(សេអ៊ូល)៖ រថភ្លើងដឹកអ្នកដំណើរមួយខ្សែរបស់ប្រទេសកូរ៉េខាងត្បូង បានរអិលធ្លាក់ចេញពីផ្លូវ ពេលកំពុងធ្វើដំណើរនៅក្បែរ ទីក្រុង Yeosu ភាគខាងត្បូងប្រទេស ដែលបានបណ្តាលឲ្យវិស្វករ ជំនាញម្នាក់ស្លាប់ និង ០៨នាក់ទៀតរងរបួស។ នេះបើតាមការចេញផ្សាយមុននេះបន្តិច របស់សារព័ត៌មាន Channel News Asia នាព្រឹកថ្ងៃសុក្រ ទី២២ ខែមេសា ឆ្នាំ២០១៦។
រថភ្លើងខាងលើនេះ មានទូរដាក់អ្នកដំណើរចំនួន ០៧ បានធ្លាក់ចេញពីផ្លូវនៅត្រង់ចំណុចផ្លូវ រថភ្លើងដែលគេកំពុងតែជួសជុល នៅក្បែរស្ថានីយ៍ Yulchon ចម្ងាយ ៣៥០គីឡូម៉ែត្រ នៃភាគខាងត្បូង ទីក្រុងសេអ៊ូល។ យ៉ាងណាក៏ដោយ នៅលើរថភ្លើងនោះមានតែមនុស្ស ២៧នាក់ប៉ុណ្ណោះ ដែលបានធ្វើដំណើរទាំង ពេលទៀបភ្លឺ ហើយពេលគ្រោះថ្នាក់នោះគឺម៉ោង ៣៖៤០នាទី៕