(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តទាំងបួននៃតំបន់ឆ្នេរសមុទ្រកម្ពុជា ប្តេជ្ញាចិត្តក្នុងការបន្តជំរុញការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីស្តង់ដាប្រតិបត្តិអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់អាជីវកម្មទេសចរណ៍ ដើម្បីធានាដល់ការទទួលភ្ញៀវទេសចរប្រកបដោយសុវត្ថិភាព។
ការប្ដេជ្ញានេះធ្វើឡើងក្នុងកិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូស្តីពីការជំរុញការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីស្តង់ដាប្រតិបត្តិអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់អាជីវកម្មទេសចរណ៍ នារសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ ម្សិលម៉ិញនេះ លោក នី ផល្លី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងលោករដ្ឋមន្ត្រី ថោង ខុន និងមានការចូលរួមពីលោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ លោក ឃឹម ចន្ទឌី អភិបាលរងខេត្តកោះកុង លោកស្រី អ៊ុល ភីរុណ អភិបាលរងខេត្តកែប លោកស្រី យូ សុគន្ធ អភិបាលរងខេត្តកំពត ព្រមទាំងមន្ទីរទេសចរណ៍ រដ្ឋបាលក្រុង-ស្រុក និងមន្ទីរអង្គភាពជំនាញជុំវិញខេត្ត។
លោក នី ផល្លី បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News ឱ្យដឹងថា ក្រោយសេចក្តីរាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកំពត និងខេត្តកែប អំពីវឌ្ឍនភាពការងារនៃការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីស្តង់ដាប្រតិបត្តិអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់អាជីវកម្មទេសចរណ៍ អង្គប្រជុំបានពិភាក្សាផ្លាស់ប្តូរយោបល់ និងបទពិសោធន៍របស់ខេត្តនីមួយៗ ក្រោមកិច្ចដឹកនាំសម្របសម្រួលរបស់លោកអនុរដ្ឋលេខាធិការ។
លោកអនុរដ្ឋលេខាធិការបានបន្តថា «ស្របជាមួយគ្នានោះ រដ្ឋបាលខេត្តទាំងបួននៃតំបន់ឆ្នេរសមុទ្រកម្ពុជាបានប្តេជ្ញាចិត្តក្នុងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីស្តង់ដាប្រតិបត្តិអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់អាជីវកម្មទេសចរណ៍ ដើម្បីធានាដល់ការទទួលភ្ញៀវទេសចរប្រកបដោយសុវត្ថិភាព និងផ្តល់ទំនុកចិត្តក្នុងការទាក់ទាញទេសចរអន្តរជាតិ»។
អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍រូបនេះបានវាយតម្លៃខ្ពស់ដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តតំបន់ឆ្នេរទាំងបួន ដែលមានមន្ទីរ និងអង្គភាពជំនាញជាសេនាធិការ មានការយកចិត្តទុកដាក់ខ្ពស់ និងខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការផ្សព្វផ្សាយ អប់រំ និងជំរុញដល់មូលដ្ឋានអាជីវកម្មទេសចរណ៍ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនក្នុងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងស្តង់ដា (SOP) ឱ្យបានខ្ជាប់ខ្ជួន ក៏ដូចជាការត្រៀមខ្លួនរួចរាល់សម្រាប់ការគ្រប់គ្រងនិងទទួលទេសចរ ពិសេសនាឱកាសបុណ្យឆ្លងឆ្នាំសកល និងបុណ្យជាតិខាងមុខ។
ទន្ទឹមនេះ លោកអនុរដ្ឋលេខាធិការបានផ្តល់អនុសាសន៍បួនចំណុច៖
១៖ ស្នើដល់រដ្ឋបាលខេត្តតំបន់ឆ្នេរទាំងបួន បន្តជំរុញដល់មូលដ្ឋានអាជីវកម្ម ទាំងខ្នាតតូច មធ្យម និងខ្នាតធំ ព្រមទាំងរមណីយដ្ឋានទេសចរណ៍ទាំងអស់ បន្តអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងស្តង់ដា SOP ក៏ដូចវិធានសុខាភិបាលអោយបានជាប្រចាំ ដើម្បីចូលរួមទប់ស្កាត់និងគ្រប់គ្រងជំងឺកូវីដ១៩ ប្រកបដោយប្រសិទ្ធភាព និងការទទួលទេសចរប្រកបដោយសុវត្ថិភាព។
២៖ ស្នើបន្តពង្រឹងគុណភាពទេសចរណ៍ដោយបើកវគ្គបណ្តុះបណ្តាលបន្ថែមឱ្យបានច្រើនតាមរយៈ in house training ឬអនឡាញ ដើម្បីបង្កើនសមត្ថភាពធនធានមនុស្ស និងបុគ្គលិកបម្រើការក្នុងឧស្សាហកម្មទេសចរណ៍ សំដៅធានាដល់ការផ្តល់សេវាកម្មប្រកបដោយគុណភាពស្របតាមស្តង់ដាខ្ពស់។
៣៖ គិតគូរអំពីលទ្ធភាពក្នុងការបង្កើតយន្តការសម្របសម្រួល ឬយន្តការសន្ទនាពិគ្រោះយោបល់ជាប្រចាំមួយរវាងវិស័យឯកជន និងវិស័យសាធារណះក្នុងការគាំទ្រដល់ការអភិវឌ្ឍវិស័យទេសចរណ៍ក្នុងខេត្ត។
៤៖ ផ្តល់ឱកាសដល់សិស្សនិស្សិតចុះបំពេញកម្មសិក្សាស្រាវជ្រាវ និងការងារស្ម័គ្រក្នុងវិស័យទេសចរណ៍ តាមរយៈកិច្ចសហការជាមួយសកលវិទ្យាល័យ និងគ្រឹះស្ថានអប់រំនានា។
គួរជម្រាបថា កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសបើកប្រទេសដើម្បីទទួលទេសចរអន្តរជាតិឡើងវិញ ដោយសម្រួលលក្ខខណ្ឌជាច្រើននៃការធ្វើដំណើររបស់ភ្ញៀវទេសចរ ពិសេសគឺការមិនតម្រូវឱ្យធ្វើចត្តាឡីស័កចំពោះទេសចរដែលបានចាក់វ៉ាសាំងរួចរាល់៕