(ភ្នំពេញ)៖ នៅក្នុងពិធីបុណ្យណូអ៊ែល - Christmas ជាពិធីបុណ្យប្រពៃណីដ៏ធំមួយរបស់បណ្ដាប្រទេសអ្នកកាន់សាសនាគ្រឹស្ត ដែលតែងតែប្រារព្វជារៀងរាល់ឆ្នាំនៅថ្ងៃទី ២៥ ខែធ្នូ ដោយមានការតុបតែងលម្អដើមឈើណូអ៊ែល- Christmas tree នៅតាមទីសាធារណ:សហគ្រាសផ្សារ ហាងលក់ទំនិញ និងតាមគេហដ្ឋានប្រកបដោយពន្លឺភ្លើងពណ៌យ៉ាងស្រស់បំព្រងគួរជាទីគយគន់និងសប្បាយរីករាយ។
តើការតុបតែងលម្អដើម ឈើណូអ៊ែល Christmas tree មានន័យយ៉ាងណា?
អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងថាចំពោះពិធីបុណ្យណូអ៊ែល -Chrismast ដែលជាពិធីបុណ្យដ៏ធំមួយរបស់បណ្ដាប្រទេសអ្នកកាន់សាសនាគ្រឹស្ដ ដែលតែងតែប្រារព្វនៅថ្ងៃទី២៥ ខែធ្នូ ដើម្បីរំឭកទៅដល់ថ្ងៃព្រះយេស៊ូប្រសូត ហើយមានការតុបតែងលម្អដើមឈើណូអ៊ែល ភាសាអង់គ្លេសហៅថា Christmas tree ភាសាបារំាងហៅថា Sapin de Noel ភាសាអ៉ីតាលីហៅថា បាបបូណាតាលេ Babbo Natale ជាដើម គឺដើម្បីរំឭកទៅដល់ Santa Claus ដោយរចនាពន្លឺភ្លើងពណ៌គួរជាទីគយគន់និងមានក្តីសោមនស្សរីករាយដូចយើងបានឃើញនេះគឺមិនខុសពីប្រពៃណីបុណ្យចូលឆ្នំាចិន ដែលមានការតុបតែងលម្អដើមអង្គាសីលនោះទេ ។
ដោយគ្រាន់តែខុសគ្នាចំពោះការតុបតែងលម្អដើមអង្គាសីល ក្នុងប្រពៃណីបុណ្យចូលឆ្នំាចិន មានតំាងពីរាប់ពាន់ឆ្នំាមកហើយ រីឯការតុបតែងលម្អដើមឈើណូអ៊ែល ដើម្បីរំឭកទៅដល់ Santa Claus ដែលគេពិព័ណ៌នាអំពីបុរសរាងចំណាស់ម្នាក់មានពុកមាត់ពុកចង្កា សស្រមូមដុះពោះ ស្លៀកពាក់ខោអាវពណ៌ក្រហមដែលបច្ចុប្បន្នគេមានជំនឿស្រដៀងទៅនឹងបិតា Christmas ជិះគាវទឹកកកអូសដោយសត្វរមំាងសើច ហូ ហូ ហូ នាំអំណោយជាស្ករគ្រាប់ឬកាដូសម្ភារ:ផ្សេងៗ ចុះតាមបំពង់ផែ្សងទៅចែកឲ្យមនុស្សម្នា ឬកេ្មងៗតាមផ្ទះដែលបានប្រព្រឹត្តនូវអំពើល្អនោះ គឺមានប្រជាប្រិយភាពនៅសតវត្សទី ១៩ និងបានក្លាយជាប្រពៃណីបុណ្យណូអ៊ែលចូលឆ្នាំថ្មី ប្រមាណ២០០ឆ្នំាមកនេះតែប៉ុណ្ណោះ ពីព្រោះពិធីបុណ្យណូអ៊ែល ក្នុងជំនឿសាសនាគ្រឹស្ត ពីមុនមិនមានការចែកជាអំណោយនោះទេ។
បានន័យថាចំពោះការតុបតែងលម្អដើមឈើណូអ៊ែល-Christmas tree មានពណ៌បៃតងចាស់ ដើម្បីរំឭកទៅដល់ Santa Claus ស្លៀកខោអាវក្រហម ស្ពាយ ថង់ អំណោយ ធំ ជាប់ ខ្លួនដើម្បីចែកឲ្យមនុស្សម្នាឬក្មេងៗនេះ គឺក្នុងន័យនំាសំណាងល្អបន្ទាប់ពីឆ្នំាចាស់ផ្លាស់ឆ្នំាថ្មីនារដូវរងា ឬរដូវធ្លាក់ទឹកកក និងរដូវផ្ការីក ក៏ខិតជិតមកដល់ហើយផងដែរ។
លោក រត្ន័ សណ្ដាប់ បន្ដថាបើពិពណ៌នា Santa Clausនេះទៀតសោត គឺមានសាវតារចេញពីចក្រភពអង់គ្លេសនៅសតវត្សទី១៩ ហើយបានរីកសាយភាយទៅអ៉ឺរ៉ុប និងអាមេរិក ដោយបានដំណាលថានៅរៀងរាល់យប់ទី២៤ រំលងអធ្រាត្រចូលថ្ងៃទី២៥ Santa Claus បានជិះគាវទឹកកកដឹកអំណោយឬកាដូ យកទៅចែកឲ្យមនុស្សម្នាឬកូនកេ្មង ដែលបានប្រព្រឹត្តនូវអំពើល្អ មិនខ្ជិលច្រអូសហើយដែលបានសរសេរសំបុត្រសូមអំណោយពីគាត់រួចដុតតាមបំពង់ផ្សែងក្នុងផ្ទះ។ ហើយគាត់ ចុះតាមបំពង់ផែ្សងដោយយកកាដូ ទៅដាក់នៅក្រោមដើមឈើណូអ៊ែលតាមផ្ទះក្នុងគ្រួសារនីមួយៗ ឬគាត់ទម្លាក់កាក់មាសខ្លះៗ ចុះតាមបំពង់ផ្សែងហើយកាក់ទាំងនោះ នឹងធ្លាក់កប់បាត់នៅក្នុងផេះបើមិនមានស្រោមជើងចាំត្រងទេនោះ។
ទន្ទឹមនឹងនេះគេបានដំណាលទៀតថា បើនរណាមិនបានចែកកាដូរ ឬជាអំណោយទេនោះគឺគេតែងប្រដូចអ្នកនោះទៅនឹងមហាសេដ្ឋីកំណាញ់ស្វិត ហើយត្រូវបានខ្មោចលងស្ទើរស្លាប់ស្ទើររស់។ នេះមានន័យថាចំពោះការតុបតែងលម្អដើមឈើណូអ៊ែល Christmas tree ដើម្បីរំឭកទៅដល់អំពើល្អរបស់ Santa Claus នេះ គឺជាការសំដៅឲ្យមនុស្សម្នាត្រូវចេះធ្វើនូវអំពើល្អនិងចេះចែករំលែកគ្នាហ្នឹងងង គឺមិនខុសពីប្រពៃណីខ្មែរវប្បធម៌ចែករំលែកឬការជួយយកអាសាគ្នានោះទេ។
លោក រត្ន័ សណ្ដាប់ បញ្ជាក់ថាដូច្នេះចំពោះការតុបតែងលម្អដើម ឈើណូអ៊ែល- Christmas tree ដើម្បីរំឭកទៅដល់Santa Claus មានអត្ថន័យដូចតទៅ៖
* កម្រងផ្កាស្លឹកឈើចងភ្ជាប់ខ្សែបូពណ៌ក្រហម និងមានភ្ជាប់កណ្តឺងផងនោះ គឺបង្ហាញពីភាពអំណរលើជំនឿនៃកំណើតព្រះយេស៊ូឬតំណក់ឈាមរបស់ព្រះយេស៊ូនៅលើ ឈើឆ្កាងក៏ដូចជានិមិត្តរូបដល់ម្កុដបន្លា ដែលពួកទាហានរ៉ូម៉ាំងបានដាក់នៅលើក្បាលរបស់ព្រះអង្គដោយបណ្ដេញ នូវអំពើបាបពីឆ្នំាចាស់ចេញឲ្យឆ្ងាយកុំឲ្យឆ្លងចូលឆ្នាំថ្មី។
* ស្លឹកឈើបៃតងស្រងាត់ គឺជានិមិត្តសញ្ញានៃជីវិតក្នុងក្ដីស្រទ្បាញ់។
* រូបកណ្ដឹងបន្លឺឡើងកណ្តាលអាធ្រាត្រ គឺដើម្បីអបអរថ្ងៃកំណើតរបស់ព្រះយេស៊ូបំបាត់ភាពខ្មៅងងឹត និងនំាមកនូវសេរីមង្គល។
* ផ្កាយពណ៌មាស គឺជាអារម្មណ៍ពិសេសរបស់ព្រះយេស៊ូមាននៅលើភពផែនដីនេះ ដោយគ្មានជញ្ជាំងអ្វីដែលរារាំងផ្ទៃផែនដី។
* ផ្លែប៉ោមមានតុបតែងពន្លឺភ្លឺផ្លេកៗ គឺជានិមិត្ដរូបដើមឈើនៃជីវិតនៅស្ថានសួគិ៍។
* ស្រោមជើង គឺជានិមិត្ដរូបឲ្យមនុស្សម្នា ឬក្មេងៗត្រូវពាក់ស្រោមជើង ឬខោអាវរងាក្នុងរដូវរងា ឬរដូវធ្លាក់ទឹកកកនេះដើម្បីការពារជំងឺផ្សេងៗ ដោយជាយថាហេតុ៕