក្រុមចោរបានគាស់យកផ្លាកលេខទាំងខាងមុខទាំងខាងក្រោយ ដោយរថយន្តទាំងនោះបានចតទុកនៅពីមុខផ្ទះរបស់ពួកគាត់ជារៀងរាល់ថ្ងៃ ហើយនៅក្នុង «បុរី ឌីអរេស៊ីដេន» នេះគឺមិនមានសន្តិសុខយាមកាមអ្វីនោះឡើយ ដែលជាហេតុធ្វើក្រុមចោរទាំងនោះឆ្លៀតឱកាសលួចគាស់យកផ្លាកលេខរថយន្តរបស់ប្រជាពលរដ្ឋទៅបាត់ដោយងាយស្រួលបែបនេះ។
ជនរងគ្រោះបានពោលពាក្យទាំងទឹកមុខមិនរីករាយថា គាត់ពិតជាមានការសោកស្តាយខ្លាំងណាស់ ព្រោះពេលនេះសមត្ថកិច្ចកំពុងរឹតបន្តឹងទៅលើរថយន្តអត់ពន្ធ ហើយរថយន្តដែលអត់ផ្លាកលេខ គឺមិនអាចបានធ្វើដំណើរចរាចរណ៍នៅតាមដងផ្លូវបានទេ លុះត្រាណាតែយើងស្នើសុំធ្វើផ្លាកលេខថ្មីជាមុនសិន។
ក្រុមប្រជាពលរដ្ឋរងគ្រោះបន្ទាប់ពីត្រូវចោរលួចគាស់ផ្លាកលេខយកទៅបាត់នោះ បាននាំគ្នាទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ ដើម្បីឱ្យសមត្ថកិច្ចជួយស្វែងរក និងតាមចាប់ជនសង្ស័យយកមកផ្ដន្ទាទាស់ឱ្យខាងតែបាន និងសូមអំពាវនាវដល់សមត្ថកិច្ច មេត្តារឹតបន្តឹងសន្តិសុខជូនប្រជាពលរដ្ឋផង ខណៈរឿងនេះជារឿងចោរកម្មដ៏គួរឱ្យភ័យខ្លាច លើកនេះចោរគាស់ត្រឹមផ្លាកលេខរថយន្ត ថ្ងៃក្រោយអាចគាស់ផ្ទះ និងអំពើផ្សេងៗទៀតក៏ថាបាន ពេលនេះកម្លាំងនគរបាលខាងលើចាប់ក្រុមចោរបានសម្រេចដូចបំណងហើយ៕