(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦នេះ ក្រុមការងារអនុសាខា កាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ ដឹកនាំដោយ លោក ឌី រ័ត្នខេមរុណ ប្រធានគណៈកម្មាធិការអនុសាខា បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ទៅផ្តល់ជូនគ្រួសារស្ត្រីទើបសម្រាលកូនរួច និងជិតដល់ពេលសំរាលចំនួន៦គ្រួសារ នៅក្នុងមណ្ឌល សុខភាពចាក់អង្រែក្រោម ស្ថិតនៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ក្នុងឱកាសនោះ លោកប្រធានគណៈកម្មាធិការអនុសាខា បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេច កិត្តិព្រឹទ្ធបណ្ឌិតប្រធាន ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលសម្តេចតែងតែ គិតគូរពីសុខុមាលភាពរបស់ប្រជាពលរដ្ឋពិសេសស្ត្រី មានផ្ទៃពោះ និងស្ត្រីឆ្លងទន្លេរួចត្រូវចេះថែរក្សាសុខភាព ស្តាប់តាមការណែនាំរបស់គ្រូពេទ្យ ព្រមទាំងសូមឲ្យស្ត្រីទាំងអស់មកសម្រាលកូន នៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅក្បែរផ្ទះ ជៀសវាងការសម្រាលតាមបែបបុរាណ បន្តមកទៀតលោកប្រធានអនុសាខាខណ្ឌ ក៏បានឧបត្ថមអំណោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន និងថវិការចំនួន ៥ម៉ឺនរៀលជូនដល់លោកយាយចំនួន២នាក់ដែលជា អ្នកសំអាតនៅក្នុងមណ្ឌលសុខភាព ដែលមានជីវភាពខ្វះខាតផងដែរ ។
លោកប្រធានកាកបាទក្រហមខណ្ឌ ឌី រ័ត្នខេមរុណ បានបញ្ជាក់ថា អំណោយមនុស្សធម៌ដែលយកមកផ្តល់ជូនស្ត្រីសំរាលកូន៦គ្រួសារ និងអ្នកអនាម័យ ២នាក់ នាពេលនេះ ទទួលបានរួមមាន៖ អង្ករ៣០គីឡូក្រាម ឃីត១កញ្ចប់មាន (មុង១ ភួយ១ ក្រម៉ា១ សារ៉ុង១) មី១កេស ត្រីខ១យួរ និងថវិកា ៥ម៉ឺនរៀល៕