(ព្រៃវែង)៖ ប្រជាកសិករដែលប្រកបរបរធ្វើស្រែចំការរស់នៅតាមបណ្តោយផ្លូវ ឆ្ពោះទៅកាន់ច្រកព្រំដែនកោះរកា បានត្អូញត្អែរថា សមត្ថកិច្ចវៀតណាម បានបិទច្រកព្រំដែនកោះរកាដែលធ្វើឲ្យពួកគាត់ ជាប្រជាកសិករធ្វើស្រែចំការមានការលំបាកជាខ្លាំង ពីព្រោះពេលដល់រដូវច្រូតកាត់ប្រមូលផលមិនដឹងយកទៅលក់នៅឯណានោះទេ។
ប្រជាពលរដ្ឋស្រុកពាមជរ បានសំណូមពរដល់អាជ្ញាធរស្រុក សូមឲ្យជួយដោះស្រាយជាមួយភាគីវៀតណាម ឲ្យបើកច្រកព្រំដែនកោះរកាឡើងវិញ ដើម្បីពួកគាត់បានដឹកកសិផលស្រូវយកទៅលក់នៅប្រទេសវៀតណាមដូចដើមវិញ។
លោក ជួន សុភ័ណ្ឌ ប្រជាកសិករប្រកបមុខរបរធ្វើស្រែចំការរស់នៅភូមិមេសុត ឃុំកោះរកា ស្រុកពាមជរ បានឲ្យដឹងថា ចាប់តាំងពីភាគីវៀតណាមបិទច្រកព្រំដែនកោះរកាមក ពួកគាត់មានការបារម្ភជាខ្លាំង ពីព្រោះថាជីឡើងថ្លៃ ថ្នាំក៏ឡើងថ្លៃ ពួកគាត់ទិញពីខាងភាគីវៀតណាមទាំងអស់ ចំណែកស្រូវដែលពួកគាត់ធ្វើបាន យកទៅលក់ឲ្យខាងភាគីវៀតណាមមានតម្លៃថោក បច្ចុប្បន្ននេះពួកគាត់មិនទាន់ដឹងតម្លៃពីឈ្មួញខាងភាគីវៀតណាមទេ កន្លងមកឈ្មួញខាងភាគីវៀតណាម ឲ្យតម្លៃ៨០០រៀលក្នុងគីឡូក្រាម ហើយគាត់ធ្វើស្រែពេញមួយឆ្នាំពេលខ្លះរួចតែខ្លួន បើចំណេញគឺចំណេញតិចតួចបំផុត តម្លៃស្រូវ គឺស្ថិតនៅតែលើបរបេមាត់ឈ្មួញប៉ុណ្ណោះ។
ការប្រកបរបរធ្វើស្រែចំការរបស់ពួកគាត់ ពេលទទួលផលយកទៅលក់គឺពឹងផ្អែកទៅលើច្រកព្រំដែនកោះរកា ពីព្រោះច្រកនេះនៅជិតផ្ទះ ងាយស្រួលក្នុងការដឹកជញ្ជូន ចំណាយសោហ៊ុយតិច។ ប្រសិនបើសមត្ថកិច្ចវៀតណាម មិនព្រមបើកច្រកព្រំដែនកោះរកាឡើងវិញទេ ដូច្នេះពួកគាត់ត្រូវបង្ខំចិត្តដឹកស្រូវទៅលក់នៅច្រកផ្សេង ហើយការចំណាយទៅលើសោហ៊ុយទៅលើថ្លៃដឹកជញ្ជូនក៏អស់ច្រើនតាមនោះដែរ ដូច្នេះធ្វើឲ្យពួកគាត់មានការលំបាក និងប៉ះពាល់ជីវភាពរបស់ពួកគាត់មួយកម្រិតទៀត។
ពាក់ព័ន្ធនឹងការស្នើសុំរបស់ប្រជាពលរដ្ឋនេះដែរ លោក សេង ធា អភិបាលស្រុកពាមជរ បានលើកឡើងថា ថ្នាក់ដឹកនាំ ច្រកព្រំដែនអន្តរជាតិកោះរកា កំពុងខ្នះខ្នែងយកចិត្តទុកដាក់ដោះស្រាយ ធ្វើការចរចាជាមួយថ្នាក់ដឹកនាំ ខេត្តប្រទេសវៀតណាម តែមិនទាន់ទទួលបានលទ្ធផលនៅឡើយទេ ពីមុនយើងបានធ្វើការចរចារគ្នានៅព្រំដែន រវាងអភិបាលខេត្តទាំងពីរ គឺអភិបាលខេត្តព្រៃវែង និងអភិបាលខេត្តដុនថាប់ ដូចថាចាំឆ្នាំ២០២២ ហើយព័ត៌មាននេះមិនទាន់បានទទួលលទ្ធផលវិញទេ គឺរង់ចាំគណកម្មការយើងចរចារគ្នាទៀត។
លោកបន្ដថា នៅក្នុងកំឡុងពេលនេះដែរ ខាងភាគីវៀតណាមផ្ទុះកូវីដ-១៩ខ្លាំង គឺខាងវៀតណាមមិនទាន់អនុញាតិឲ្យនាំស្រូវអង្ករចូលទេ បើចូលបាន គឺចូលបានតិចតួចមិនទាន់ហ៊ានឲ្យទៅច្រើនទេ ព្រោះខ្លាចមានបញ្ហា។
ទោះជាយ៉ាងនេះក្តី ប្រជាកសិករក៏បានធ្វើការសំណូលពរ សូមឲ្យអាជ្ញាធរពាក់ព័ន្ធខេត្តទាំងពីរ (ខេត្តព្រៃវែង និងខេត្តដុនថាប់) សូមជួយពន្លឿនធ្វើការដោះស្រាយឲ្យបានឆាប់រហ័ស និងបានបើកច្រកព្រំដែនកោះរកាឡើងវិញ ពីព្រោះស្រូវអង្កររបស់ពួកគាត់ក៏ជិតដល់ពេលច្រូតកាត់ប្រមូលផលនៅពេលខាងមុខនេះដែរ៕