(បាត់ដំបង)៖ ទាហានឈុតខ្មៅថៃ បានបាញ់រថយន្តរបស់ថៅកែថៃ ចំនួន៣គ្រឿង បណ្តាលឲ្យបែកកង់មួយគ្រឿង ខណៈដែលកំពុងដឹកពលករខ្មែរ ឆ្លងពីកម្ពុជាតាមច្រកដូង (ច្រកឡែម) ស្ថិតនៅស្រុករវៀង ខេត្តបាត់ដំបង ក្រោយពេលដែលខឹងហៅមិនឈប់ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅយប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦។
មន្រ្តីយោធាដែលយាមប្រចាំការ នៅច្រកទ្វារមួយនេះ បានប្រាប់ Fresh News ថា «យប់មិញ មានករណីទាហានឈុតខ្មៅថៃ បាញ់៥គ្រាប់ ទៅលើឡានដឹកពលករខ្មែរ ចូលដីថៃ៣គ្រឿង បណ្តាលឲ្យបែកកង់មួយគ្រឿង ហើយ២គ្រឿងទៀត បើករត់បាត់ ដោយសារតែទាហានទាំងនោះ ហៅឡានមិនឈប់»។
យ៉ាងណាក៏ដោយ មន្រ្តីយោធាខាងលើ បានឲ្យដឹងទៀតថា ក្រោយការសម្របសម្រួលគ្នារួចមក ក៏រថយន្តខាងលើត្រូវបានទាហានឈុតខ្មៅ អនុញ្ញាតឲ្យបន្តដំណើរទៅមុខទៀតទៅ។
ជាមួយគ្នានេះ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦ ពលករខ្មែរជាង១០០នាក់ ត្រូវបានអាជ្ញាធរថៃ ចាប់បញ្ជូនមកវិញតាមច្រកដូង ដោយមិនដឹងមូលហេតុពិតប្រាកដ ពីព្រោះកន្លងមក មិនមានការចាប់បញ្ជូនមកវិញនោះឡើយ គឺមានតែបញ្ជូនទៅ។
មន្រ្តីយោធារូបនេះ បានលួចបង្ហើបថា សម្រាប់ច្រកដូងមួយនេះ មន្រ្តីនគរបាលច្រក ហាក់មិនច្បាស់ការណ៌ទាល់តែសោះ សម្រាប់ការងារ លើការត្រួតពិនិត្យពលករខ្មែរ ចេញទៅប្រទេសថៃនេះ ហើយមួយរយៈចុងក្រោយនេះ មានការសម្រុកចូលដីថៃយ៉ាងខ្លាំង៕