(ប៉េកាំង)៖ ប្រទេសចិន កំពុងតែខិតទៅកាន់តែជិតនៃការកសាងរោងចក្រថាមពលនុយក្លេអ៊ែរក្នុង ដែនសមុទ្រចិនខាងត្បូង ដែលថ្ងៃណាមួយវានឹងត្រូវបានគេប្រើប្រាស់ដើម្បីអភិវឌ្ឍន៍គម្រោងនានា របស់ចិន នៅលើដែនសមុទ្រដែលកំពុងមានជម្លោះនោះ។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយសារព័ត៌មាន Channel News Asia នាព្រឹកថ្ងៃសុក្រ ទី២២ ខែមេសា ឆ្នាំ២០១៦។
ប្រទេសចិនកន្លងមក ត្រូវបានបណ្តាប្រទេសមួយចំនួននៅអាស៊ាន និងសហរដ្ឋអាមេរិកផងដែរ ធ្វើការរិះគន់ និង ចោទប្រកាន់ថា មហាអំណាចលេខ១ នៅអាស៊ីមួយនេះកំពុងតែកសាង មូលដ្ឋានយោធានៅសមុទ្រចិនខាងត្បូង រួមទាំងព្រលានយន្តហោះផងដែរ ក៏ប៉ុន្តែទីក្រុងប៉េកាំងបានបកស្រាយច្បាស់ៗតបទៅវិញ ថាវាជាការកសាងដើម្បីផលប្រយោជន៍របស់មនុស្សជាតិប៉ុណ្ណោះ ជាពិសេសគឺបង្គោលភ្លើងហ្វាបង្ហាញផ្លូវ។
គួរបញ្ជាក់ថារោងចក្រនុយក្លេអ៊ែរ ដែលចិនគ្រោងធ្វើការសាងសង់នោះ គឺជាប្រភេទរោងចក្រចល័តនៅលើផ្ទៃសមុទ្រ ដែលធ្វើការចែកចាយថាមពល ទៅគ្រប់ទីកន្លែងប្រកបដោយប្រសិទ្ធភាព។ ក្រុមហ៊ុន China Shipbuilding Industry Corp ដែលទទួលខុសសម្រាប់គម្រោងនេះបានអះអាងថា វាកំពុងដំណើរការទៅមុខហើយ ដែលការសិក្សាលម្អិតនឹងបញ្ចប់នៅឆ្នាំ ២០១៨៕