(ភ្នំពេញ)៖ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦នេះ សមាគមការពារសិទ្ធិមនុស្ស អាដហុក បានសម្រេចជាផ្លូវការ ដកការជួយឧបត្ថម្ភមេធាវី ដែលធ្លាប់ការពារចំពោះកញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលកន្លងមកសមាគមមួយនេះ បានចេញមុខធ្វើការយ៉ាងសស្រាក់សស្រាំ ក្នុងកិច្ចការការពារឲ្យកូនក្តីឈ្មោះ ស្រីមុំ ដែលមានទំនាក់ទំនងស្នេហាជាមួយលោក កឹម សុខា។
គេបានដឹងថា កន្លងមក ខណៈពេលដែល កញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវស្នេហាជាមួយ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ តាមរយៈការបែកធ្លាយខ្សែអាត់សំឡេងឆ្លើយឆ្លងគ្នា បង្ហាញពីទង្វើបោកប្រាស់ និងអសីលធម៌របស់លោក កឹម សុខា និងមានបណ្តឹងពីកញ្ញា ធី សុវណ្ណថា ប្តឹងស្វែងរកការពិត និងយុត្តិធម៌ជុំវិញខ្សែអាត់សំឡេង ដែលបាននិយាយបរិហារកេរ្តិ៍នាង ត្រូវបានសមាគមការពារសិទ្ធិមនុស្សអាដហុក បានចេញមុខមកផ្តល់មេធាវីមួយរូប គឺលោកស្រី ទ្រី ឈួន ដើម្បីការពារកូនក្តី គឺកញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ។
ចាប់តាំងពីពេលដែលសមត្ថកិច្ចក្រសួងមហាផ្ទៃបានកោះហៅសួរនាំកញ្ញាស្រីមុំ នៅនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែនមកម៉្លេះ ដើម្បីបញ្ជាក់ស្វែងរកការពិតអំពីខ្សែអាត់សំឡេងឆ្លើយឆ្លងគ្នារវាងកញ្ញា និយាយជាមួយបុរសម្នាក់ ដែលគេសង្ស័យថា ជាលោក កឹម សុខា គឺលោកស្រីមេធាវី ទ្រី ឈួន បានបង្ហាញវត្តមានការពាររឿងក្តីនោះជាប់រហូតមក និងបានចាត់ទុកកញ្ញា ស្រីមុំ គឺជាជនរងគ្រោះម្នាក់ដែលត្រូវតែការពារជាចាំបាច់បំផុត។
កញ្ញា ស្រីមុំ ដោយទទួលរងការគំរាម និងហាមប្រាមពីលោក កឹម សុខា ដើម្បីឲ្យជួយលាក់បាំងខ្សែអាត់សំឡេងនោះ និងម៉្យាងនាងជានារីទន់ខ្សោយផងនោះ កញ្ញា ស្រីមុំ បានប្រកែកថា នោះមិនមែនជាសំឡេងរបស់នាងឡើយ គឺក្នុងគោលបំណងដើម្បីការពារ លោក កឹម សុខា ហើយគេក៏បានឃើញថា សមាគមការពារសិទ្ធិមនុស្សអាដហុក បានផ្តល់មេធាវីឲ្យស្រីមុំ ជាបន្ទាន់បំផុត។
សំណួរដែលត្រូវចោទសួរនៅពេលនេះ គេឆ្ងល់ថា «ខណៈជនរងគ្រោះការពារលោក កឹម សុខា សមាគមអាដហុក បានជួយផ្តល់មេធាវីដល់ស្រីមុំភ្លាម ប៉ុន្តែនៅពេលដែលស្រីមំព ជាជនរងគ្រោះបានសារភាពថា នាងពិតជាធ្លាប់បានទៅដេកជាមួយលោក កឹម សុខា នៅក្រៅប្រទេស និងអះអាងថា សំឡេងសន្ទនានោះ ជាសំឡេងពិតប្រាកដរបស់លោក កឹម សុខា បែរជាសមាគមអាដហុក ប្រកាសដកមេធាវី»។ តើសមាគមអាដហុក ធ្វើសកម្មភាពដើម្បីស្វែងរកយុត្តិធម៌ឲ្យស្រីមុំជាជនរងគ្រោះ ឭក៏ដើម្បីការពារលោក កឹម សុខា ដែលកំពុងស្ថិតក្នុងការសង្ស័យថា ជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តិបទល្មើសមួយចំនួននោះ? មតិជាច្រើនបានងឿងឆ្ងល់ថា ចុះបើសមាគមអាដហុក ផ្តល់មេធាវីការពារស្រីមុំ ហេតុដូចម្តេច មិនការពាររហូតដល់ទីបញ្ចប់ទៅ?
កន្លងមកក៏ធ្លាប់មានអង្គការសមាគមខ្លះ ក៏បានធ្វើសកម្មភាពស្ថិតនៅក្នុងភាពសង្ស័យមួយចំនួនផងដែរ ខណៈដែលគេបានដឹងថា សមាគមមួយចំនួននោះ បានចេញមុខការពារកូនក្តីដែលជាជនល្មើស ឬជាមនុស្សខិលខូច ប៉ុន្តែនៅពេលដែលកូនក្តី ដែលជាជនសង្ស័យនោះ ក្លាយទៅជាជនរងគ្រោះវិញ គឺបែរជាសមាគម និងអង្គការទាំងនោះប្រកាសដកមេធាវី បញ្ឈប់ការពារជាបន្ទាន់។ អ៊ីចឹង ដូចគ្នានេះដែរ ការសម្រេចចិត្តដកការជួយឧបត្ថម្ភមេធាវី ចំពោះស្រីមុំ គឺបានបង្ហាញឲ្យឃើញយ៉ាងច្បាស់ថា សមាគមការពារសិទ្ធិមនុស្សអាដហុក គឺការពារតែជនខិលខូច និងជនប្រព្រឹត្តបទល្មើស បំពានច្បាប់តែប៉ុណ្ណោះ។
ក្រុមអ្នកច្បាប់មួយចំនួន បានឲ្យដឹងថា ការប្រកាសដកការជួយឧបត្ថម្ភមេធាវីចំពោះកញ្ញា ស្រីមុំ គឺជាការរំលោភសិទ្ធិកូនក្តី ដែលសមាគមការពារសិទ្ធិមនុស្សអាដហុក គ្មានសិទ្ធិធ្វើបែបនោះបានទេ គឺមានតែកូនក្តីតែប៉ុណ្ណោះ ទើបមានសិទ្ធិឈប់យកមេធាវីណាមួយនោះ ។
អ្នកច្បាប់បានចាត់ទុកទង្វើរបស់សមាគមអាដហុក ថាក៏ជាការរំលោភទាំងកំរោលទៅលើសិទ្ធិ និងវិជ្ជាជីវៈឯករាជ្យរបស់មេធាវីផងដែរ ពីព្រោះមេធាវី មានគោលការណ៍ឯករាជ្យភាពរបស់ខ្លួន យ៉ាងច្បាស់លាស់។
គេក៏បានដឹងដែរថា មានអង្គការ សមាគមការពារសិទ្ធិមនុស្សមួយចំនួន ដែលមានគោលបំណងជួយការពារលោក កឹម សុខា ដែលជាមេដឹកនាំរបស់គណបក្សប្រឆាំង ក៏បាននិងកំពុងប្រឹងប្រែងយ៉ាងខ្លាំងក្លាបំផុត ក្នុងការរៀបចំឯកសារ និងកិច្ចអន្តរាគមន៍នានាធ្វើយ៉ាងណាដើម្បីជម្លៀសស្រីមុំ ឲ្យបានទៅរស់នៅប្រទេសទី៣ ហើយដែលមន្ត្រីជាន់ខ្ពស់ នៃសមត្ថកិច្ច បានបញ្ជាក់ថា ជាសកម្មភាពនៃការប៉ុនប៉ងបំបាត់សាក្សីដ៏សំខាន់បំផុត ក្នុងរឿងអាស្រូវនេះ ប៉ុន្តែ ផែនការនេះ ហាក់ដូចជាត្រូវបរាជ័យ បន្ទាប់ពីស្រីមុំ បានចេញមុខឆ្លើយសារភាពនៅចំពោះមុខតុលាការ ដោយបង្ហាញការពិតទាំងអស់ ក្រោយពេលដែលនាងបានផ្តល់សក្ខីកម្មក្លែងក្លាយមកនោះ។
ទោះជាយ៉ាងណាក៏ដោយ ការសម្រេចចិត្តដកការជួយឧបត្ថម្ភមេធាវីចំពោះស្រីមុំ ត្រូវបានប្រជាពលរដ្ឋទូទៅ ជាពិសេសក្រុមអ្នកច្បាប់ និងមេធាវីជាច្រើន រិះគន់ត្រង់ៗ ទៅសមាគមការពារសិទ្ធិមនុស្សអាដហុក ថាបានធ្វើការសម្រេចចិត្តរំលោភ ទៅលើវិជ្ជាជីវៈឯករាជ្យ របស់មេធាវីនិងថា សមាគមអាដហុកនេះ មិនមែនជាអង្គការចាត់តាំងឯករាជ្យ អព្យាក្រិត្យទេ ប៉ុន្តែ គឺជាសមាគម ដែលគាំទ្រ និងការពារតែគណបក្សប្រឆាំងតែប៉ុណ្ណោះ ពីព្រោះសមាគមការពារសិទ្ធិមនុស្សអាដហុក កន្លងមកនៅលើការជាក់ស្តែង បានចេញមុខការពារតែជនខិលខូច ដែលប្រព្រឹត្តបទល្មើស ហើយដែលក្នុងនោះភាគច្រើនមាននិន្នាការគាំទ្រគណបក្សប្រឆាំង ប៉ុន្តែផ្ទុយទៅវិញបែរជាបិទភ្នែក ធ្វើមិនដឹងមិនឮនៅលើគំនរទឹកភ្នែក របស់ជនរងគ្រោះពិតប្រាកដ ដែលជាជនស្លូតត្រង់ ហើយកំពុងតែទាមទាររកយុត្តិធម៌ តាមផ្លូវច្បាប់៕