(ភ្នំពេញ)៖ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦នេះ បានទទួលជួប សវនាការ និងអំណោយមនុស្សធម៌ពីរោងចក្រ ផលិតស្រាបៀរថៃហ្គ័រ (CAMBODIA BERVERY LIMITED) ដែលដឹកនាំដោយអគ្គនាយក ក្រុមហ៊ុន លោក រ៉ូឡេនដ៏ បាឡា ដែលប្រព្រឹត្ដទៅនៅការិយាល័យ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត នាទីស្នាក់ការកណ្តាលកាកបាទក្រហម កម្ពុជា។
ក្នុងជំនួបមនុស្សធម៌នោះ កាកបាទក្រហមទទួលនូវអំណោយមនុស្សធម៌ពីរោងចក្រ ផលិតស្រាបៀកម្ពុជា (ស្រាបៀរថៃហ្គ័រ) (CAMBODIA BERVERY LIMITED) នូវទឹកប្រាក់ចំនួន៥ម៉ឺនដុល្លារ ដែលនេះជាលើកទី០៥ផងដែរ សម្រាប់ជួយប្រជាជន ដែលជួបការលំបាកគ្រប់ រូបភាព គ្រោះមហន្តរាយនានា ជនពិការ ចាស់ជរា ស្ដ្រីមេម៉ាយ និងកុមារកំព្រាជាដើម។
សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត បានថ្លែងថា «ចំពោះអំណោយក្នុងថ្ងៃនេះ នឹងយើងទៅប្រើប្រាស់ ប្រកបដោយតម្លាភាព ជាពិសេសជួយដល់ ប្រជាជនដែលងាយរងគ្រោះ សំខាន់គឺនៅតាមខេត្ដ ដែលទទួលរងគ្រោះរាំងស្ងួត ខ្វះទឹកប្រើប្រាស់និងមានការជីកអណ្ដូង ជូនប្រជាពលរដ្ឋ ឲ្យបានគ្រប់គ្រាន់ រួមទាំងកង្វះខាតដទៃទៀត ដែលកាកបាទក្រហមបាននឹងកំពុងបន្ដជួយគ្រប់ពេលវេលា គ្រប់ទីកន្លែង»។
សម្ដេកិតិ្ដព្រឹទ្ធបណ្ឌិត បានថ្លែងអំណរគុណ ដល់រោងចក្រផលិតស្រាបៀកម្ពុជា (ស្រាបៀរថៃហ្គ័រ) (CAMBODIA BERVERY LIMITED) ដែលបានចូលរួមចំណែកក្នុងការជួយឧបត្ថម្ភទាំងថវិកា ទាំងសម្ភារៈផ្សេងកន្លងមក ដល់ប្រជាពលរដ្ឋកម្ពុជាដែលកំពុងខ្វះខាតនេះ ។
សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត បានថ្លែងបន្ដទៀតថា ពិសេសនៅថ្ងៃ៨ឧសភាខាមុខនេះ កាកបាទក្រហមកម្ពុជា នឹងប្រារពទិវា៨ឧសភា លើកទី១៥៣ ដើម្បីកៀរគរ មូលនិធិសម្រាប់ធ្វើសកម្មភាព មនុស្សធម៌ជួយប្រជាជនជួបការលំបាកគ្រប់រូបភាព គ្រោះមហន្តរាយធម្មជាតិ ផ្សេង ជនពិការ ចាស់ជរា ស្ដ្រីមេម៉ាយ ក្មេងកំព្រារ និងបញ្ហាជាច្រើនទៀតផងដែរ៕