(តាកែវ)៖ វិស័យឯកជន បានក្រើនរំលឹកបន្ថែមទៀតទៅដល់ប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ចំពោះជំងឺកូវីដ១៩ ដែលបានបំលែងខ្លួនថ្មី ប្រភេទអូមីក្រុង ពិសេសចូលរួមអនុវត្តទាំងអស់នូវវិធានការ របស់ក្រសួងសុខាភិបាល និងអនុវត្តតាមអនុសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ៣កុំនិង៣ការពារ ផងដែរ។
ថ្លែងនៅក្នុងឱកាសជួបសំណេះសំណាលសាកសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចំនួន២៥គ្រួសារ មកពីភូមិចំនួន០៥ ស្ថិតក្នុងឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ នាព្រឹកថ្ងៃសៅរ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២១ លោក ណុប សុផាត អគ្គនាយកក្រុមហ៊ុនដូនកែវអ៉ិនវេស្មិន បានបន្តទៀតថា មេរោគបំលែងខ្លួនថ្មី ប្រភេទអូមីក្រុងនេះងាយឆ្លងលឿនណាស់ និងកំពុងតែឆ្លងរាលដាលនៅប្រទេសមួយចំនួនលើពិភពលោក ហើយពិសេសបច្ចុប្បន្ននេះប្រទេសរបស់យើងក៏បានប្រកាសរកឃើញមានករណីឆ្លងចំនួន ៨ករណីផងដែរ។
លោកអគ្គនាយកក្រុមហ៊ុនដូនកែវអ៉ិនវេសស្មិន បានបន្ថែមថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត តែងតែបានគិតគូពីសុខទុក្ខប្រជាពលរដ្ឋគ្រប់កាលៈទេសៈទាំងអស់ ដោយបានប្រមូលទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃដើម្បីជាយន្តការការពារប្រជាពលរដ្ឋពីការឆ្លងនៃជំងឺកូវីដ១៩ នេះ។
លោក ណុប សុផាត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលមិនទាន់បានមកចាក់វ៉ាក់សាំងទាំងលើកទី១ ទី២ និងលើកទី៣ (ដែលជាដូសជំរុញ) ទទួលការចាក់វ់ាក់សាំងការពារទាំងអស់គ្នា។
អំណោយដែលចែកជូនប្រជាពលរដ្ឋដែលខ្វះខាតចំនួន២៥គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករចំនួន២០គីឡូក្រាម ម៉ាស់ចំនួន០១ប្រអប់ និងគ្រឿងឧបភោគបរិភោគមួយចំនួន៕