(ត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១នេះ លោក ចាយ បូរិន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានផ្នែកឃោសនាអប់រំ នៃយុជនគណបក្សថ្នាក់កណ្តាល តំណាងលោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា ប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) និងលោកស្រី បាននាំយកអំណោយសម្ភារសម្រាប់បម្រេីផ្នែកសុខាភិបាលរួមមាន អាវពេទ្យ PPE ៥០០អាវ ម៉ាស់២កេស ជែលលាងដៃ១កេស និងថវិកាចំនួន៣លានរៀល របស់លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ប្រគល់ជូនក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។
លោក ចាយ បូរិន បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជាពិសេសការផ្តាំផ្ញើសាកសួរសុខទុក្ខរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ជូនចំពោះលោកគ្រូអ្នកគ្រូពេទ្យ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត និងបុគ្កលិក នៃការិយាល័យសុខាភិបាលស្រុកតំបែរទាំងអស់ ដោយក្តីនឹករលឹក និងការគិតគូរយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងសុខុមាលភាពរបស់ប្រជាជនទូទៅ ដែលកំពុងរស់នៅតាមបែបគន្លងថ្មី នៃបរិបទកូវីដ១៩ ដោយត្រូវបន្តចូលរួមអនុវត្តតាមវិធានការសុខាភិបាល គឺ ៣ការពារ និង៣កុំ ឲ្យបានខ្ជាប់ខ្ជួន។
លោក ចាយ បូរិន បានបញ្ជាក់ថា សម្ភារដែលនាំយកមកផ្តល់ជូននាពេលនេះ គឺជាការចូលរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាល បន្ទាប់ពីលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ តំណាងសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «អគារពិនិត្យ ព្យាបាលជំងឺទូទៅ តេជោសែន តំបែរ» កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅនេះ។
លោក ចាយ បូរិន បានស្នើឲ្យមន្ត្រីជំនាញ និងអាជ្ញាធរស្រុករួមសហការគ្នា បន្តចុះអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឲ្យចេះថែរក្សាសុខភាពដោយខ្លួនឯង បើទោះបីជាកម្ពុជា មានអត្រាឆ្លងកូវីដ-១៩ទាប តាមរយៈការប្រុងប្រយ័ត្នគ្រប់ពេល សូមកុំមើលស្រាលជំងឺនេះឲ្យសោះ ព្រោះជំងឺនេះគឺជាជំងឺឆ្លងរាតត្បាតដ៏កាចសាហាវបំផុត ហើយទោះបីពិភពលោករកឃើញវ៉ាក់សាំងការពារក្តីក៏នៅតែប្រុងប្រយ័ត្នជានិច្ច គឺឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ជែលសម្លាប់មេរោគ ឬទឹកអាល់កុល ហើយប្រើម៉ាស់ឲ្យបានជាប្រចាំ។
លោកបានសង្កត់ធ្ងន់ថា កាតព្វកិច្ចរបស់គ្រូពេទ្យ គឺត្រូវផ្សារភ្ជាប់ជាមួយមនោសញ្ចេតនា រវាងគ្រូពេទ្យ និងអ្នកជំងឺ ពោលត្រូវចាត់ទុកអ្នកជំងឺ ដូចជាបងប្អូនជាគ្រួសារ មានន័យថា គាត់ជាសះស្បើយ យើងសប្បាយរីករាយជាមួយគាត់ បើគាត់ឈឺធ្ងន់ធ្ងរ យើងក៏ពិបាកចិត្ដជាមួយគាត់។
លោក ចាយ បូរិន ក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់អាជ្ញាធរស្រុក-ឃុំ-ភូមិ គ្រូពេទ្យស្ម័គ្រចិត្ត លោកគ្រូអ្នកគ្រូពេទ្យ មន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ ដែលខិតខំបំពេញការងារសុខាភិបាលយ៉ាងសស្រាក់សស្រាំនាពេលកន្លងមក ក៏ដូចជាត្រូវបន្តការងារផ្ដល់សេវាសាធារណៈ ជូនដល់ប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ ពិសេសបន្តរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដើម្បីកុំឲ្យជំងឺនេះ មានការឆ្លងដល់សហគមន៍៕