(ភ្នំពេញ)៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ឲ្យដឹងថា សម្តេចមិនបានបំភ្លេចគុណបំណាច់របស់គេនោះឡើយ លើកលែង តែជនទាំងនោះបំភ្លេច និងបោះបង់សម្តេចវិញ។ សម្តេច ហ៊ុន សែន មានប្រសាសន៍បែបនេះ ខណៈដែលសម្តេច ចូលរួមកិច្ចប្រជុំគណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦នេះ នៅវិមានសន្តិភាព។
ប្រមុខដឹកនាំកម្ពុជារូបនេះ បានមានប្រសាសន៍យ៉ាងដូច្នេះ «ខ្ញុំមិនបំភ្លេចគុណបំណាច់របស់គេនោះឡើយ លើកលែងតែជនទាំងនោះបំភ្លេចបោះបង់ខ្ញុំ។ ខ្ញុំពិត ជាសោកស្តាយ និងអភ័យទោសជាមួយនិងវិប្បដិសារី ចំពោះជនរូបណា ដែលខ្ញុំ បានថ្លោះធ្លោយ ដោយពុំបានជិតស្និត និងរួមដោះស្រាយជាមួយ។ ជាពិសេសសហការីការងារ កិច្ចការបរទេសរបស់ខ្ញុំដែលបានរួមការតស៊ូ នៅទសវត្ស៨០ ដែលខ្ញុំទើបតែរកឃើញ គឺលោក សៀង គឹមហ៊ុន»។
សម្តេចតេជោហ៊ុន សែនបានលើកឡើងបែបនេះ ក្រោយពេលដែលសម្តេច បានរកឃើញសហការីការងារ កិច្ចការបរទេសគឺលោក សៀង គឹមហ៊ុន ដែលបានបែកបាក់គ្នាងស់រយៈពេលជាច្រើនឆ្នាំកន្លងមក។ ទោះបីជា ពេលវេលាកន្លងយូរយ៉ាងណាក៏សម្តេច បានបញ្ជាក់ថា សម្តេច មិនដែលបំភ្លេចគុណបំណាច់របស់គេឡើយ គឺចង់ចាំជានិច្ច៕