(កណ្ដាល)៖ ជាថ្មីម្ដងទៀត លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស បានពន្យល់អំពីការវិវឌ្ឍន៍ថ្មីៗ នៃលទ្ធផលសិក្សាស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ដ្រ ពាក់ព័ន្ធការបំប្លែងខ្លួនថ្មីនៃជំងឺកូវីដ១៩ ប្រភេទអូមីក្រុង ដែលឆ្លងលឿនទីម្នាក់ទៅម្នាក់។
ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ក្នុងឱកាសអញ្ជើញពិនិត្យដំណើរការចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញ ឬដូសទី៣ នៅខេត្តកណ្ដាល នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ លោកស្រី ឱ វណ្ណឌីន បានពន្យល់ថា មូលហេតុដោយសារតែវីរុសប្រភេទអូមីក្រុង ឆ្លងលឿនពីម្នាក់ទៅម្នាក់ ដោយសារតែប្រភេទនេះ នៅពេលចូលក្នុងសារពាង្គកាយមនុស្ស គឺនៅទើរត្រឹមបំពង់ក និងច្រមុះ មិនធ្លាក់ចូលទៅក្នុងសួត ដូចប្រភេទផ្សេងនោះទេ។
មន្ដ្រីជំនាញសុខាភិបាលកម្ពុជារូបនេះ បានអះអាងទៀតថា កត្តាទីតាំងនេះហើយបានជាធ្វើឲ្យប្រភេទអូមីក្រុង ឆ្លងលឿនពីម្នាក់ទៅម្នាក់ ប្រសិនបើបុគ្គលមិនបានអនុវត្តវិធានការសុខាភិបាលបានត្រឹមត្រូវ ដូចជាការពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាពជាដើម។
បើតាមលោកស្រី ឱ វណ្ណឌីន ចាប់តាំងពីរកឃើញប្រភេទអូមីក្រុង ដំបូងនៅទ្វីបអាហ្វ្រិក រហូតមកដល់ពេលនេះ គឺមានរយៈពេលមួយខែហើយ និងបានឆ្លងរីករាលដាលបន្ដទៅប្រទេសផ្សេងៗ សរុបប្រមាណជាង១០០ប្រទេស ក្នុងនោះមានទាំងកម្ពុជាផងដែរ ដែលជាករណីនាំចូល។ សម្រាប់កម្ពុជា លោកស្រីអះអាងថា អ្នកដែលបានឆ្លងនោះ ស្ថានភាពមិនធ្ងន់ធ្ងរនោះទេ។
យ៉ាងណាមិញ លោកស្រី ឱ វណ្ណឌីន ក្នុងនាមជាប្រធានគណៈការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ និងតាមដានយ៉ាងយកចិត្តទុកដាក់នូវការវិឌ្ឍន៍ថ្មី នៃជំងឺកូវីដ១៩ ប្រភេទអូមីក្រុង បានអះអាងថា ក្នុងការបំប្លែងខ្លួនទាំងអស់ យើងសុទ្ធតែអាចការពារបាន តាមរយៈការអនុវត្តនូវវិធានសុខាភិបាល ពិសេសវិធាន «៣ការពារ និង៣កុំ» បូកជាមួយការចាក់វ៉ាក់សាំងបានត្រឹមត្រូវជាដើម។
សូមស្ដាប់ការពន្យល់របស់លោកស្រី ឱ វណ្ណឌីន ដែលមានទាំងស្រុងនៅខាងក្រោមនេះ៖