(ភ្នំពេញ)៖ សមាគមសិទ្ធិមនុស្សអាដហុក នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ បានប្រកាសឈប់ផ្តល់មេធាវីឱ្យ កញ្ញា ខុម ចាន់តារ៉ាទី ហៅ «ស្រីមុំ» ដែលពាក់ព័ន្ធនឹងរឿងអាស្រូវស្នេហា ជាមួយលោក កឹម សុខានោះទៀតហើយ។
ការប្រកាសឈប់ផ្តល់មេធាវីឱ្យ កញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំនេះ បានធ្វើឡើង៣ថ្ងៃ ប៉ុណ្ណោះ បន្ទាប់ទី កញ្ញា ខុម ចាន់តារ៉ាទី ចូលសារភាពការពិតនៅចំពោះមុខសាលាដំបូងរាជធានីភ្នំពេញថា នាងមានទំនាក់ទំនងស្នេហាជាមួយ លោក កឹម សុខា ហើយឈានដល់ ការដើរលេងជាមួយគ្នានៅប្រទេសថៃ។
នៅក្នុងសេចក្តីប្រកាសរបស់សមាគមអាដហុកដែល Fresh News ទើបទទួលបាននៅមុននេះ បានបញ្ជាក់ថា ការផ្តល់មេធាវី ពេលកន្លងមក ដោយសារតែខ្លួនសង្កេតឃើញថា ស្រីមុំ មានការខ្លាចខ្លាំង បន្ទាប់ពីមានការកោះហៅរបស់នាយកដ្ឋាន ប្រឆាំងភេរវកម្ម ចំនួន២លើក ប៉ុន្តែបន្ទាប់ពីស្រីមុំ បានចូលបំភ្លឺនៅតុលាការ កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦កន្លងទៅនេះ ខ្លួនបានឃើញថា ករណីកញ្ញា ស្រីមុំ គឺមិនមែនស្ថិតក្នុងស្ថានភាពគំរាមកំហែងធ្ងន់ធ្ងរ និងគួរឱ្យបារម្ភទៀតទេ។
សូមបញ្ជាក់ថា កញ្ញា ខុម ចាន់តារ៉ាទី នាពេលកន្លងមក បានបដិសេធនៅចំពោះមុខអ្នកសារព័ត៌មាន និងនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ថា សំឡេងក្នុងខ្សែអាត់ដែលបែកធ្លាយជាបន្តបន្ទាប់មក មិនមែនជារបស់នាងនោះទេ ហើយនាងថាមិនមានទំនាក់ទំនងស្នេហា ជាមួយលោក កឹម សុខា នោះទេ គឺនាងស្គាល់លោក កឹម សុខា ធម្មតាប៉ុណ្ណោះនៅពេល ដែលលោក កឹម សុខា នៅកាត់សក់នៅហាងដែលនាងបម្រើការ។
បន្ទាប់ពីមានការឆ្លើយបែបនេះ នាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន បានចោទស្រីមុំថា ផ្តល់សក្ខីកម្មក្លែងក្លាយ និងប្តឹងទៅតុលាការ។ រហូតដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦ ដោយមិនអាចបន្តលាក់បាំងបាន ស្រីមុំបានសារភាព នៅចំពោះមុខព្រះរាជអាជ្ញារង សៀង សុខ ដោយបញ្ជាក់ថា សំឡេងក្នុងខ្សែអាត់កន្លងមកនោះមានមួយចំនួនជារបស់នាង ហើយនាងមានទំនាក់ទំនងស្នេហាជាមួយ លោក កឹម សុខា រហូតដល់ឈានដល់ការទៅដេកជាមួយគ្នា នៅសណ្ឋាគារបាងកកប្រទេសថៃផងដែរ កាលពីដើមខែកុម្ភៈ។
ទោះជាយ៉ាងនេះក្តី Fresh News មិនអាចទំនាក់ទំនងទៅកញ្ញា ស្រីមុំ បាននៅឡើយទេ ខណៈដែលកន្លងមក នាងបានបដិសេធមិនធ្វើអត្ថាធិប្បាយបន្ទាប់ពីសារភាព នៅចំពោះមុខតុលាការ៕